ថ្នាក់ដឹកនាំខេត្តកណ្តាល ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ក្រុងតាខ្មៅ នៅវត្តក្រពើហា
11-06-2026 14:31
(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទីមេគណខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ និងនិមន្តជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ក្រុងតាខ្មៅ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ព្រមទាំងមានការនិមន្ត និងចូលរួមពី ព្រះមន្ត្រីសង្ឃ ព្រមទាំងមន្ត្រីរាជការជាច្រើនអង្គនាក់។
ក្នុងពិធីនេះលោក គួច ចំរើន បានថ្លែងថា ពិធីអនុសំវច្ឆរ នៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តដាក់ខ្ពស់បំផុត ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ សីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។
អភិបាលខេត្ត ថ្លែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្លឹមសារនៃអនុសំវច្ឆរមហាសន្និបាតលើកទី៣៣នេះ ដែលបានដាក់ចេញនូវសង្ឃប្រកាស រួមគ្នាតែមួយ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រត្តិបត្តិ ព្រះធម៌វិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឱ្យកាន់តែមានប្រសិទ្ធភាព។
អភិបាលខេត្ត បានបន្ថែមថា តាមស្មារតី អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣នេះ គឺជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំឆ្ពោះទៅរកសេចក្តីថ្លៃថ្នូ ជូន ជាតិមាតុភូមិ ប្រជាពុទ្ធបរិស័ទ ដោយឆន្ទៈប្តេជ្ញាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយ គណៈសង្ឃទាំងពីរគណៈ រួមទាំងលិខិតបទដ្ឋានដែលមានស្រាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍ មូលធនមនុស្ស។
អភិបាលខេត្ត បានបន្ថែមទៀតថា ពិធីផ្សព្វផ្សាយអនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣៣ និងពិធីបើកបវេសនកាល ពុទ្ធិកសិក្សានាឆ្នាំ២០២៦-២០២៧ ដ៏មានសារៈសំខាន់នាពេលនេះ នឹងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានការរីកចម្រើនបន្ថែមទៀត លើការពង្រឹង រចនាសម្ព័ន្ធដឹកនាំព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ក៏ដូចជាការចូល រួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ជារកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរក្សាស្ថេរភាព សន្តិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់ព្រះសង្ឃទាំងពីរគណៈទូទាំងខេត្ត សូមបន្តរក្សាឱ្យបាននូវស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ស្របតាមគោលនយោបាយ លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម សំដៅលើក តម្កើងគុណតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ខ្មែរឱ្យបានរុងរឿង និងគង់វង្ស ព្រមទាំងលើកកម្ពស់សីលធម៌សង្គម និងសុខដុមនីយកម្មសាសនា ក្នុងសង្គមជាតិផងដែរ៕
























