កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ និងមន្ដ្រីជំនាញចុះពិនិត្យទីតាំងស្ដុកសាច់បង្កកនៅខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ
11-06-2026 16:52
(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរក្រោមការដឹកនាំបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងស្ដុកសាច់បង្កកក្នុងភូមិសាស្ដ្រខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ ដើម្បីពិនិត្យភាពត្រឹមត្រូវតាមច្បាប់។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានចុះពិនិត្យទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ដែលសង្ស័យមាននាំចូល និងស្តុកបង្កកពីប្រទេសថៃ។
ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យនេះ ក្រុមការងារចម្រុះបានរកឃេីញ មានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥, ផលិតផលក្នុងស្រុក៖ ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់ និងផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២ដុំតូចមានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ដុំតូច។
ក្រោយចប់ប្រតិបត្តិការម្ចាស់ទីតាំងខាងលើត្រូវបាននាំខ្លួនទៅសាកសួរបន្ថែម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់
លោកស្រីអ្នកនាំពាក្យ ក៏បានបន្តទៀតថា ក្នុងថ្ងៃនេះដែរ រដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមសហការពីលោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងសាច់បង្កកចំនួន៣ទីតាំង ដែលសង្ស័យពាក់ព័ន្ធករណីនាំចូលស្តុកទុក និងចែកចាយផលិតផលសាច់បង្កកជាផលិលតផលរបស់ប្រទេសថៃ រួមមាន៖ ១៖ ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក, ២៖ ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ និង៣៖ ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១។
ដោយឡែកនៅខណ្ឌសែនសុខវិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងជំនាញចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីមានការសង្ស័យថាមានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ។
ក្រោយពីបានធ្វើការពិនិត្យ និងធ្វើតេស្ថវិភាគ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ បានរកឃើញមានការស្តុកទំនិញចំនួន៩ប្រទេស រួមមាន៖ ចិន ប្រេសុីល សហរដ្ឋអាមេរិច ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អុីតីអូព្យា និងកម្ពុជា។ ក្នុងចំណោមមុខទំនិញ និងសាច់បង្កកទាំអស់ ក្រុមការងារមិនបានរកឃើញមុខទំនិញណានាំចូលពីប្រទសថៃឡើយ៕





































