មេរៀនប្រវត្តិសាស្ត្រពិភពលោក៖ នៅពេលប្រទេសតូច «ទីម័រខាងកើត» ប្រើច្បាប់ UNCLOS ឈ្នះយកដែនសមុទ្រពីមហាអំណាច «អូស្ត្រាលី»
11-06-2026 10:51
(ភ្នំពេញ)៖ សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន បានបន្តដាក់ចេញនូវអត្ថបទទី២២ វគ្គ១ របស់លោកជាមួយមានខ្លឹមសារដូចតទៅ៖ បងប្អូនប្រជាពលរដ្ឋជាទីគោរពស្រលាញ់! បន្ទាប់ពីកម្ពុជាបានប្រកាសប្រើ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ជាមួយភាគីថៃ រួចមក មានបងប្អូនជាច្រើនបានចោទសួរថា៖ «តើយន្តការនេះមានប្រសិទ្ធភាពមែនទេ? បើលទ្ធផលចេញមកត្រឹមជាការណែនាំ តើប្រទេសធំជាងព្រមស្តាប់តាមឬ?»
ដើម្បីឆ្លើយនឹងសំណួរនេះ យើងមកមើលមេរៀនប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលជាករណីទី១ លើពិភពលោក ហើយវាមានសណ្ឋានដូចគ្នានឹងករណីកម្ពុជា-ថៃ នាពេលនេះបេះបិទ៖
១. រឿងរ៉ាវជម្លោះរវាង ទីម័រខាងកើតនិងអូស្ត្រាលី
ទីម័រខាងកើត ជាប្រទេសកោះតូចមួយនៅអាស៊ីអាគ្នេយ៍យើងនេះ ដែលទើបតែទទួលបានឯករាជ្យពេញលេញនៅឆ្នាំ២០០២។ ពួកគេមានជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយប្រទេសអូស្ត្រាលី ដែលជាមហាអំណាចសេដ្ឋកិច្ច និងយោធាដ៏ធំ។ តំបន់ជម្លោះនោះ សម្បូរទៅដោយរ៉ែប្រេង និងហ្គាសធម្មជាតិ តម្លៃរាប់ពាន់លានដុល្លារ។
- បញ្ហាប្រឈម គឺនៅពេលចរចាទ្វេភាគី (ប្រទេសនិងប្រទេស) អូស្ត្រាលីតែងតែមានប្រៀបជាង និងព្យាយាមអូសបន្លាយពេល ដើម្បីទាញយកផលប្រយោជន៍ប្រេងកាត។ ទីម័រខាងកើតគ្មានផ្លូវតតាំងឡើយ។
២. របត់ប្រវត្តិសាស្ត្រ៖ ទីម័រដកដាវច្បាប់ UNCLOS មកប្រើ
នៅឆ្នាំ២០១៦ ដោយសារតែការចរចាពីរប្រទេសទៅមុខមិនរួច ទីម័រខាងកើតបានសម្រេចចិត្តប្រើប្រាស់ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញា UNCLOS នេះឯង (ដូចកម្ពុជាធ្វើនៅពេលនេះដែរ)។
- ការឆ្លើយតបរបស់អូស្ត្រាលី៖ ដំបូងឡើយ អូស្ត្រាលីបានប្រកែក និងប្រកាសថា គណៈកម្មការផ្សះផ្សារបស់ UN គ្មានសមត្ថកិច្ចដោះស្រាយរឿងនេះឡើយ។
- អំណាចច្បាប់អន្តរជាតិ៖ ប៉ុន្តែក្រោមច្បាប់ UNCLOS គណៈកម្មការបានសម្រេចថា អូស្ត្រាលី «ដាច់ខាតត្រូវតែចូលរួម»។ ចំណុចនេះហើយដែលហៅថា «ដោយបង្ខំ» គឺបង្ខំឱ្យចូលតុចរចាដោយតម្លាភាព ក្រោមការដឹងឮពីពិភពលោក។
៣. លទ្ធផលចុងក្រោយ៖ ប្រទេសតូចទទួលបានយុត្តិធម៌
ក្រោមការសម្របសម្រួលរបស់កំពូលអ្នកច្បាប់អន្តរជាតិ (ដែលក្នុងនោះមាន លោក Peter Taksoe-Jensen ដែលកម្ពុជាទើបតែជួលនាពេលនេះដែរ) គណៈកម្មការបានសិក្សាពីខាត់បង់ និងខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវតាមវិទ្យាសាស្ត្រច្បាប់។
- ទោះបីជារបាយការណ៍ចុងក្រោយត្រឹមជា «ការណែនាំ» ប៉ុន្តែវាបានបង្កើតជាសម្ពាធនយោបាយ និងសីលធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរលើអូស្ត្រាលី។ ធ្វើឱ្យអូស្ត្រាលីមិនអាចបដិសេធបាន ព្រោះខ្លាចខូចកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
- លទ្ធផល៖ នៅឆ្នាំ២០១៨ ប្រទេសទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើ «សន្ធិសញ្ញាព្រំដែនសមុទ្រថ្មី» នៅទីក្រុងញូវយ៉ក ដែលធ្វើឱ្យទីម័រខាងកើតទទួលបានដែនទឹកត្រឹមត្រូវ និងទទួលបានចំណែកផលប្រយោជន៍ពីប្រេងកាតរហូតដល់ ៧០% ទៅ ៨០%។
សរុបមកករណីទីម័រខាងកើត គឺជាមេរៀនសម្រាប់កម្ពុជា ដោយបានបង្ហាញឱ្យឃើញច្បាស់ថា៖ «នៅលើឆាកអន្តរជាតិ បើនិយាយពីកម្លាំងបាយ ប្រទេសតូចអាចចាញ់ ប៉ុន្តែបើនិយាយពីច្បាប់អន្តរជាតិ ប្រទេសគ្រប់រូបមានសិទ្ធិស្មើគ្នា»។
ការដែលកម្ពុជាប្រកាសប្រើប្រាស់យន្តការនេះ និងបានជ្រើសរើសលោក Peter Taksoe-Jensen (បុគ្គលដែលធ្លាប់ជួយទីម័រខាងកើតឱ្យឈ្នះអូស្ត្រាលី) មកធ្វើជាអ្នកច្បាប់ការពារយើង បង្ហាញពីយុទ្ធសាស្ត្រដ៏វៃឆ្លាត និងហ្មត់ចត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ យើងមិនមែនដើរផ្លូវងងឹតទេ ប៉ុន្តែយើងកំពុងដើរតាមគំរូជោគជ័យដែលមានរួចមកហើយក្នុងប្រវត្តិសាស្ត្រពិភពលោក៕












