Fresh Exclusive In-Depth Analysis: «សង្គ្រាមក្រោមឈ្មោះបទឈប់បាញ់៖ អាមេរិក និងអ៊ីរ៉ង់ បន្តបាញ់គ្នា ខណៈការចរចាជាប់គាំង» (Video inside)

11-06-2026 16:48

(ភ្នំពេញ)៖ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានបន្តការបាញ់ប្រហារគ្នាសាជាថ្មី ទោះបីជាបទឈប់បាញ់ នៅតែមានសុពលភាពនៅឡើយ។ បើពិនិត្យមើលលើការពិតនៅសមរភូមិ បទឈប់បាញ់ នោះ ដូចចាបានស្លាប់ទៅហើយ ប៉ុន្តែគ្មានអ្នកណាហ៊ានប្រកាសថា វាស្លាប់ឡើយ។ នៅជាមួយគ្នានេះ មេដឹកនាំអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស ក៏បានហៅការឈប់បាញ់គ្នានោះថា មិនមែនជាការផ្អាកបាញ់ទេ ប៉ុន្តែគ្រាន់តែជាការបាញ់គ្នាតិចជាងមុនប៉ុណ្ណោះ។

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងសង្គ្រាមធម្មតា បទឈប់បាញ់គឺជាស្ពានឆ្ពោះទៅរកសន្តិភាព។ ប៉ុន្តែនៅមជ្ឈិមបូព៌ាពេលនេះ បទឈប់បាញ់ ហាក់ដូចជានៅសល់តែឈ្មោះ ខណៈដែលគ្រាប់មីស៊ីល យន្តហោះចម្បាំង និងការគំរាមកំហែងផ្នែកយោធា នៅតែបន្តនិយាយជំនួសភាសាអ្នកការទូត។

ការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ និងការវាយសងសឹករបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានយោធាអាមេរិកនៅបារ៉ែន និងគុយវ៉ែត បានបង្ហាញថា បទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមេសា មិនបាននាំឱ្យមានសន្តិភាពពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ វាកំពុងស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយ ដែលអាចបាក់បែកទៅជាសង្គ្រាមទ្រង់ទ្រាយធំបានគ្រប់ពេល។

*បទឈប់បាញ់ដែលនៅសល់តែឈ្មោះ ប៉ុន្តែមិនអាចបញ្ឈប់គ្រាប់មីស៊ីល
សេចក្តីរាយការណ៍របស់ BBC បានរំលឹកថា បទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីខែមេសា មិនបាននាំឱ្យមានសន្តិភាពពិតប្រាកដឡើយ។ ផ្ទុយទៅវិញ ភាគីទាំងពីរបានបន្តវាយប្រហារគ្នាជាបន្តបន្ទាប់ ដោយមិនបានវិលត្រឡប់ទៅរកសង្គ្រាមពេញលេញ ហើយក៏មិនបានឈានដល់កិច្ចព្រមព្រៀងនយោបាយណាមួយដែរ។

ស្ថានភាពនេះ ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ពិពណ៌នាថា បទឈប់បាញ់ពេលនេះ «ហាក់ដូចជាការបាញ់គ្នាតិចជាងមុនប៉ុណ្ណោះ» (lesser-fire) មិនមែនជាសន្តិភាពទេ។ ប្រសាសន៍ព្រមាននេះ មានអត្ថន័យជ្រាលជ្រៅ ព្រោះវាបង្ហាញថា សង្គ្រាមមិនបានបញ្ចប់ឡើយ គ្រាន់តែត្រូវបានកាត់បន្ថយកម្រិតប៉ុណ្ណោះ។

យោងតាម CNN និង BBC បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានប្រកាសថា ខ្លួនបានវាយប្រហារលើប្រព័ន្ធឃ្លាំមើលយោធា ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។ អាមេរិក អះអាងថា វាជាការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាមេរិកកាលពីដើមសប្តាហ៍នេះ។

ជាការឆ្លើយតប ទាំង CNN, BBC និង Al Jazeera សុទ្ធតែរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅបារ៉ែន និងគុយវ៉ែត។ បន្ទាប់ពីការវាយប្រហារនោះ គុយវ៉ែត បានបិទដែនអាកាសជាបណ្តោះអាសន្ន ខណៈស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅបារ៉ែន។ ព្រឹត្តិការណ៍ទាំងនេះបង្ហាញថា ការប្រឈមមុខគ្នាមិនត្រឹមតែកើតឡើងនៅលើទឹកដីអ៊ីរ៉ង់ទៀតទេ ប៉ុន្តែបានរាលដាលទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ទាំងមូល។

