ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក! រដ្ឋមន្ត្រី ភឿង សកុណា លើកឡើងពីផលប៉ះពាល់ លើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក នៅតាមព្រំដែន កម្ពុជា-ថៃ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់

11-06-2026 12:00

(សៀមរាប)៖ នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ បច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ/អន្តរជាតិសរុបចំនួន៣០០នាក់។

តាមរយៈការចុះពិនិត្យគម្រោងអភិរក្ស និងអភិវឌ្ឍន៍នៅតាមការដ្ឋាននានា និងកិច្ចពិភាក្សា កិច្ចប្រជុំ បច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានទទួលលទ្ធផលដ៏ត្រចះត្រចង់ដូចខាងក្រោម៖

១៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងអំពីផលប៉ះពាល់ នៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិច នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជា តម្លៃមនុស្សជាតិ។

២៖ រដ្ឋាភិបាលប្រទេសជប៉ុន បានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០,០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ។

៣៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០,០០០ដុល្លារអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។

៤៖ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃគម្រោងអភិរក្ស និងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលជាកិច្ចសហការគំរូរវាងរដ្ឋាភិបាលប្រទេសបារាំង និងអាជ្ញាធរជាតិអប្សរា បន្ទាប់ពីដំណើរការរយៈពេល១៤ឆ្នាំ ក្រោមជំនួយថវិកាប្រទេសបារាំងចំនួន១២,០00,000អឺរ៉ូ។

គម្រោងនេះ គ្រោងនឹងបិទបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ និងគ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដទៃទៀត ដែល អនុវត្តដោយស្ថាប័នដៃគូរអន្តរជាតិនានា។

៥៖ បានគូសបញ្ជាក់នូវការគាំទ្រលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជាការកសាងធនធានមនុស្ស ការផ្ទេរនូវចំណេះដឹង ការពង្រឹងការប្រមូលនិងចងក្រងឯកសារ/ទិន្នន័យនៃការស្រាវជ្រាវ និងជួសជុល ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងមជ្ឈមណ្ឌលបកស្រាយព័ត៌មាន អង្គរ ក៏ដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងផលិតផលទេសចរណ៍ថ្មីៗ ស្របតាម ចក្ខុវិស័យនៃសេចក្តីប្រកាសសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ/សំបូរព្រៃគុក នាថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

៦៖ បានសម្តែងនូវការគាំទ្រចំពោះវឌ្ឍនភាពនៃការគិតគូររៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការ នៃការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុង តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ទាំង១១៤ភូមិ ដឹកនាំ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត សៀមរាប អាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នពាក់ព័ន្ធ។

៧៖ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការរៀបចំប្លង់មេ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់ រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌនៃគម្រោង SDGERA ក្រោមកិច្ចសហការរវាងអាជ្ញាធរ ជាតិអប្សរា និងស្ថាប័នបារាំង SIAVB SIAAP AGERA និង Versailles Grand Pare ដើម្បី ធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការការពារបេតិកភណ្ឌ ​ប្រព័ន្ធធារាសាស្ត្រ បុរាណ ក៏ដូចជាការកសាងសមត្ថភាព ដែលរហូតមកដល់បច្ចុប្បន្នបានកៀរគរជំនួយថវិកា បានប្រហែល ១,០០០,០០០អឺរ៉ូ។

ឆ្លៀតក្នុងឱកាសនោះ អង្គប្រជុំបានសម្តែងនូវមរណទុក្ខដោយការអាឡោះអាល័យ ចំពោះមរណភាពលោក ជុំ សុភមករា អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ដែលជាការបាត់បង់ នូវថ្នាក់ដឹកនាំគំរូមួយរូប ដែលបានលះបង់អស់នូវកម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មបំផុត ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចអភិរក្ស និង អភិវឌ្ឍប្រកបដោយចីរភាពនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