ស្ថាបនិកសិល្បៈទស្សនីយភាព Etoile ប្រគល់ថវិកា ២ម៉ឺនដុល្លារ បានពីការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» ជូនគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
10-06-2026 22:24
(ភ្នំពេញ)៖ បន្ទាប់ពីការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦កន្លងទៅ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងហើយនោះ, ស្ថាបនិកសិល្បៈទស្សនីយភាព Etoile( Etoile Performing Arts) បានប្រគល់ថវិកាដែលប្រមូលបានពីការលក់សំបុត្រនៃការប្រគំតន្ត្រីនេះចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដើម្បីឧបត្ថម្ភអាហារូបករណ៍ដល់សិស្សានុសិស្សខ្វះខាត និងបំពាក់បំប៉នយុវជនក្រីក្រនូវជំនាញជាក់ស្តែង និងលទ្ធភាពទទួលបានការអប់រំ ដែលតម្រូវសម្រាប់ការកសាងអនាគតដ៏ភ្លឺស្វាង និងអាចពឹងផ្អែកលើខ្លួនឯងបាន។
ពិធីប្រគល់ថវិកានេះបានធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលាអន្តរជាតិកាណាដាភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីកញ្ញា Anna Sophie Abe ស្ថាបនិកសិល្បៈទស្សនីយភាព Etoile (Etoile Performing Arts), តំណាងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ «Il Nodo» រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាម Etoile Performing Arts តាមរយៈមូលនិធិអាហារូបករណ៍ Etoile ដែលទើបបង្កើតឡើងថ្មី ថវិកាទាំងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ «សាលាមធ្យមសិក្សានិងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន» ដើម្បីជាអាហារូបករណ៍ដល់សិស្សានុសិស្ស ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ «Il Nodo» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សំខាន់ៗផងដែរ។ ធនធានទាំងនេះត្រូវបានរៀបចំឡើង ដើម្បីបំពាក់បំប៉នយុវជនដែលខ្វះខាតនូវជំនាញជាក់ស្តែង និងលទ្ធភាពទទួលបានការអប់រំ ដែលតម្រូវសម្រាប់ការកសាងអនាគតដ៏ភ្លឺស្វាង និងអាចពឹងផ្អែកលើខ្លួនឯងបាន។
ក្នុងនាមជាការទទួលស្គាល់យ៉ាងសំខាន់លើសកម្មភាពសប្បុរសធម៌ដឹកនាំដោយយុវជន លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានប្រគល់ប័ណ្ណសរសើរជាផ្លូវការជូនដល់កញ្ញា Anna Sophie Abe ស្ថាបនិកសិល្បៈទស្សនីយភាព Etoile ចំពោះការរួមចំណែកដ៏លេចធ្លោ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយគាំទ្រយុវជន និងកុមារកម្ពុជា តាមរយៈសិល្បៈតន្ត្រី និងការអប់រំ។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់កញ្ញា Anna Sophie ដែលបានប្រមូលផ្តុំនូវទេពកោសល្យតន្ត្រីកម្រិតខ្ពស់ទាំងក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងម្ចាស់ឧបត្ថម្ភដែលមានចិត្តសប្បុរស និងអ្នកស្ម័គ្រចិត្តដែលពោរពេញដោយការលះបង់ ហើយដែលនេះ គឺជាការឆ្លុះបញ្ចាំងដ៏ល្អឥតខ្ចោះអំពីរបៀបដែលគំនិតរបស់សិស្សម្នាក់ អាចនាំសហគមន៍ទាំងមូលមកជួបជុំគ្នា និងរួមចំណែកដល់ការអប់រំសម្រាប់យុវជនជំនាន់ក្រោយរបស់យើង។
នាឱកាសនោះដែរកញ្ញា Anna Sophie Abe បានបញ្ជាក់ដែរថា រាត្រីតន្ត្រីមួយនេះ បានប្រែក្លាយទៅជាការប្តេជ្ញាចិត្តដ៏យូរអង្វែងសម្រាប់យុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ យើងមានកិត្តិយសយ៉ាងក្រៃលែងចំពោះការទទួលស្គាល់ពីលោកឧបនាយករដ្ឋមន្ត្រី ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការធានាថា តន្ត្រី និងសិល្បៈបន្តបើកទ្វារនៃឱកាស និងក្តីសង្ឃឹមសម្រាប់យុវជន និងកុមារនៅទូទាំងប្រទេសកម្ពុជា។
កញ្ញា Anna Sophie Abe បានបន្ថែមថា ឆ្ពោះទៅមុខ Etoile Performing Arts មានគម្រោងពង្រីកការផ្សព្វផ្សាយផ្នែកអប់រំរបស់ខ្លួន ដោយបង្កើតឡើងនូវក្របខ័ណ្ឌប្រកបដោយនិរន្តរភាព ដែលធានានូវការអភិវឌ្ឍផ្នែកសិល្បៈ និងសិក្សាធិការរយៈពេលវែងសម្រាប់អ្នកដឹកនាំនាពេលអនាគតរបស់ប្រទេស៕

