ទន្ទឹមនឹងនេះ Al Jazeera និង BBC ក៏បានរាយការណ៍ថា អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz និងព្រមានថា នាវាដែលឆ្លងកាត់អាចក្លាយជាគោលដៅវាយប្រហារ។ ទោះបីអាមេរិកបដិសេធថា ចរាចរណ៍នាវានៅតែដំណើរការធម្មតាក៏ដោយ ការគំរាមបិទច្រកសេដ្ឋកិច្ចដ៏សំខាន់នេះ វាល្មមគ្រប់គ្រាន់ហើយ ដើម្បីធ្វើឱ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើ។ BBC រាយការណ៍ទៀតថា តម្លៃប្រេង Brent បានកើនលើស ៩៥ ដុល្លារក្នុងមួយបារ៉ែលភ្លាមៗ បន្ទាប់ពីមានព័ត៌មានអំពីការបិទ Hormuz។

រាល់ភស្តុតាងទាំងនេះបង្ហាញថា បទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីខែមេសា កំពុងបាត់បង់អត្ថន័យជាក់ស្តែងរបស់វាបន្តិចម្តងៗ។ ប៉ុន្តែសំណួរសំខាន់ជាងនេះ គឺហេតុអ្វីបានជាភាគីទាំងពីរនៅតែបន្តនិយាយអំពី “ការចរចា” ខណៈដែលកំពុងតែបាញ់ដាក់គ្នាយ៉ាងនេះ?
សង្គ្រាមដើម្បីចរចា៖ នៅពេលគ្រាប់មីស៊ីលក្លាយជាឧបករណ៍ចរចាប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា អ៊ីរ៉ង់ «ចំណាយពេលយូរពេក» ក្នុងការយល់ព្រមលើកិច្ចព្រមព្រៀង។ រីឯរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ក៏បានបញ្ជាក់ដែរថា អ៊ីរ៉ង់ មានឱកាសក្នុងការធ្វើកិច្ចព្រមព្រៀង ប៉ុន្តែមិនបានទាញយកឱកាសនោះទេ។

ផ្ទុយទៅវិញ អ៊ីរ៉ង់បានចោទប្រកាន់ដាក់អាមេរិកវិញអាមេរិកថា កំពុងតែបំផ្លាញដំណើរការការទូត តាមរយៈសារផ្ទុយគ្នា និងការរំលោភបទឈប់បាញ់ជាបន្តបន្ទាប់។

ចំណុចនេះ គឺជាអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងវិបត្តិបច្ចុប្បន្ន។ ភាគីទាំងពីរនៅតែនិយាយអំពី «ការចរចា» ខណៈដែលកំពុងបាញ់ដាក់គ្នា។ ពួកគេនៅតែនិយាយអំពី «បទឈប់បាញ់» ខណៈដែលមីស៊ីល និងយន្តហោះចម្បាំង នៅតែបន្តប្រតិបត្តិការ។ នេះមិនមែនជាសន្តិភាពទេ ហើយក៏មិនមែនជាសង្គ្រាមពេញលេញដែរ។

ជាទូទៅ នៅក្នុងវិបត្តិអន្តរជាតិ ការចរចាតែងតែត្រូវបានប្រើដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែក្នុងករណីអាមេរិក និងអ៊ីរ៉ង់ពេលនេះ ស្ថានភាពហាក់ដូចជាបញ្ច្រាសគ្នា។ ភាគីនីមួយៗកំពុងប្រើសម្ពាធយោធា ដើម្បីបង្ខំឱ្យភាគីម្ខាងទៀតចូលមកកាន់តុចរចាតាមលក្ខខណ្ឌរបស់ខ្លួន។
សម្រាប់អាមេរិក ការវាយប្រហារ ត្រូវបានប្រើជាសារមួយចងបង្ហាញថា ការពន្យារពេលក្នុងការចរចា នឹងមានតម្លៃត្រូវបង់។ សម្រាប់អ៊ីរ៉ង់ ការវាយសងសឹកទៅលើមូលដ្ឋានយោធាអាមេរិក និងការគំរាមបិទច្រកសមុទ្រ Hormuz គឺជាសារថា ការដាក់សម្ពាធយោធា មិនអាចបង្ខំឱ្យទីក្រុងតេហេរ៉ង់ចុះចាញ់បានឡើយ។

ក្នុងន័យនេះ គ្រាប់មីស៊ីល មិនត្រឹមតែជាអាវុធសម្រាប់វាយប្រហារទេ ប៉ុន្តែបានក្លាយជាភាសានយោបាយមួយប្រភេទ។ រាល់ការវាយប្រហារ រាល់ការគំរាមកំហែង និងរាល់ការវាយសងសឹក គឺជាសារដែលភាគីនីមួយៗកំពុងផ្ញើ ទៅកាន់ភាគីម្ខាងទៀត នៅលើសមរភូមិ និងនៅលើតុចរចាក្នុងពេលតែមួយ។

