វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

11-06-2026 17:01

(ភ្នំពេញ)៖ តាមរយៈ​ការ​សង្កេត​កន្លង​មក មានតែ​សិស្ស​ជា​បុរស​ប៉ុណ្ណោះ ដែលចាប់​អារម្មណ៍​រៀនជំ​នាញ​មេកា​និច​រថយ​ន្ត ឬជំនាញ​ជួស​ជុល​រថយន្ត ប៉ុន្ដែ​បច្ចុប្បន្ន​នេះវា​ក្លា​យ​ជាជំនាញ​លេច​ធ្លោមួយ​ក្នុងចំ​ណោម​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត ដោយ​កំពុង​ទទួល​បានកា​រចា​ប់​អារម្ម​ណ៍ខ្លាំ​ង​ពី​សំ​ណា​ក់យុវ​នារី ខណៈ​ដែល​មាន​តម្រូវ​ការកា​រងារ​ខ្ពស់ និង​ប្រា​ក់ខែសម​រម្យ។

យុវតី ចេវ ចាន់ណា ជាសិស្សកំពុង​សិក្សាជំ​នាញ​មេកានិ​ច​រថ​យន្ត នៅវិ​ទ្យាស្ថានបច្ចេ​កទេសឧ​ស្សាហ​កម្ម ​(ITI) នៃក្រ​សួង​ការ​ងារ និង​បណ្ដុះប​ណ្ដាល​វិជ្ជាជីវៈបាននិយា​យថា ជំនា​ញ​មេ​កានិចរថ​យន្ត ឬជំនាញ​ជួស​ជុល​រថយន្ត គឺជា​ជំនាញ​ដ៏​មាន​សក្ដា​នុពលមួយ សិស្សដែល​បាន​បញ្ចប់​ជំនាញ​នេះ​ភាគ​ច្រើ​នមិន​ខ្វះការ​ងារ ​ថែម​ទាំង​មា​នប្រាក់​ចំណូល​ខ្ពស់។

កញ្ញាបានបន្តថា បើ​ទោះបីជា​ខ្លួន​ជាស្រី មិនមាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ងារ​ជួស​ជុល​រថយន្ត​ក៏ដោយ ប៉ុន្ដែ​កញ្ញា​​ស្រ​លាញ់​​ពេញ​ចិត្តមុខ​ជំនាញ​នេះ​ខ្លាំង​ណាស់ ហើយ​កំពុង​ខិតខំប្រឹ​ងប្រែងក្នុង​ការរៀន​សូត្រ​ជំនាញ​នេះ​ឱ្យ​កាន់​តែល្អ​ប្រសើរ។ កន្លង​មក កញ្ញា​ក៏​សង្កេត​ឃើញ​មាន​តែ​បុរស​ទេ ដែល​រៀន​ជំនា​ញនេះ​ ប៉ុន្ដែ​កញ្ញា​មិន​ចាប់​អារម្មណ៍​​នឹង​ពាក្យ​រិះគន់​ទាំង​នោះ​ទេ។

យុវតីរូបនេះ​បានប​ញ្ជាក់​ថា៖ «បញ្ហារបស់ខ្ញុំ គឺអត់​​មាន​កម្លាំង​​គ្រប់​គ្រាន់​ក្នុង​ការមួល​ខ្ចៅ​ធំៗ និងត្រូវ​លើក​សម្ភារៈ​ធ្ងន់​ៗ​ដែរ ប៉ុន្ដែខ្ញុំត្រូវតែជំនះឧបសគ្គទាំងអស់នេះ ព្រោះ​ខ្ញុំ​ចង់​សម្រេច​ក្ដី​ប្រា​ថ្នា ដែល​មាន​ការងារ​ល្អ និងប្រាក់​ចំ​ណូ​ល​​សមរ​ម្យនាពេល​អនាគត។ ម្យ៉ាងទៀត ខ្ញុំរៀន​នៅ​ទីនេះ ក៏​ចង់ស្គាល់ពីសម្ភារៈសំខាន់ៗរបស់រថយន្ត ដើម្បី​អាច​ក្លាយ​ជាអ្នក​លក់​សម្ភារៈ និង​គ្រឿង​បម្លាស់​រថយ​ន្ត»

បើ​តាម​ថ្នាក់ដឹកនាំ​វិទ្យាស្ថានបច្ចេ​កទេស​ឧស្សាហកម្ម​ (ITI) នៃ​ក្រ​សួងការងារ និង​បណ្ដុះបណ្ដា​លវិជ្ជាជីវៈ​ បាន​លើកឡើង​ថា ប​ច្ចុប្ប​ន្ន​នៅ​ទូ​ទាំងប្រទេស សិស្សទាំងបុរស និងនារីភា​គ​ច្រើ​នដែល​ចេញ​ពីសាលា ITI មានការ​ងារ​ធ្វើនៅតា​មប​ណ្ដា​ក្រុមហ៊ុ​នរថយ​ន្តល្បីៗក្នុង​ស្រុក និង​ហ្គា​រ៉ាស់​ដែល​បើក​ព្រោង​ព្រាធ​នៅរាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នា​នា​។

ជាមួយ​គ្នានេះ ថ្នាក់ដឹ​កនាំ​ក៏បាន​សង្កេត​ឃើញ​ផងដែរ​ថា កន្លង​មក​ជំនាញ​មេកា​និច​រថយន្ត គឺមានតែ​សិស្ស​ប្រុស​ៗទេ​ដែល​ចាប់អា​រម្មណ៍​ច្រើន ព្រោះ​​ជំនាញ​នេះទា​ម​ទាឱ្យ​មាន​ការ​ប្រឹងប្រែង​អត់​ធ្មត់ ប្រើ​កម្លាំង​កាយ និង​ប្រឡា​ក់ដៃ​ជើង​ច្រើន ប៉ុន្ដែ​បច្ចុប្បន្ន​នេះមិន​ដូចពី​មុនទេ ដោយ​សារ​សិ​ស្ស​នារីៗ ក៏បា​ន​ចា​ប់អា​រម្មណ៍ និងមក​ចុះឈ្មោះ​រៀន​ច្រើ​នដែរ​។

ទោះបីជា​យ៉ាងណាថ្នាក់ដឹកនាំ​ បានបញ្ជាក់​ថា៖ «សិស្ស​នារីនា​បច្ចុប្ប​ន្ននេះ​វិញ ក៏មានកា​រចាប់​អារម្មណ៍​ខ្លាំង​មិន​ចាញ់​បុរស​យើង​ទេ ហើយ​​ពួក​​គាត់​ក៏​មាន​កា​រតស៊ូ ប្រឹង​ប្រែង សិក្សា​រៀន​សូត្រ​ពី​លោក​គ្រូ អ្នក​គ្រូ​យ៉ា​ងខ្លាំង ព្រម​ទាំង​មាន​ការ​ចង​ចាំ និង​ស្មារតី​ល្អ​ថែ​មទៀត។ ខ្ញុំសូម​​លើក​ទឹក​​ចិត្ត​ឱ្យ​​យុវតី​​ផ្សេងៗ​​ទៀត មក​ចុះ​​ឈ្មោះ​ចូលរៀន​ជំ​នាញ​នេះបន្ថែម​ទៀ​ត ហើយសា​លា​របស់​យើង នឹងស្វាគ​ម​ន៍ជា​និច្ច»