បណ្ឌិត កៅ ថាច លើកទឹកចិត្តប្រជាកសិករនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ចងក្រងជាក្រុមក្នុងការធ្វើមុខរបរកសិកម្ម
10-06-2026 21:16
(កែប)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះបានជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបានលើកទឹកចិត្តប្រជាកសិករគួរគិតគូរពិចារណា ចងក្រងជាក្រុមក្នុងការធ្វើមុខរបរកសិកម្ម។
ក្នុងកម្មវិធីនោះ មានចូលរួមពីអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាល អធិការនគរបាល កងរាជអាវុធហត្ថ ក្រុង/ស្រុក ការិយាល័យជំនាញ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ ព្រមទាំងប្រជាកសិករក្រុងកែប និងស្រុកដំណាក់ចង្អើរ ប្រមាណ២០០នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករមកពីតាមបណ្តាសង្កាត់ដែលស្ថិតនៅក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ គួរគិតគូរពិចារណា ចងក្រងជាក្រុមក្នុងការធ្វើមុខរបរកសិកម្ម និងគិតគូរឱ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជាមុខរបរ និងទទួលបានផលចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។
បន្ថែមពីនេះ លោកបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ លោកបានលើកឡើងផងដែរពីបញ្ហាដែលប្រជាកសិករតែងតែជួបប្រទះនោះមាន ៣ សំខាន់គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើឬផលិតផលកសិកម្ម (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី ថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផលដែលមានទីផ្សារមុននឹងសម្រេចចិត្តបង្កបង្កើនផល និង(៣)នោះគឺ បញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះគឺជាការកំណត់នៅការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។
ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និងធ្វើជាឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕












