ពលរដ្ឋងាយរងគ្រោះ ៦គ្រួសារ នៅឃុំគាស់ក្រឡ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ
11-06-2026 14:53
(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា បានយកអំណោយរបស់សប្បុរសជបនតាមរយៈអនុសាខាស្រុក ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា និងជនពិកាចំនួន៦គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។
ក្នុងឱកាសនោះដែរ លោក ញឹក សារ៉ែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ ប្រធានអនុសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ។ ទន្ទឹមនឹងនេះសូមចូលរួមទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង ជាពិសេសសូមឱ្យមាតាបិតា និងអាណាព្យាបាល បន្តអប់រំ និងណែនាំកូនចៅឱ្យចៀសវាងពីគ្រឿងញៀន អំពើហិង្សាចូលរួមគោរពច្បាប់ចរាចរណ៍ និងអបាយមុខផ្សេងៗ ។
អំណោយដែលនាំមកផ្ដល់ជូនប្រជាពលរដ្ឋរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួនផងដែរ៕










