ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តចូលរួមបរិច្ចាគក្នុង យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
11-06-2026 14:21
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស, ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចំនួនជាង ១០០ នាក់ បន្តចូលរួមបរិច្ចាគក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ដោយ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ មានរយៈពេលពេញ ១ ខែមិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់សាធារណជនដែលមានទឹកចិត្តសប្បុរសធម៌ និងមានបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផា ចូលរួមបរិច្ចាគក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឱ្យបានច្រើនកុះករ។ ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ ដើម្បីចូលរួមក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់», សូមបរិច្ចាគតាមរយៈលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕


































