សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភា លើកមកពិភាក្សា និងផ្ទៀងផ្ទាត់បន្ថែមក្រសួងសាធារណការ និងដឹកជញ្ជូន
11-06-2026 17:13
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការសាធារណការ និងដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី អនុប្រធាន សមាជិក សមាជិកា និងលេខាធិការគណៈកម្មការជំនាញនៃរដ្ឋសភា។
ថ្លែងក្នុងអង្គពិធីលោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងរបៀបវារៈកិច្ចប្រជុំរបស់គណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃនេះ ដើម្បីពិនិត្យ និងពិភាក្សា មុននឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។
បន្ថែមពីនេះលោករដ្ឋមន្ត្រី បានជម្រាបជូនអំពី សាវតារ គោលបំណង និងអត្ថប្រយោជន៍នៃការធ្វើ វិសោធនកម្មច្បាប់នេះ ព្រមទាំងពន្យល់បំភ្លឺបន្ថែមលើខ្លឹមសារចំណុចមួយចំនួនឱ្យបានជ្រាបកាន់តែច្បាស់ ដែលជាលទ្ធផលឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងផុលផុសនាព្រឹកនេះបានបង្កលក្ខណៈឱ្យការធ្វើវិសោធនកម្មច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសជាតិ ៕























