ក្រោម ស្មារតី មនុស្ស ធ ម៌! ឧត្តមសេនីយ៍ ត្រី ម៉េ ង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បរិច្ចាគ ថវិកា ឧបត្ថម្ភ ដល់ពលរដ្ឋរងគ្រោះអគ្គិភ័យឆេះផ្ទះ ១គ្រួសារ និង ពល រដ្ឋ មាន ជីវភាព ខ្វះខាត ចាស់ជរា ៣គ្រួសារ នៅស្រុកភ្នំស្រួច

11-06-2026 10:26

(កំពង់ស្ពឺ)៖ ក្រោម​ស្មារតី​មនុស្សធម៌! លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះផ្ទះសំបែងអស់ ១គ្រួសារ និង​ប្រជាពល​រដ្ឋ​មានជីវភាពខ្វះខាត ជនចាស់ជរា​ ព្រមទាំងមានជំងឺប្រចាំកាយចំនួន ៣គ្រួសារ​​បន្ថែមទៀត ស្ថិតក្នុង​ភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រួសារដែលត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំបែងមានឈ្មោះ ហ៉ឺ ប៊ុនសៀង ​ភេទប្រុស អាយុ៥៨ឆ្នាំ​ និងមានប្រពន្ធឈ្មោះ អ៉ី ងួន អាយុ៥២ឆ្នាំ ដោយ​បច្ចុប្បន្ន​រស់នៅក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិតជាដូចពាក្យចាស់លោកពោលថា «ស៊ូលិចទូកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ» គឺឆេះគ្មានសល់អ្វីទេ ទ្រព្យ​សម្បត្តិ​​​ សម្ភារៈ​ផ្សេង​ៗ​ និង​វត្ថុ​មានតម្លៃ​ ដែលបានខិតខំប្រឹងប្រែងរកទាំងក្តីលំបាក កើតចេញមកពី​ញើសឈាម ត្រូវបានរលាយក្លាយជាផេះ គ្មានសល់ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។

ក្នុង​ពេល​សួរ​សុខទុក្ខ​នោះដែរ​ ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ រួមជាមួយនឹងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាល​ជាមួយក្រុមគ្រួសារ​គាត់ដោយក្តីអាណិតអាសូរពន់ពេក ក្រោមស្មារតីមនុស្សធម៌ ខ្មែរ​ស្រលាញ់​ ជួយគ្នា​ក្នុង​គ្រាលំបាក​ លោកឧត្តម​សេនីយ៍​ត្រី​​​ មេបញ្ជាការ​ បាន​ឧបត្ថម្ភ​ជា​ថវិការ​មួយចំនួន​​ ៣០០ ០០០រៀល និង​សម្ភារៈ​មួយចំនួន​ ព្រមទាំង​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន៖ អង្ក ១បាវ ៥០គីឡូក្រាម, មី ២កេស,ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៉ីអ៉ីវ ២យួរ, ត្រីខ ២យួរ, ភួយ ៣, ខ្នើយ៣ និងកន្ទេលចំនួនថែមទៀត​ផង។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឧត្តមសេនីយ៍​ត្រី​​​ ម៉េ​ង​ ​ស្រ៊ុន​ ដោយ​មើលឃើញ​ជាក់ស្តែង​ពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចាស់ជរាចំនួន ០៣គ្រួសារ​​ ដែលគ្រួសារទី១ ចាស់ជរាឧបត្ថម្ភ​ថវិកា​ចំនួន​៤០,០០០រៀល, គ្រួសារទី២ មានកើតជំងឺពកក​ ឧបត្ថម្ភ​ថវិកាចំនួន​ ២០០,០០០រៀល​ និងគ្រួសារទី៣ មានជីវភាពក្រីក្រខ្វះខាត​ឧបត្ថម្ភ​ថវិកាចំនួន១០០,០០០រៀល​ សរុបជាថវិកាទាំងអស់​រួម​និង​សម្ភារៈ​ចាំបាច់​មួយចំនួន​ ព្រមទាំងគ្រឿងឧបភោគ​បរិភោគអស់ចំនួន ១,២៨០ ០០០រៀលផងដែរ៕

គួររំលឹកផងដែរថា ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់ប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ​ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