សិស្សវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រៀមនាំយកស្នាដៃជាច្រើន បង្កើតដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តាំងបង្ហាញក្នុងទិវា TVET

11-06-2026 15:58

(ភ្នំពេញ)៖ សិស្ស និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលបានបង្កើត និងកែច្នៃគ្រឿងបរិក្ខាបច្ចេកទេស ដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ត្រៀមនាំយកស្នាដៃរបស់ខ្លួន តាំងបង្ហាញក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ៩៩អង្គភាព ស្មើនឹង ១៨០ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានប្រាប់អ្នកសារព័ត៌មានថា ទិវា TVET ឆ្នាំនេះ នឹងកាន់តែពិសេសជាងឆ្នាំមុនៗ ជាពិសេសសិស្សនិស្សិតដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេស បានបង្កើតនូវឧបករណ៍បរិក្ខា បែបទំនើបដែលមិនទាន់មានពីមុន សម្រាប់តាំងបង្ហាញជូនសាធារជនទស្សនា និងឈ្វេងយល់នៃការរីកចម្រើននៃបច្ចេកវិទ្យារបស់កម្ពុជា។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឈ្វេងយល់ពីការបណ្តោះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា សិក្សាពីស្នាដៃរបស់សិស្សដែលបានបញ្ចប់ការសិក្សា និងស្វែងរកឱកាសការងារធ្វើនៅក្នុងព្រឹត្តិការណ៍នេះ។

ពិធីនេះ នឹងប្រព្រឹត្តិទៅចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ (G,H,I,J,K,L) រាជធានីភ្នំពេញ។

សូមទស្សនាវីដេអូ ខាងក្រោម៖