ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ Rong Cheng Industrial Invesment នៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់បរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ

11-06-2026 08:58

(មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Rong Cheng Industrial Invesment (Camboia) Co., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។

ដើម្បីឱ្យស្របនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឱ្យស្របតាមការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Rong Cheng Industrial Invesment (Cambodia) និងបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារអាជ្ញាបណ្ណអាជីវកម្ម រុករករ៉ែ របស់ក្រសួងរ៉ែ និងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦មកម៉្លេះ។

ក្រុមហ៊ុននេះក៏កំពុងស្នើសុំ បន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។ ក្រុមការងារបានយកសំណាកទឹកចំនួន១ សំណាក និងសំណាកដី ចំនួន២សំណាក មកវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋាក្នុងការវាយតម្លៃ សម្រាប់ការស្ដារបរិស្ថានឡើងវិញ។

ក្រសួងបរិស្ថានបាននឹងកំពុងបន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ។ វិធានការនេះគឺជាការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព៕