អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តវិស័យឯកជន ចូលរួមទស្សនាស្នាដៃសិស្ស TVET ក្នុងទិវាTVET ដើម្បីឈ្វេងយល់ពីឧបករណ៍បរិក្ខា ដែលជួយដល់ដំណើរការអាជីវកម្ម និងការផលិតរបស់ខ្លួន (Video inside)

11-06-2026 16:37

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានលើកទឹកចិត្តវិស័យឯកជន ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យម ចូលរួមទស្សនានិងឈ្វេងយល់ស្នាដៃសិស្ស និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលបានបង្កើត និងកែច្នៃគ្រឿងបរិក្ខាបច្ចេកទេស ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលអាចនឹងរួមចំណែកជួយដល់អាជីវកម្មរបស់គេ។

លោកបានបញ្ជាក់ថា តាមរយៈការបង្ហាញនូវឧបករណ៍ បរិក្ខាមួយចំនួន ដែលសិស្ស និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសទើបបានបង្កើត និងកែច្នៃឡើង នឹងអាចជួយដល់ការផលិតរបស់រោងចក្រសហគ្រាស នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង កាន់មានតែគុណភាព និងបរិមាណច្រើន ព្រមទាំងចំណាយលើកម្លាំងពលកម្មទាប។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ៩៩អង្គភាព ស្មើនឹង ១៨០ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ ។

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ស៊ុន មេសា៖