កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ

10-06-2026 17:30

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងចំនួន ៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅ សរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឡើយ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់មិនរាថយរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកស្រី ដោ សម្ផស្ស បានបន្តថា នៅថ្ងៃទី៩ ខែមិថុនា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ ស្តីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ១ទីតាំង មនុស្សចំនួន ៣នាក់ គិតជាថវិកាសរុបបានចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល)៕