បញ្ហាសំខាន់ គឺនៅពេលដែលអាវុធចាប់ផ្តើមដើរតួនាទីជំនួសអ្នកការទូត កំហុសតូចមួយ ឬការគណនាខុសតែម្តង អាចជំរុញឱ្យស្ថានការណ៍ រអិលចេញពីការគ្រប់គ្រង ហើយបម្លែង «សង្គ្រាមដើម្បីចរចា» ទៅជា «សង្គ្រាមដែលគ្មានការចរចា» បានគ្រប់ពេលវេលា។

*ពីសមរភូមិ ទៅទីផ្សារប្រេង៖ នៅពេលវិបត្តិ Hormuz ក្លាយជាក្តីបារម្ភរបស់ពិភពលោក
ប្រសិនបើការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ គ្រាន់តែកើតឡើងនៅលើសមរភូមិ វាប្រហែលជានៅតែជាបញ្ហារវាងប្រទេសទាំងពីរ។ ប៉ុន្តែនៅពេលសង្គ្រាមចាប់ផ្តើមរំកិលចូលទៅកាន់ច្រកសមុទ្រ Hormuz វាបានក្លាយជាបញ្ហារបស់ពិភពលោកទាំងមូល។
យោងតាម BBC និង Al Jazeera អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz និងព្រមានថា នាវាដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ អាចក្លាយជាគោលដៅវាយប្រហារ។ ទោះបីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បដិសេធថា ចរាចរណ៍នាវា នៅតែបន្តធម្មតាក៏ដោយ ការគំរាមនេះ បានបង្កើតរលកក្តីបារម្ភភ្លាមៗនៅលើទីផ្សារពិភពលោក។

មូលហេតុគឺច្រក Hormuz ដែលមិនមែនជាច្រកសមុទ្រធម្មតាទេ។ វាគឺជាសរសៃឈាមថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលតភ្ជាប់តំបន់ផលិតប្រេងនៅឈូងសមុទ្រពែក្សទៅកាន់ទីផ្សារអន្តរជាតិ។ រាល់ការគំរាម ដែលរំខានដល់ចរាចរណ៍នាវានៅទីនោះ តែងតែធ្វើឱ្យអ្នកវិនិយោគ និងទីផ្សារថាមពលមានប្រតិកម្មភ្លាមៗ។

BBC បានរាយការណ៍ភ្លាមៗថា តម្លៃប្រេង Brent ដែលជាស្តង់ដារតម្លៃប្រេងសំខាន់របស់ពិភពលោក បានកើនឡើងលើស ៩៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានព័ត៌មានអំពីការបិទ ច្រក Hormuz និងការវាយប្រហារលើនាវាដឹកប្រេង។ ទោះបីការកើនឡើងនេះ មិនទាន់ឈានដល់កម្រិតវិបត្តិថាមពលពិភពលោកក៏ដោយ វាបានបង្ហាញថា ទីផ្សារកំពុងចាប់ផ្តើមគិតគូរពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេង។

ការព្រួយបារម្ភនេះមិនស្ថិតនៅលើវិស័យថាមពលតែមួយប៉ុណ្ណោះទេ។ Al Jazeera បានដកស្រង់សម្តីព្រមានរបស់ក្រុម Houthis ក្នុងប្រទេសយេម៉ែនថា ការបន្តវាយប្រហារលើអ៊ីរ៉ង់ អាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងស្ថិរភាពសេដ្ឋកិច្ចសកល។ នេះមានន័យថា សង្គ្រាមនៅមជ្ឈិមបូព៌ា មិនត្រឹមតែបង្កហានិភ័យផ្នែកសន្តិសុខទេ ប៉ុន្តែអាចបង្កផលប៉ះពាល់ដោយផ្ទាល់ដល់តម្លៃថាមពល ការដឹកជញ្ជូន និងអតិផរណានៅទូទាំងពិភពលោកផងដែរ។

ជាមួយគ្នានេះទៀត អង្គការសហប្រជាជាតិបានចាប់ផ្តើមបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងផងដែរ។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក António Guterres បានព្រមានថា មជ្ឈិមបូព៌ាកំពុងត្រូវបានទាញឱ្យធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិ ហើយផលវិបាករបស់វានឹងមិនឈប់ត្រឹមតំបន់នោះឡើយ។ ការព្រមាននេះ ឆ្លុះបញ្ចាំងពីការពិតមួយថា នៅក្នុងសម័យសកលភាវូបនីយកម្ម សង្គ្រាមមួយនៅច្រកសមុទ្រ Hormuz អាចប៉ះពាល់ដល់ស្ថានីយប្រេងទាំងនៅអឺរ៉ុប និងរោងចក្រនៅអាស៊ី និងអ្នកប្រើប្រាស់ នៅគ្រប់ទិសទីនៃពិភពលោក។

