រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ដើម្បីពន្លឿន និងដោះស្រាយនូវបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ

11-06-2026 16:18

(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ដើម្បីពន្លឿន និងដោះស្រាយនូវបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ ក្រោមអធិបតី លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

នាឱកាសនោះ លោក នូ សាខន បានសម្តែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិកអង្គប្រជុំទាំងមូល ដែលបានសហការគ្នាយ៉ាងល្អក្នុងការ អនុវត្តតួនាទីភារកិច្ចកន្លងមក។

លោក បានជំរុញដល់អាជ្ញាធរទូទាំងខេត្ត ត្រូវខិតខំលើការងារឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់នៅតាមមូលដ្ឋាន។

លោក នូ សាខន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ ក្នុងការពិនិត្យមើលរាល់វឌ្ឍនភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ដើម្បីធានាបាននូវតម្លាភាព និងភាពឆាប់រហ័ស។

ក្នុងកិច្ចប្រជុំនេះដែរ លោក គួច ចំរើន បានជំរុញដល់មន្ទីរសុខាភិបាលខេត្ត ត្រៀមបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមលើកុមារ ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងឈានចូលរដូវវស្សា ត្រូវចុះធ្វើការដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមមូលដ្ឋាននានា និងត្រូវតាមដានការវិវត្តរបស់ជំងឺគ្រុនឈាមនេះយ៉ាងកៀកកិតនៅទូទាំងខេត្ត ដើម្បីធានាថាគ្មានការរីករាលដាលទ្រង់ទ្រាយធំ និងអាចជួយសង្គ្រោះកុមារដែលជាជនងាយរងគ្រោះបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការពុះដីឡូត៍ក្នុងមូលដ្ឋាន, លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ហានេះដោយតម្លាភាព និងម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងការវិវាទផ្សេងៗដែលអាចកើតមានឡើង។

ចំពោះអាងទឹកដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល, លោកអភិបាល បានបញ្ជាក់ដូច្នេះថា៖ «នេះគឺជាដីរបស់រដ្ឋ ដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចរាល់ហើយ។ ហេតុនេះហើយ អាជ្ញាធរត្រូវពន្យល់ និងណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់លាស់ ដោយមិនត្រូវឱ្យមានការរំលោភបំពាន ការទិញ-លក់ដោយខុសច្បាប់ណាមួយកើតឡើងលើដីអាងទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ»

លោកប្រធាន បានសង្កត់ធ្ងន់ថា មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយ ក៏ដូចជាទិសដៅការងារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ប្រជាពល រដ្ឋនៅក្នុងខេត្តទាំងមូល៕