CUS សហការជាមួយសហគ្រិនខ្មែរ រៀបចំកម្មវិធីសហគ្រិនមហាវិទ្យាល័យ CUS ឆ្នាំ២០២៦ ជូនដល់និស្សិតកំពុងសិក្សាឱ្យចូលរួមប្រកួតប្រជែងគំរូគំនិតអាជីវកម្ម
11-06-2026 16:14
(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយសហគ្រិនខ្មែរ (KHMER ENTERPRISE) បានរៀបចំបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ឆ្នាំ២០២៦ (CUS-MC UniPreneur2026)» ជូនដល់និស្សិតកំពុងសិក្សា ក្នុងគោលបំណងជំរុញការបណ្ដុះបណ្តាលនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងគំរូគំនិតអាជីវកម្ម ក្នុងរដូវកាលទី៤ រៀបចំដោយសហគ្រិនខ្មែរ KHMER ENTERPRISE) ដែលមានការចូលរួមពីសំណាក់និស្សិត សាស្ត្រាចារ្យ បុគ្គលិក និងគណៈគ្រប់គ្រងជាង៣០០នាក់។
លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរង បានថ្លែងក្នុងនាមជំនួសមុខឱ្យលោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យ CUS បានសម្តែងអំណរគុណយ៉ាងកក់ក្ដៅក្រៃលែងចំពោះសហគ្រិនខ្មែរ (KHMER ENTERPRISE) ដែលបានរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង ដែលអាចជួយជំរុញឱ្យនិស្សិត មានសមត្ថភាពទទួលបានការបណ្ដុះបណ្ដាលផ្នែកអាជីវកម្មមួយ អាចបង្កើតផែនការអាជីវកម្មនិងមានឱកាសទទួលបានរង្វាន់ជាច្រើនថែមទៀត។
ក្នុងរបាយការណ៍សង្ខេបរបស់បណ្ឌិតបានគូសបញ្ជាក់ថា CUS បានកំពុងធ្វើការបណ្តុះបណ្តាលលើជំនាញឯកទេសជាច្រើន និងមានសាខាចំនួន៦ រួមមាន៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពត និងមានទីតាំងគោលនៅរាជធានីភ្នំពេញ នៅជិត
ផ្សារទំនើបអ៉ីអន២។
CUS ធ្វើការបណ្តុះបណ្តាលចាប់ពីជំនាញឯកទេស បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត តាមរយៈមហាវិទ្យាល័យចំនួន៧ រួមមាន១)-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ២)- មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ, ៣)- មហាវិទ្យាល័យ សិល្បៈមនុស្សសាស្ត្រ និងភាសា ៤)-មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥)-មហាវិទ្យាល័យបច្ចេកវិទ្យា-ឌីជីថល, ៦)-មហាវិទ្យាល័យវិស្វកម្ម ៧)- មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងឧស្សាហកម្មចំណីអាហារ។ សាកលវិទ្យាល័យមានអគារសិក្សាចំនួន ៧អគារ បន្ទប់សិក្សាចំនួន ២៤៥សាលសន្និសីទចំនួន៧ បណ្ណាល័យចំនួន៧ បន្ទប់អនុវត្តភាសាចំនួន៧ បន្ទប់ តុលាការប្រឌិត៧ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យាចំនួន៨ មានកុំព្យូទ័រចំនួន ៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង។
២០ឆ្នាំកន្លងទៅ CUS បានផលិតនិស្សិតជាង ៥០ ០០០នាក់ ដែលក្រាមជាអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ចំនួន៨លើក សម្ដេចក្រឡាហោមចំនួន ១លើក និងតំណាងឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ១លើក។ បច្ចុប្បន្ននេះសាកលវិទ្យាល័យ បានកំពុងបណ្តុះបណ្តាលនិស្សិតជាង ១១,៧៤៧នាក់ ដោយឡែកក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ CUS មានផ្តល់ជូនអាហារូបករណ៍ពី ៥០ភាគរយ ដល់ ១០០ភាគរយ និងត្រៀមទទួលចុះឈ្មោះចូលសិក្សាជារៀងរាល់ថ្ងៃពីសំណាក់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ជាពិសេស គឺសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ នៅពេលខាងមុខក្នុងឆ្នាំ២០២៦នេះ។
CUS មានចក្ខុវិស័យ នៅឆ្នាំ២០២៧ ប្រកួតប្រជែងបានជាមួយសាកលវិទ្យាល័យអន្តរជាតិក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយចាប់ផ្តើមពីការជំរុញលើ
កម្ពស់សិក្សាតម្រង់ទិសរួមមាន៖ ជំនាញភាសា និងព័ត៌មានវិទ្យា។ ការសិក្សាផ្តោតទៅលើគុណភាព សមត្ថភាពវិជ្ជាជីវៈបុគ្គលិកលក្ខណសម្បត្តិល្អ និងសេចក្តីថ្លៃថ្នូរ ទាំងរៀន និងបង្រៀន ឈលើមូលដ្ឋានស្តង់ដារជាតិ និងអន្តរជាតិ។ CUS បានចូលរួមជាថវិកា និងសម្ភារៈ ឧបបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋភៀសសឹក ពេលមានវិវាទតាមបណ្ដោយព្រំដែនផ្នែកពាយព្យកម្ពុជា-ថៃ កើតឡើង។
