វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី
11-06-2026 11:29
(ភ្នំពេញ)៖ វិស័យកសិកម្ម គឺជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់រស់រានមានជីវិតរបស់មនុស្សជាតិ។ វិស័យនេះផ្តល់នូវស្បៀងអាហារដើម្បីចិញ្ចឹមបីបាច់ប្រជាជនរាប់ពាន់លាននាក់ និងគាំទ្រដល់ការចិញ្ចឹមជីវិតរបស់កសិកររាប់លាននាក់នៅទូទាំងសកលលោក។ ដើម្បីការពារទិន្នផលដំណាំពីការបំផ្លិចបំផ្លាញនៃសត្វល្អិត ចង្រៃ ស្មៅ ស្លែ ផ្សិត និងជំងឺផ្សេងៗ កសិករជារឿយៗតែងតែពឹងផ្អែកលើការប្រើប្រាស់ថ្នាំកសិកម្ម (ថ្នាំសម្លាប់សត្វល្អិតនិងសត្វចង្រៃ)។ ផលិតផលទាំងនេះជួយបង្កើនទិន្នផល កាត់បន្ថយការខូចខាតដំណាំ និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀង។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាកាន់តែធំឡើងនៃការប្រែប្រួលអាកាសធាតុ វាបាននិងកំពុងក្លាយជាកិច្ចការកាន់តែសំខាន់ឡើងៗក្នុងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីទំនាក់ទំនងរវាងថ្នាំកសិកម្ម បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ប្រសិនបើពិនិត្យមើលត្រឹមមួយភ្លែត ថ្នាំកសិកម្មហាក់ដូចជាមិនមានទំនាក់ទំនងអ្វីនឹងការប្រែប្រួលអាកាសធាតុនោះទេ។ ផ្ទុយពីឥន្ធនៈហ្វូស៊ីល ថ្នាំកសិកម្មមិនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ដោយផ្ទាល់ ក្នុងពេលដែលយកទៅប្រើប្រាស់នោះឡើយ។ ទោះជាយ៉ាងនេះក្តី ការផ្សារភ្ជាប់របស់វាទៅនឹងការប្រែប្រួលអាកាសធាតុ គឺមានកម្រិតស៊ីជម្រៅជាងអ្វីដែលមនុស្សភាគច្រើនបានដឹង។ ដំណើរការផលិត ការដឹកជញ្ជូន និងការប្រើប្រាស់ថ្នាំកសិកម្ម សុទ្ធតែទាមទារនូវថាមពល ដែលថាមពលភាគច្រើននោះនៅតែទទួលបានមកពីឥន្ធនៈហ្វូស៊ីល។ ចង្វាក់ផលិតកម្មថ្នាំកសិកម្មត្រូវឆ្លងកាត់ដំណើរការគីមី ដែលប្រើប្រាស់ថាមពលយ៉ាងច្រើន និងបង្កើតឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ រាល់ដំណាក់កាលទាំងអស់ ចាប់តាំងពីការផលិតវត្ថុធាតុដើម រហូតដល់ការដឹកជញ្ជូនផលិតផលទៅដល់ដៃកសិករសុទ្ធតែបានបន្ថែមទៅលើដានកាបូន (Carbon footprint) នៃវិស័យកសិកម្មសម័យទំនើប។ ទំនាក់ទំនងនេះក៏ជះឥទ្ធិពលត្រឡប់មកវិញក្នុងទិសដៅផ្ទុយគ្នាផងដែរ។ ការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូររបបអាកាសធាតុ សីតុណ្ហភាព និងប្រព័ន្ធអេកូឡូស៊ី ដែលបង្កើតជាបញ្ហាបែបថ្មីសម្រាប់កសិករ។ ការកើនឡើងកម្តៅ និងការប្រែប្រួលរបបទឹកភ្លៀង អាចបង្កើនការរីករាលដាលនៃសត្វល្អិតចង្រៃ ស្មៅ និងជំងឺដំណាំផ្សេងៗ។ ពពួកសត្វល្អិតដែលកាលពីមុនត្រូវបានទប់ស្កាត់ដោយសារធាតុអាកាសធាតុត្រជាក់ អាចនឹងពង្រីកខ្លួនទៅកាន់តំបន់ថ្មីៗ។ វដ្តរដូវនៃការដាំដុះដែលអូសបន្លាយវែងជាងមុន អាចបង្កលក្ខណៈងាយស្រួលដល់សត្វល្អិតចង្រៃមួយចំនួនក្នុងការបន្តពូជបានកាន់តែញឹកញាប់។ ជាលទ្ធផល កសិករអាចនឹងជួបសម្ពាធក្នុងការបង្ខំចិត្តប្រើប្រាស់ថ្នាំកសិកម្មកាន់តែច្រើន ដើម្បីការពារផលដំណាំរបស់ពួកគេ ដែលបង្កើតទៅជាវដ្តអវិជ្ជមានមួយ៖ ការប្រែប្រួលអាកាសធាតុជំរុញឱ្យបង្កើនការប្រើប្រាស់ថ្នាំកសិកម្ម ហើយការកើនឡើងនៃផលិតកម្មថ្នាំកសិកម្ម ក៏រួមចំណែកបន្ថែមដល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែខ្លាំង។ ក្រៅពីផលប៉ះពាល់លើផ្នែកអាកាសធាតុ ការប្រើប្រាស់ថ្នាំកសិកម្មហួសកម្រិត ឬមិនត្រឹមត្រូវតាមបច្ចេកទេស ក៏អាចបង្កផលខូចខាតដល់បរិស្ថានតាមរបៀបដទៃទៀតផងដែរ។ របបទឹកភ្លៀងខ្លាំងក្លា ដែលកំពុងតែកើតឡើងកាន់តែញឹកញាប់ និងមានសភាពធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើនដោយសារការប្រែប្រួលអាកាសធាតុ អាចលាងជម្រះសារធាតុគីមីនៃថ្នាំកសិកម្មចូលទៅក្នុងទន្លេ បឹងបួរ តំបន់ដីសើម និងប្រភពទឹកក្រោមដី។ សារធាតុគីមីទាំងនេះអាចជះឥទ្ធិពលអាក្រក់ដល់ត្រី សត្វល្អិតក្នុងទឹក សត្វព្រៃ និងជីវៈចម្រុះ។ លើសពីនេះ ប្រភពទឹកដែលរងការបំពុល ក៏អាចបង្កហានិភ័យដល់សុខភាពមនុស្សជាតិផងដែរ។ ថ្នាំកសិកម្មក៏អាចជះឥទ្ធិពលដល់ពពួកសត្វល្អិតដែលមានប្រយោជន៍ ដូចជា ឃ្មុំ មេអំបៅ និងភ្នាក់ងារលម្អងដទៃទៀត។ ពពួកសត្វទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មកសិកម្ម និងសុខភាពប្រព័ន្ធអេកូឡូស៊ី។ ការធ្លាក់ចុះនៃចំនួនភ្នាក់ងារលម្អង អាចកាត់បន្ថយផលិតភាពដំណាំ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីធម្មជាតិចុះខ្សោយ ដែលប្រព័ន្ធទាំងនេះជាអ្នកជួយស្រូបយកកាបូន និងជួយកែសម្រួលអាកាសធាតុ។ ប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ គឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតមួយរបស់មនុស្សជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ព្រៃឈើ តំបន់ដីសើម ព្រៃកោងកាង វាលស្មៅ និងដីកសិកម្មដែលមានជីជាតិ សុទ្ធតែជួយស្រូបយក និងរក្សាទុកកាបូនពីបរិយាកាស។ នៅពេលដែលប្រព័ន្ធអេកូឡូស៊ីរងការខូចខាតដោយសារការបំពុល ឬការបាត់បង់ជីវៈចម្រុះ សមត្ថភាពរបស់វាក្នុងការជួយកែសម្រួលអាកាសធាតុនឹងត្រូវរងការកាត់បន្ថយដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមានដំណោះស្រាយ។ ចម្លើយពិតប្រាកដ មិនមែនជាការបោះបង់ចោលការការពារដំណាំនោះឡើយ។ កសិករនៅតែត្រូវការឧបករណ៍ដែលមានប្រសិទ្ធភាពដើម្បីការពារទិន្នផលប្រមូលផល និងរក្សាស្ថិរភាពផលិតកម្មស្បៀង។ ផ្ទុយទៅវិញ គោលដៅចម្បងគឺត្រូវប្រើប្រាស់ថ្នាំកសិកម្មឱ្យកាន់តែមានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ «ការគ្រប់គ្រងសត្វល្អិតចង្រៃតាមបែបសមាហរណកម្ម» (Integrated Pest Management - IPM) គឺជាវិធីសាស្ត្រប្រកបដោយសមធម៌។ វិធីសាស្ត្រនេះរួមបញ្ចូលគ្នារវាងការកំចាត់តាមបែបជីវសាស្ត្រ ការផ្លាស់ប្តូរមុខដំណាំ (ការបង្វិលដំណាំ) ការប្រើប្រាស់ពូជដំណាំដែលមានភាពធន់ ការកែលម្អការអនុវត្តកសិកម្ម និងការប្រើប្រាស់ថ្នាំកសិកម្មចំគោលដៅតែក្នុងករណីចាំបាច់បំផុត។ វិធីសាស្ត្រនេះកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមី ក្នុងពេលដែលរក្សាបាននូវផលិតភាពកសិកម្ម។ កសិកម្មច្បាស់លាស់ (Precision agriculture) ប្រព័ន្ធត្រួតពិនិត្យទំនើប និងការទស្សន៍ទាយសត្វល្អិតចង្រៃតាមបែបវិទ្យាសាស្ត្រ ក៏អាចជួយកសិករក្នុងការប្រើប្រាស់ថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព កាត់បន្ថយការខ្ជះខ្ជាយ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវ ការគោរពតាមគោលការណ៍ណែនាំសុវត្ថិភាព និងការរឹតបន្តឹងលើបទប្បញ្ញត្តិនៃសារធាតុគីមីគ្រោះថ្នាក់ សុទ្ធតែជាកិច្ចការដ៏មានសារៈសំខាន់ដូចគ្នា។ សម្រាប់ប្រទេសនានាដូចជាកម្ពុជា កសិកម្មប្រកបដោយចីរភាព គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀង និងការការពារបរិស្ថាន។ ខណៈពេលដែលការប្រែប្រួលអាកាសធាតុបន្តជះឥទ្ធិពលដល់របបទឹកភ្លៀង សីតុណ្ហភាព និងផលិតភាពកសិកម្ម ការលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃអាកាសធាតុ (Climate-smart agriculture) គឺកាន់តែមានសារៈសំខាន់ឡើងៗ។ កសិករគួរតែទទួលបានការគាំទ្រផ្នែកចំណេះដឹង បច្ចេកវិទ្យា និងការទទួលបាននូវជម្រើសជំនួសដទៃទៀត ដែលមេត្រីភាពចំពោះបរិស្ថាន។ ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចរួមចំណែកបានផងដែរ តាមរយៈការគាំទ្រផលិតផលកសិកម្មប្រកបដោយចីរភាព និងការស្វែងយល់អំពីតម្លៃបរិស្ថាននៃការអនុវត្តកសិកម្មប្រកបដោយការទទួលខុសត្រូវ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកលដែលទាមទារឱ្យមានសកម្មភាពឆ្លើយតបពីគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។ ទោះបីជាថ្នាំកសិកម្មជួយការពារដំណាំក៏ដោយ ការប្រើប្រាស់របស់វាត្រូវតែត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់បំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងគាំទ្រដល់ចីរភាពក្នុងរយៈពេលវែង។ អនាគតនៃវិស័យកសិកម្ម មិនមែនពឹងផ្អែកតែលើការផលិតស្បៀងឱ្យបានកាន់តែច្រើននោះទេ ប៉ុន្តែគឺស្ថិតលើការផលិតស្បៀងតាមរបៀបដែលជួយការពារដីធ្លី ទឹក ជីវៈចម្រុះ និងអាកាសធាតុ ដែលមនុស្សជំនាន់ក្រោយត្រូវពឹងផ្អែកទៅអនាគត។ តាមរយៈការចាប់យកការគ្រប់គ្រងសត្វល្អិតចង្រៃឱ្យកាន់តែឆ្លាតវៃ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយចីរភាព យើងអាចធានាបានថា រាល់ការខិតខំប្រឹងប្រែងរបស់យើងក្នុងការចិញ្ចឹមពិភពលោក នឹងមិនដើរទន្ទឹមគ្នានឹងការបំផ្លាញភពផែនដី ដែលជាផ្ទះជម្រកតែមួយគត់របស់យើងនោះឡើយ៕



