គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បន្តចុះត្រួតពិនិត្យទីតាំងជនបរទេសរស់នៅ ដោយរកឃើញជនជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​​ចំនួន៥នាក់បន្ថែមទៀត

10-06-2026 22:44

(ភ្នំពេញ) ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌ ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅចំនួន ០៣ទីតាំង រួមមានឃ្លាំងក្នុងដីឡូតិ៍លេខ១៤៩២ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ), បុរី ឡាសែនសុខ II នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ និងបុរីពិភថ្មីអាស៊ីអាគ្នេយ៍ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ជាក់ស្ដែងបានជួបជនបរទេសស្នាក់នៅចំនួន ០៣ឃ្លាំង/ខ្នងផ្ទះ ស្មើនឹង ០៩នាក់ ក្នុងនោះស្រី ០១នាក់ ​ដែលជនជាតិចិន។ ជនជាតិចិនខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ Online Scam ឡើយ។

ដោយឡែកនៅបុរីឡាសែនសុខ II ផ្ទះលេខ៣៨ ផ្លូវលេខ៤A រកឃើញមានជនជាតិចិន ចំនួន ០៥នាក់ ភេទប្រុស ក្នុងនោះគ្មានលិខិតឆ្លងដែនចំនួន ០២នាក់ ព្រមទាំងមានសម្ភារវត្ថុតាង ដូចជា កុំព្យូទ័រយួរដៃចំនួន ០៧គ្រឿង និងទូរសព្ទដៃ ចំនួន១៥០គ្រឿង។តាមការពិនិត្យរបស់មន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនជាតិចិនទាំងនេះមានជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។

ចំណែកនៅបុរីពិភថ្មីអាស៊ីអាគ្នេយ៍ ​បានរកឃើញ ជនជាតិចិនម្នាក់ គ្មានលិខិតឆ្លងដែន។

ជនជាតិចិនចំនួន ០៥ នាក់ ដែលសង្ស័យពាក់ព័ន្ធ Online Scam ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំពោះសម្ភារវត្ថុតាងខាងលើ ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ស្រាវជ្រាវបន្ត ទីតាំងផ្ទះខាងលើ បិទឃ្លុំជាបណ្ដោះអាសន្ន។

ចំពោះជនជាតិចិន០១នាក់ ដែលគ្មានលិខិតឆ្លងដែរ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តនីតិវីបន្ត៕