* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Fresh Exclusive: «យើងមិនបោះបង់ដី ហើយយើងមិនជ្រើសរើសសង្គ្រាម»៖ តេជោសែន ប្រាប់សារព័ត៌មានថៃ ឱ្យកែព័ត៌មានផ្សាយខុស (Video inside)

10-06-2026 17:06

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានអំពាវនាវឱ្យសារព័ត៌មានថៃ កែតម្រូវការផ្សាយព័ត៌មានខុស ដែលបានបកស្រាយថា កម្ពុជាជ្រើសរើសទាំងមធ្យោបាយយោធា និងសន្តិវិធី ក្នុងការដោះស្រាយបញ្ហាព្រំដែន។

ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងស្របពេលដែលសម្ពាធ និងក្តីបារម្ភអំពីការផ្ទុះសង្គ្រាមជុំទី៣ កំពុងកើនឡើង ខណៈខួបមួយឆ្នាំនៃការផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កាន់តែខិតជិតមកដល់។

Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅជុំវិញ បញ្ហានេះ៖

ក្នុងពេលដែលស្ថានការណ៍កម្ពុជា–ថៃ កំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយ និងអាចរងឥទ្ធិពលពីការបំពុលព័ត៌មានក្លែងក្លាយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញមកបញ្ជាក់ជាថ្មី និងទាមទារឱ្យសារព័ត៌មានថៃ កែតម្រូវការផ្សាយព័ត៌មានខុស ដែលបានបកស្រាយថា កម្ពុជា បានជ្រើសរើសទាំងមធ្យោបាយយោធា និងសន្តិវិធី ដើម្បីដណ្តើមយកទឹកដី ដែលថៃកំពុងគ្រប់គ្រងដោយខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា កម្ពុជា «មិនបោះបង់ដី ហើយក៏មិនជ្រើសរើសសង្គ្រាមដែរ»៖

«តើអ្នក ឯងមានចេតនាអ្វី ដែលនិយាយថាលោក ហ៊ុន សែន បានគួបផ្សំនូវវិធានការណ៍ទាំង ពីរ យោធានិងសន្តិវិធី? ខ្ញុំមិនបាន ឱ្យជ្រើសរើសនូវមធ្យោបាយយោធាទេ។»

ការចេញមកបញ្ជាក់របស់សម្តេចតេជោ នៅពេលនេះ កើតឡើងស្របពេលដែលទាំងកម្ពុជា និងថៃ កំពុងស្ថិតក្រោមសម្ពាធនៃក្តីបារម្ភថា អាចនឹងមានការផ្ទុះសង្គ្រាមជុំទី៣ សារជាថ្មី ខណៈនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ នឹងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានក្លាយជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

*មធ្យោបាយសន្តិវិធី ជាជម្រើសរបស់កម្ពុជា
ក្នុងប្រសាសន៍កាលពីថ្ងៃទី៩មិថុនា សម្តេចតេជោ បានពន្យល់ប្រាប់ពលរដ្ឋខ្មែរភៀសសឹកថា កម្ពុជា មានជម្រើសពីរ៖ ទីមួយការប្រើប្រាស់កម្លាំងយោធា និងទី២ ការចរចាដោយសន្តិវិធី ប៉ុន្តែសម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជ្រើសរើសមធ្យោបាយសន្តិវិធី។
នៅថ្ងៃទី១០មិថុនានេះទៀត សម្តេចតេជោ បានថ្លែងបញ្ជាក់បន្ថែមនូវមធ្យោបាយជ្រើស សន្តិវិធីដើម្បីដោះស្រាយបញ្ហាប្រឈមនឹងការទាមទារយកទឹកដីដែលប្រទេសថៃបានគ្រប់គ្រងដោយខុសច្បាប់៖

«មធ្យោបាយយោធា អាចអូសបន្លាយតជំនាន់មនុស្ស។ ប៉ុន្តែមធ្យោបាយសន្តិវិធីទេ ដែលអាច ដោះស្រាយទៅមានចិរភាព ហើយ ដែលអាចក្លាយជា«ប្លង់រឹង»សម្រាប់រយៈពេលវែង តពូជ តពង្ស តជំនាន់។»

