* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចែករំលែកចំណេះដឹងនិងបទពិសោធសំខាន់ៗពីការងាររបស់ខ្លួន ជូនសិស្សចៅក្រម និងព្រះរាជអាជ្ញា​នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

11-06-2026 10:04

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ភាគទាននៃយុត្តិសាស្ត្ររបស់ អ.វ.ត.ក.» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធសំខាន់ៗដែលកើតចេញពីការងាររបស់ អ.វ.ត.ក. ជូនសិស្សចៅក្រម/ព្រះរាជអាជ្ញាជំនាន់ទី១២ និងទី១៣ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបជាង១២០រូប។

សិក្ខាសាលានេះ បានរៀបចំឡើង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សិស្សចៅក្រម ក្នុងការស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែង និងសមិទ្ធផលផ្នែកយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ដែលអាចយកទៅអនុវត្ត និងអភិវឌ្ឍបន្ថែមក្នុងការបំពេញតួនាទីជាចៅក្រមនាពេលអនាគត។

លោកបានមានប្រសាសន៍ថា៖ «អ.វ.ត.ក. មិនត្រឹមតែជាយន្តការស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវចំណេះដឹង បទពិសោធន៍ និងកេរដំណែលដ៏មានតម្លៃសម្រាប់វិស័យយុត្តិធម៌នៅកម្ពុជាផងដែរ»។

ជាមួយគ្នានេះ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបើកកម្មវិធីដោយលើកឡើងថា អ.វ.ត.ក. បានក្លាយជាគំរូដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងជាតិ និងអន្តរជាតិ ក្នុងការស្វែងរកយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។

លោកបានមានប្រសាសន៍ថា​ «ក្រៅពីការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ អ.វ.ត.ក. បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ការអភិវឌ្ឍច្បាប់ និងការលើកកម្ពស់វប្បធម៌នីតិរដ្ឋនៅកម្ពុជា។ ការផ្ទេរចំណេះដឹង និងកេរដំណែលទាំងនេះទៅកាន់អ្នកជំនាន់ក្រោយ គឺជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មរបស់ អ.វ.ត.ក.»។

ក្នុងសិក្ខាសាលានេះ អ្នកជំនាញនិងមន្ត្រីជាន់ខ្ពស់របស់ អ.វ.ត.ក. បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗជាច្រើន រួមមាន រចនាសម្ព័ន្ធ យុត្តាធិការ និងនីតិវិធីរបស់ អ.វ.ត.ក. ដោយ លោក ពេជ អង្គ មេធាវីជាតិនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណី។ ប្រធានបទស្តីពីឧក្រិដ្ឋកម្មអន្តរជាតិចម្បង បទបង្ហាញដោយលោក Milan JOVANCEVIC មន្ត្រីសម្របសម្រួលរបស់ UNAKRT និងជាទីប្រឹក្សាច្បាប់ អ.វ.ត.ក.។ ប្រធានបទស្តីពីភាគទានផ្នែកយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ចំពោះច្បាប់ព្រហ្មទណ្ឌអន្តរជាតិ បទបង្ហាញដោយលោកចៅក្រម Martin KAROPKIN ចៅក្រមអន្ដរជាតិនៃសាលាដំបូងរបស់ អ.វ.ត.ក. និងប្រធានបទស្តីពីភាគទានផ្នែកយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ចំពោះការអនុវត្តនៅតុលាការជាតិ បទបង្ហាញដោយលោកស្រី មៀច សិទ្ធិការ្យ ជេស្ស៉ីការ្យ ចៅក្រមសាលាដំបូងខេត្តកណ្តាល។

លើសពីនេះលោក សាន់ រ៉ាដា មន្ត្រីគ្រប់គ្រងសំណុំរឿងរបស់ អ.វ.ត.ក. ក៏បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងសំណុំរឿង និងការប្រើប្រាស់បណ្ណសាររបស់ អ.វ.ត.ក. ដែលជាធនធានដ៏មានសារៈសំខាន់សម្រាប់ការសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍវិស័យយុត្តិធម៌នៅពេលអនាគត ហើយលោក ប៊ូ ចាន់ថន អតីតមន្ត្រីគ្រប់គ្រងសំណុំរឿងនៃការិយាល័យសហព្រះរាជអាជ្ញា បានបង្ហាញអំពីបច្ចេកការងារនិងបទពិសោធគ្រប់គ្រងសំណុំរឿងរបស់ខ្លួនផងដែរ។

សិក្ខាសាលាបានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយ ដែលបានផ្តល់ឱកាសដល់សិស្សចៅក្រម/ព្រះរាជអាជ្ញា និងអ្នកចូលរួមធ្វើការផ្លាស់ប្តូរយោបល់ ពិភាក្សា និងស្វែងយល់បន្ថែមពីកេរដំណែល និងការចូលរួមចំណែករបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ គណនេយ្យភាព និងនីតិរដ្ឋនៅកម្ពុជា៕