រដ្ឋមន្ត្រី ឈាង រ៉ា៖ «សុខាភិបាលជាព្រលឹង និងបេះដូងតែមួយនៅគ្រប់ទីកន្លែង ហើយដោយទឹកចិត្តស្មោះស រីករាយបម្រើប្រជាជន» (Video inside)
11-06-2026 18:10
(កំពង់ឆ្នាំង)៖ ក្នុងឱកាសចុះពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពស្វាយជុក ខេត្តកំពង់ឆ្នាំង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៅកាន់មន្ដ្រីក្រោមឱវាទថា «សុខាភិបាលជាព្រលឹង និងបេះដូងតែមួយនៅគ្រប់ទីកន្លែង ហើយដោយទឹកចិត្តស្មោះស រីករាយបម្រើប្រជាជន»។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ស្របពេលដែលប្រធានមណ្ឌលសុខភាពស្វាយជុក និងអាជ្ញាធរមូលដ្ឋាន បានឆ្លើយតបនឹងទៅនឹងការចោទសួរពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីជាច្រើនចំណុច ដែលសរបញ្ជាក់ឱ្យឃើញ ពីទំហំទឹកចិត្ដមន្ដ្រីរបស់ខ្លួនដែលមានការលះបង់ ស្រលាញ់ និងស្ម័គ្រចិត្ដបម្រើប្រជាជនយ៉ាងពិតប្រាកដ ។
មណ្ឌលសុខភាពស្វាយជុក ខេត្តកំពង់ឆ្នាំង ជាមណ្ឌលសុខភាពមួយដែលនៅឆ្ងាយដាច់ស្រយាល បម្រើសេវាសុខាភិបាលជូនប្រជាជនបានច្រើនលើសពី ១០០ភាគរយ ដោយសារប្រជាជននៅតំបន់ផ្សេងៗក៏មកទទួលសេវានៅក្នុងមណ្ឌលនេះ ដែលមិនចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅឯទីក្រុង ឬមន្ទីរពេទ្យឯកជនឡើយ ដោយសារមណ្ឌលសុខភាពនេះ បានបម្រើសេវាសុខាភិបាល ២៤ម៉ោង លើ២៤ម៉ោង បានយ៉ាងល្អ ទាន់ចិត្ដ គ្រូពេទ្យរួសរាយរាក់ទាក់ និងមានសមត្ថភាព ហើយមានការយកចិត្ដទុកដាក់លើអ្នកជំងឺ ដូចជាបងប្អូនកូនក្មួយនៅក្នុងស្រុកភូមិជាមួយគ្នា។ ពិសេសតែងតែផ្ដល់ប្រឹក្សាអប់រំល្អៗលើបញ្ហាសុខភាព រួមទាំងជំងឺលើសឈាម ទឹកនោមផ្អែមជាដើម គឺបានផ្ដល់ថ្នាំជូនជាប្រចាំ ទោះនៅវេលាណាក៏ដោយ ឱ្យតែអ្នកជំងឺមករកគ្រូពេទ្យ។
ការអញ្ជើញចុះសួរសុខទុក្ខមន្ដ្រីបុគ្គលិក និងពិនិត្យមើលការបម្រើសេវាជូនប្រជាជននៅមណ្ឌលសុខភាពស្វាយជុក ដោយមិនបានផ្ដល់ដំណឹងជាមុន នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មន្ដ្រីបុគ្គលិកនៅក្នុងមណ្ឌលសុខភាពខាងលើនេះ មានភាពភ្ញាក់ផ្អើលដោយក្ដីរំភើបរហូតស្រក់ទឹកភ្នែក ព្រោះតែមិននឹកស្មានថាទោះថ្ងៃបាក់រសៀល រៀបយប់ក្ដី ក៏រដ្ឋមន្ដ្រីសុខាភិបាល ចំណាយពេលវេលា អញ្ជើញមកសួរសុខទុក្ខប្រកបដោយភាពកក់ក្ដៅដល់កូនចៅ ដែលធ្វើឱ្យមានស្នាមញញឹមលាយឡំទឹកភ្នែក បង្ហាញពីមនោសញ្ចេតនានឹករលឹក និងរង់ចាំរវាងថ្នាក់លើ និងកូនចៅ ប្រៀបដូចជាគ្រួសារមួយរីករាយ កាន់គ្នាលើកស្ទួយវិស័យសុខាភិបាលឱ្យមានភាពល្អប្រសើរជាលំដាប់។
ភាពសិទ្ធស្នាលរវាងថ្នាក់លើ និងកូនចៅនេះ ក៏ជាការកើតចេញពីចំណែកមួយក្នុងការបង្រៀនវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍ ដែលរដ្ឋមន្ដ្រីសុខាភិបាល បង្រៀនរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង២រសៀល ជូនដល់មន្ដ្រីសុខាភិបាលក្រោមឱវាទរបស់ខ្លួនជាង ៣ពាន់នាក់ តាមប្រព័ន្ធនិមិ្មត (ZOOM) ដែលលោកតែងតែចែករំលែកនូវអនុសាសន៍គន្លឹះ សម្រាប់យកទៅអនុវត្ដន៍ជាក់ស្ដែងក្នុងវិស័យសុខាភិបាលផង និងក្នុងជីវិតពិតផង ដែលធ្វើឱ្យរវាងថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទ ជួបមុខគ្នារៀងរាល់សប្ដាហ៍ ក្រេប និងចែករំលែកបទពិសោធន៍ការងារទៅវិញទៅវិញ ហើយរួមដំណើរជាមួយគ្នា និងពួនដៃគ្នា បម្រើសេវាសុខាភិបាលជូនប្រជាជនជាប្រចាំ និងរៀងរហូត ប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់។
គួរបញ្ជាក់ផងដែរនាឱកាសចុះសួរសុខទុក្ខរបស់មន្ដ្រីបុគ្គលិកខាងលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានចុះពិនិត្យនូវរៀបចំការងារ នៅតាមបន្ទប់បម្រើសេវាសុខាភិបាល រួមទាំងហេដ្ឋានរចនាសម្ព័ន្ធជុំវិញមណ្ឌលសុខភាពផងដែរ។ នាពេលនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានកោតសរសើរ ពីភាពរឹងមាំ និងការច្នៃប្រឌិតខ្ពស់ដល់មន្រ្តីនៃមណ្ឌលសុខភាព ដែលជាខ្សែបណ្តាយចុងក្រោយនៃប្រព័ន្ធសុខាភិបាល «ការសម្រេចបានតាមលទ្ធផលដែលជាទីរំពឹងទុក គឺជាភាពខ្លាំងក្នុងការដឹកនាំ ដោយឈរលើស្មារតីបុរេសកម្ម និងនវានុវត្តន៍របស់អ្នកដឹកនាំអង្គភាព»។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ ក៏បានចែករំលែកបទពិសោធន៍ និងផ្ដល់អនុសាសន៍ជាការអនុវត្តន៍ជាក់ស្តែងបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងអត្ថន័យ «ត្រូវស្គាល់ និងយល់ពីខ្លួនឯងម្នាក់ៗ ក្រុមការងារខ្លួន អង្គភាពខ្លួន ឱ្យបានច្បាស់ជាមុនសិន និងបន្តស្វែងយល់ជាប់ជាប្រចាំ ទាំងអំពីភាពខ្លាំង ពិសេសអំពីចន្លោះប្រហោងដែលត្រូវបំពេញ ទាំងសក្តានុពល ដែលមិនទាន់បានយកមកប្រើប្រាស់ និងធនធានមធ្យោបាយ ដែលកំពុងមាន និងកំពុងប្រើប្រាស់។ យ៉ាងនេះទើបប្រាកដថា ការធ្វើដំណើរលើផ្លូវសុខាភិបាល ក្តីស្រឡាញ់បម្រើប្រជាពលរដ្ឋយើង គឺធ្វើប្រកបដោយភាពជឿជាក់ ឈរលើទំនុកចិត្ត និងថែមទាំងមានលទ្ធភាព ទៅជាអង្គភាពគំរូក្នុងវិស័យ ចូលរួមចែករំលែកកិច្ចការល្អៗដល់គ្រប់សហភាតរៈទាំងអស់»។
សូមជម្រាបថាការចុះសួរសុខទុក្ខ និងពិនិត្យមើលពីវឌ្ឍនភាពការងារជាក់ស្ដែងនៅក្នុងមណ្ឌលសុខភាពស្វាយជុកនេះ ស្របពេលដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី និងប្រតិភូសុខាភិបាល ចុះបេសកកម្មរយៈពេល២ថ្ងៃនៅខេត្ដចំនួន២ ពោធិ៍សាត់ និងបាត់ដំបង ដែលក្នុងនោះលោកក៏បានឆ្លៀតឱកាសចុះទៅពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសំរោង មណ្ឌលសុខភាពបឹងបត់កណ្តោល មន្ទីរពេទ្យបង្អែកបាកាន នៅខេត្តពោធិ៍សាត់ និងមណ្ឌលសុខភាពពេជចង្វារទឹកដីខេត្ដកំពង់ឆ្នាំផងដែរ៕

















