CUS សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានបទពិសោធន៍លើការបណ្ដុះបណ្ដាលប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ក្រុមហ៊ុនដៃគូក្នុងប្រទេសចំនួន ៦៥៤ និងចុះអនុស្សារណៈយោគយល់ ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសជាង ៥៦រួមមាន៖ ប្រទេសកូរ៉េ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អ៉ីស្រាអែល ឥណ្ឌា បង់ក្លាដេស ជប៉ុន អង់គ្លេស ម៉ាឡេស៊ី។ល។ មានសាកលវិទ្យាល័យ Dong Su (កូរ៉េខាងត្បូង) ក្រុមហ៊ុនដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេសដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ។
ក្នុងឱកាសនោះដែរ លោក ក្រេត ពុទ្ធារិទ្ធ ប្រធានផ្នែកធនធានមនុស្ស និងវប្បធម៌ នៃសហគ្រនខ្មែរ បានថ្លែងថា ការរៀបចំកម្មវិធីនៅថ្ងៃនេះ និងបានដាក់បេក្ខភាពនិស្សិតចូលរួមប្រកួតប្រជែងគំរូគំនិតអាជីវកម្មជារៀងរាល់ឆ្នាំ ហើយឆ្នាំ២០២៦នេះ គឺជារដូវកាលទី៤ ដែលសហគ្រិនខ្មែរ បានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពនិស្សិតនៅតាមសាកលវិទ្យាល័យ និងលើកកម្ពស់ប្រព័ន្ធអេកូស៊ីស្ទឹមស្ដាតអាប់ (Startup Ecosystem) របស់កម្ពុជា។ កម្មវិធីនេះគាំទ្រដល់សហគ្រិនជំនាន់ថ្មី ចាប់ពីដំណាក់កាលបង្កើតគំនិតរហូតដល់ការត្រៀមខ្លួនសម្រាប់ការវិនិយោគ ព្រមទាំងភ្ជាប់ពួកគេទៅកាន់បណ្តាញតំបន់ អ្នកជំនាញ និងអ្នកណែនាំដែលមានបទពិសោធន៍។
កម្មវិធីនេះមានសមាសភាគសំខាន់ចំនួន ៤រួមមាន៖
ទី១៖ UniPreneur Camp: វគ្គបណ្តុះបណ្តាលសហគ្រិនភាពដំបូង ដែលផ្តល់ចំណេះដឹងមូលដ្ឋាន ផ្នត់គំនិតសហគ្រិន និងជំនាញចាំបាច់ ដើម្បីជួយអ្នកចូលរួមអភិវឌ្ឍគំនិតច្នៃប្រឌិត និងបង្កើតអាជីវកម្មថ្មី។
ទី២៖ UniPreneur Sprint: កម្មវិធីបង្កើនល្បឿនអភិវឌ្ឍស្អាតអាប់ ដែលផ្តោតលើការផ្ទៀងផ្ទាត់គំនិតអាជីវកម្ម ការអភិវឌ្ឍគំរូផលិតផល ការទទួលបានការណែនាំពីអ្នកជំនាញ និងការកែលម្អគំរូអាជីវកម្មឱ្យមានភាពរឹងមាំ។
ទី៣៖ UniPreneur National Challenge: ការប្រកួតប្រជែងថ្នាក់ជាតិដែលបង្ហាញពីស្តាតអាប់ដឹកនាំដោយនិស្សិត ដោយផ្ដល់ឱកាសឱ្យអ្នកចូលរួមធ្វើបទបង្ហាញ (Pitch) ចំពោះគណៈកម្មការវិនិយោគិន និងអ្នកពាក់ព័ន្ធក្នុងប្រព័ន្ធអេកូស៊ីស្ទឹម ព្រមទាំងប្រកួតប្រជែងដើម្បីទទួលបានការទទួលស្គាល់ និងការគាំទ្រ។
និងទី៤៖ UniPreneur Educator: គំនិតផ្តួចផ្តើមសម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀន និងសាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យ ដើម្បីពង្រឹងការបង្រៀនផ្នែកសហគ្រិនភាព និងជំរុញវប្បធម៌នៃការច្នៃប្រឌិតនៅក្នុងគ្រឹះស្ថានអប់រំ។
សរុបសេចក្តីមក UniPreneur រដូវកាលទី៤ មានគោលបំណងអភិវឌ្ឍធនធានមនុស្សផ្នែកសហគ្រិនភាព បង្កើនសមត្ថភាពច្នៃប្រឌិត និងរួមចំណែកដល់ការរីកចម្រើនប្រកបដោយចីរភាពនៃប្រព័ន្ធអេកូស៊ីស្ទីមស្អាតអាប់នៅកម្ពុជា ដោយភ្ជាប់ដំណាក់កាលបង្កើតគំនិតទៅកាន់ការត្រៀមខ្លួនសម្រាប់ការវិនិយោគ។
លោក ស៊ី ឡែន នាយកប្រតិបត្តិ SAVE THE LIVES (CAMBODIA) CO., LTD ជាវាគ្មិន បានឡើងធ្វើបទបង្ហាញពីបទពិសោធអំពីសហគ្រិនភាព ស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីក្រុងពោធិ៍សាត់ ដូចជា៖ ការធ្វើជីសិរីរាង្គសហគមកសិកម្មកម្ពុជា ផ្សារសិរិរាង្គធម្មជាតិ និងចំណាប់អារម្មណ៍ថា UniPreneur រដូវកាលទី៤នេះ សាកលវិទ្យាល័យ និងសហគ្រិនខ្មែរ មានបំណងបណ្ដុះបណ្តាលនិស្សិតឱ្យក្លាយជាសហគ្រិនវ័យក្មេង ដែលមានទម្លាប់ពីនិសិ្សតហាត់ការតទៅរួមមានការណែនាំ ការបណ្តុះបណ្តាល ការលើកទឹកចិត្ត យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន៕























