មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ត្រៀមរៀបចំខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត
11-06-2026 15:41
(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ដើម្បីត្រៀមរៀបចំប្រារព្ធពិធីខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦)។
សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទីតាំងនេះត្រូវបានគេស្គាល់ថាជាកន្លែងដែលសម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំជាតិ និងមន្ត្រីរាជការជាច្រើន រួមទាំងប្រតិភូកងរាជអាវុធហត្ថ និងរដ្ឋបាលខេត្តត្បូងឃ្មុំ តែងតែអញ្ជើញទៅធ្វើពិធីបង្សុកូល ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ពិធីទាំងនេះធ្វើឡើងដើម្បីរំលឹកខួបនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បច្ចុប្បន្ន មានការជំរុញឱ្យប្រែក្លាយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ នេះ ពីតំបន់សមរភូមិប្រយុទ្ធ ទៅជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នេះ៕














































