រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា

11-06-2026 15:01

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ជាកិច្ចស្វាគមន៍លោករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះ លោក Steven Pang Chee Wee ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យនានាជាច្រើននាពេលកន្លងមក។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ ព្រមទាំងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្ដិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងកិច្ចជំនួប ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាលបច្ចេកទេស និងភាពជាអ្នកដឹកនាំជាដើម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