ដូច្នេះ សំណួរសំខាន់នៅពេលនេះ មិនមែនត្រឹមតែថា អាមេរិក និងអ៊ីរ៉ង់នឹងបន្តបាញ់គ្នាដល់ពេលណាទេ។ សំណួរធំជាងនេះ គឺថា តើវិបត្តិនៅ Hormuz នឹងត្រូវបានគ្រប់គ្រងទាន់ពេលវេលា ឬនឹងវិវត្តទៅជាវិបត្តិថាមពល និងសេដ្ឋកិច្ចដែលពិភពលោកទាំងមូលត្រូវចូលរួមបង់ថ្លៃ?
សេចក្តីសន្និដ្ឋាន៖ សង្គ្រាមដែលគ្មានអ្នកណាចង់ពង្រីក ប៉ុន្តែគ្មានអ្នកណាចង់ដកថយ

ស្ថានភាពបច្ចុប្បន្ន អាចត្រូវបានពិពណ៌នាថា ជា «សង្គ្រាមក្រោមឈ្មោះបទឈប់បាញ់»។ បទឈប់បាញ់នៅមានឈ្មោះ ប៉ុន្តែមិនអាចទប់ស្កាត់គ្រាប់មីស៊ីលបានទៀតឡើយ។ អ្នកការទូតនៅតែអង្គុយចរចា ប៉ុន្តែយន្តហោះចម្បាំងនៅតែហោះហើរ ហើយការគំរាមកំហែងផ្នែកយោធានៅតែបន្តកើតមានស្ទើររៀងរាល់ថ្ងៃ។

រដ្ឋបាលលោក Donald Trump ជឿថា សម្ពាធយោធាអាចបង្ខំឱ្យអ៊ីរ៉ង់បត់បែននៅលើតុចរចា និងទទួលយកកិច្ចព្រមព្រៀងដែលទីក្រុងវ៉ាស៊ីនតោនចង់បាន។ ប៉ុន្តែសម្រាប់អ៊ីរ៉ង់ ការបង្ហាញភាពទន់ខ្សោយនៅក្រោមសម្ពាធយោធា គឺជារឿងដែលមិនអាចទទួលយកបាន។ ហេតុនេះហើយ ទីក្រុងតេហេរ៉ង់ បានជ្រើសរើសការវាយសងសឹក និងការបង្ហាញសមត្ថភាពឆ្លើយតប ដើម្បីបញ្ជាក់ថា ខ្លួនមិនអាចត្រូវបានបង្ខំឱ្យចុះចាញ់ដោយកម្លាំងបានឡើយ។

នេះហើយជាភាពផ្ទុយគ្នាដ៏គ្រោះថ្នាក់បំផុតនៃវិបត្តិបច្ចុប្បន្ន។ អាមេរិក មិនចង់ធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាទេ។ ហើយអ៊ីរ៉ង់ ក៏មិនចង់ប្រឈមមុខនឹងសង្គ្រាមពេញលេញជាមួយមហាអំណាចយោធាដូចសហរដ្ឋអាមេរិកដែរ។ ប៉ុន្តែភាគីទាំងពីរ ក៏មិនចង់ដកថយ ឬបង្ហាញភាពទន់ខ្សោយនៅចំពោះមុខគ្នាដែរ។

ជាលទ្ធផល មជ្ឈិមបូព៌ាកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលមិនមែនជាសន្តិភាព ហើយក៏មិនមែនជាសង្គ្រាមពេញលេញដែរ។ វាគឺជាស្ថានភាពដែលបទឈប់បាញ់នៅតែមានឈ្មោះ ប៉ុន្តែសង្គ្រាមនៅតែបន្ត។

សំណួរដែលនៅសល់ពេលនេះ មិនមែនថា អាមេរិក និងអ៊ីរ៉ង់ នឹងបន្តបាញ់គ្នាទៀតឬអត់នោះទេ ប៉ុន្តែគឺថា តើភាគីទាំងពីរអាចស្វែងរកផ្លូវនយោបាយណាមួយ មុនពេលកំហុសតូចមួយ ឬការគណនាខុសតែមួយលើក ដែលអាចបម្លែង «ការបាញ់តិចជាមុន» ក្លាយទៅជាអណ្តាតភ្លើងដ៏ធំ និងដែលលេបត្របាក់មជ្ឈិមបូព៌ាទាំងមូលបាន ឬយ៉ាងណា?