នេះគឺជាចំណុចស្នូល និងសំខាន់បំផុតក្នុងសុន្ទរកថារបស់សម្តេចតេជោ ពោលគឺ កម្ពុជា ជ្រើសរើសដំណោះស្រាយដោយសន្តិវិធី មិនមែនការប្រើកម្លាំងនោះទេ។

ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានពន្យល់ទៅកាន់ប្រជាពលរដ្ឋថា ហេតុអ្វីកម្ពុជា មិនជ្រើសរើសការប្រើកម្លាំងយោធាដើម្បីដណ្តើមយកទឹកដីវិញ។ យ៉ាងហោចណាស់ មូលហេតុសំខាន់បី ត្រូវបានសម្តេចតេជោ លើកឡើង ដើម្បីបង្ហាញថា ការប្រើសង្គ្រាម មិនមែនជាផ្លូវដែលកម្ពុជា ត្រូវជ្រើសរើសក្នុងការដោះស្រាយបញ្ហាព្រំដែននោះទេ។

*មូលហេតុទី១៖ ផ្នែកនយោបាយ និងការទូត
សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើកម្ពុជា ជាអ្នកផ្ទុះអាវុធមុន នោះកម្ពុជា នឹងត្រូវគេចោទថា ជាអ្នកបង្កសង្គ្រាម និងជាអ្នករំលោភបទឈប់បាញ់។

សម្តេចបានថ្លែងថា បើសិនជាមានការផ្ទុះអាវុធ ការបាញ់គ្រាប់ទីមួយ អាចធ្វើឱ្យកម្ពុជាបាត់បង់ ជំនឿទុកចិត្តពីសហគមន៍អន្តរជាតិ និងបំផ្លាញអ្វីៗដែលកម្ពុជា បានខិតខំកសាងតាមផ្លូវការទូត និងច្បាប់អន្តរជាតិ។

និយាយម្យ៉ាងទៀត សម្តេចតេជោ ចង់បញ្ជាក់ថា ការឈ្នះសង្គ្រាមនៅលើសមរភូមិ មិនប្រាកដថាជាការឈ្នះផ្នែកនយោបាយ និងការទូតនោះទេ។

*មូលហេតុទី២៖ ផលវិបាកផ្នែកមនុស្សធម៌
សម្តេចតេជោ ក៏បានលើកឡើងអំពីតម្លៃបាត់បង់ដ៏ធ្ងន់ធ្ងរដោយសារកត្តាធ្វើសង្គ្រាមផងដែរ។

សង្គ្រាម មិនមែនមានតែការដណ្តើមទឹកដីនោះទេ ប៉ុន្តែមានសាកសព មានជនភៀសខ្លួន មានភូមិឆេះ កុមារបាត់បង់ការសិក្សា និងធ្វើឱ្យសេដ្ឋកិច្ចរងការខូចខាតខ្ទេចខ្ទាំថែមទៀត។

ក្តីព្រួយបារម្ភនេះ កាន់តែមានទម្ងន់ខ្លាំង ខណៈនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ នឹងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបង្កឱ្យមានការស្លាប់ របួស និងការជម្លៀសប្រជាពលរដ្ឋរាប់សែននាក់ចេញពីតំបន់ព្រំដែន។

*មូលហេតុទី៣៖ ការពិតផ្នែកយោធា
សម្តេចតេជោ ក៏បានទទួលស្គាល់ដោយត្រង់ផងដែរថា សង្គ្រាម មិនមែនជារឿងដែលអាចបញ្ចប់ដោយជ័យជម្នះឆាប់រហ័សនោះទេ។

សម្តេច បានពន្យល់ថា បើទោះបីជាវាយយកដីបាន ក៏មិនប្រាកដថា អាចរក្សាទុកបានជារៀងរហូតដែរ ព្រោះជម្លោះអាចបន្តវាយទៅវាយមក និងអូសបន្លាយគ្មានទីបញ្ចប់។

ត្រង់ចំណុចនេះ សម្តេចតេជោ កំពុងព្យាយាមបញ្ជូនសារមួយទៅកាន់សាធារណៈថា សង្គ្រាមមិនមែនជាដំណោះស្រាយចីរភាពនោះទេ ខណៈការចរចា និងច្បាប់អន្តរជាតិ ទើបអាចបង្កើត “ប្លង់រឹង” សម្រាប់សន្តិភាពរយៈពេលវែង។

*ផ្លូវលេខ៥៨ និងសំណួរទៅកាន់ថៃ
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងវិញ នូវការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចាន់វីរៈគល់ ដែលបានអះអាងថា ថៃមិនបានបំពានលើទឹកដីកម្ពុជានោះទេ។

ប៉ុន្តែត្រង់ចំណុចនេះ សម្តេចតេជោ បានចោទជាសំណួរតបវិញ ដោយលើកឡើងអំពីផ្លូវជាតិលេខ៥៨ ដែលស្ថិតនៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា និងត្រូវបានសាងសង់ដោយជំនួយរបស់ប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន ភាគីថៃកំពុងដាក់កុងតឺន័រ និងរបាំងនៅក្នុងតំបន់នោះ។

សម្តេចតេជោ បានសម្តែងការងឿងឆ្ងល់ថា ប្រសិនបើតំបន់នោះជាទឹកដីថៃពិតប្រាកដ ហេតុអ្វីបានជាក្នុងអំឡុងពេលដែលចិនចូលមកសាងសង់ផ្លូវសម្រាប់កម្ពុជា កាលពីកម្ពុជាទើបងើបចេញពីសង្គ្រាម ភាគីថៃមិនបានធ្វើការតវ៉ាអ្វីឡើយ។

សម្តេចតេជោ បានថ្លែងថា៖ «ហើយឥឡូវខ្ញុំចង់សួរទៅខាងថៃ តើផ្លូវលេខ៥៨នេះ ដែលចិនជាអ្នកកសាង ឥឡូវថៃកំពុងតែដាក់កុងតឺន័រ ដាក់ស្អីនៅទីនោះហ្នឹង។ សួមថា តើប្រទេសចិន ខ្វាក់ភ្នែកឬអ្វី បានជាមកធ្វើផ្លូវឱ្យកម្ពុជា នៅលើទឹកដីថៃទៅវិញ? ខ្ញុំចង់សួរត្រង់ចំណុចហ្នឹង?»

សំណួរនេះ មានន័យនយោបាយ និងការទូតខ្លាំង ព្រោះសម្តេចតេជោ កំពុងប្រើ “ភស្តុតាងជាក់ស្តែងលើដី” ដើម្បីប្រឆាំងនឹងការអះអាងថា តំបន់នោះជាទឹកដីរបស់ថៃ។

ក្នុងពេលជាមួយគ្នា សម្តេចតេជោ ក៏បានអំពាវនាវឱ្យភាគីថៃ បន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបន្តការវាស់វែងព្រំដែនតាមយន្តការ JBC (គណៈកម្មការចម្រុះព្រំដែន) ដែលជាយន្តការដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាទទួលយក តាមរយៈកិច្ចព្រមព្រៀងផ្លូវការរវាងកម្ពុជា និងថៃ។

សេចក្តីសន្និដ្ឋាន៖
សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាការកែតម្រូវព័ត៌មានដែលសារព័ត៌មានថៃបានផ្សាយខុសប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជូនសារនយោបាយដ៏ច្បាស់លាស់មួយទៅកាន់ទាំងប្រជាពលរដ្ឋកម្ពុជា ប្រទេសថៃ និងសហគមន៍អន្តរជាតិថា កម្ពុជា នឹងមិនបោះបង់ចោលទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែកម្ពុជា ក៏នឹងមិនជ្រើសរើសសង្គ្រាម ជាផ្លូវដោះស្រាយដែរ។

នៅពេលដែលខួបមួយឆ្នាំនៃការផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កំពុងខិតជិតមកដល់ សាររបស់សម្តេចតេជោនេះ ក៏ជាការព្យាយាមទប់ស្កាត់ មិនឱ្យអារម្មណ៍ជាតិនិយម ការបំពុលព័ត៌មាន និងការយល់ច្រឡំ នាំឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់នោះ កើតឡើងម្តងទៀតឡើយ៕