ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៥៤៦នាក់នៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

10-06-2026 17:41

(បាត់ដំបង)៖ លោកបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៥៤៦នាក់ នៅទីស្នាការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក សួន សារុន ប្រធានមន្ទីរគណបក្សខេត្តបាត់ដំបងតំណាងលោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង លោក គង់ បៃ ប្រធានគណៈកម្មាធិការ គណបក្សស្រុកភ្នំព្រឹក ព្រមទាំងថ្នាក់ដឹកនាំសមាជិក នៃក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត-ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តបាត់ដំបង ថ្នាក់ដឹកនាំសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានជាច្រើនផងដែរ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ភឺន ផល្លា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងៗមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន ហើយលោកបណ្ឌិតក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។

ពិធីបញ្ចូលសមាជិកគណបក្សថ្មី នារសៀលថ្ងៃនេះមិនមែនជាលើកទី១ សម្រាប់ខេត្តបាត់ដំបង ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។

ទាំងនេះដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។ សន្តិភាពនៃការបង្រួបបង្រួមជាតិ របស់សម្ដេចតេជោ ហ៊ុន សែន តាមការអនុវត្តគោលនយោបាយឈ្នះឈ្នះដែលនាំមកនៅសន្តិភាពការអភិវឌ្ឍពេញផ្ទៃប្រទេស។

លោកបណ្ឌិត ភឺន ផល្លា បានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពាន របស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន៕