សម្តេចតេជោ ហ៊ុន សែន ផ្តាំក្រុមប្រឆាំងក្រៅប្រទេសដែលវាយប្រហារចំពោះការលើកឡើងរបស់សម្តេចអំពីការមិនផ្តោតលើការពង្រឹងយោធាកន្លងទៅថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ ត្រូវរៀនទៀត» (Video inside)
11-06-2026 18:55
(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានវាយប្រហារចំពោះពាក្យសម្តីរបស់សម្តេចអំពីការមិនផ្តោតលើការពង្រឹងយោធាកន្លងទៅ។ សម្តេចបានផ្តាំទៅក្រុមនេះថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់នោះទេ ត្រូវរៀនបន្ថែមទៀត បើរៀនជាតិនេះមិនអស់ទេ ត្រូវរៀនដល់ជាតិក្រោយទៀត»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះនិយាយទៅកាន់អ្នកប្រឆាំងនៅក្រៅស្រុកប៉ុន្មាននាក់ ដែលគ្រាន់តែខ្ញុំនិយាយពីការសុំទោសជាសាធារណៈអំពីការត្រៀមរៀបចំខ្លួនមិនបានគ្រប់គ្រាន់ វាចេញមកវ៉ៃប្រហារ (ក្រុមប្រឆាំង) ប៉ុន្តែ ហ្អែងស្គាល់ ហ៊ុន សែន ហើយស្គាល់ ហ៊ុន សែន តិចពេកហើយ [….] បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេត្រូវរៀនទៀត បើរៀនជាតិហ្នឹងមិនច្បាស់ទេ ជាតិក្រោយត្រូវរៀនទៀត ទើបដឹង»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅក្រុមប្រឆាំងជ្រុលនិយមថា នៅគ្រាដែលរាជរដ្ឋាភិបាលទិញរថយន្តយោធា និងយោទ្ធោបករណ៍យោធា គឺត្រូវក្រុមប្រឆាំងនេះហើយជាអ្នកចេញមករិះគន់មិនសំចៃមាត់ ដោយចោទប្រកាន់ថា សម្តេចបានចំណាយថវិកាខ្ជះខ្ជាយទៅវិញ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានវាយបកទៅក្រុមប្រឆាំងឱ្យដឹងច្បាស់ថា ដោយសារតែសម្តេចបានទិញរថយន្តយោធា និងសម្ភារៈយោធានេះហើយ ទើបធ្វើឱ្យកងទ័ពកម្ពុជា អាចធានានៅក្នុងការប្រយុទ្ធការពាទឹកដី ពីសង្គ្រាមជាមួយថៃ កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបកស្រាយចំពោះអ្វីដែលសម្តេចលើកឡើងពាក់ព័ន្ធនឹងចំណុចខ្វះខាតរបស់សម្តេចដោយមិនបានផ្តោតសំខាន់លើវិស័យយោធាកន្លងទៅ ហើយផ្តោតលើការអភិវឌ្ឍជាតិ។ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងនៅក្រៅស្រុកប៉ុន្មាននាក់នេះ គួរល្មមបញ្ឈប់សកម្មភាពប្រឆាំងមកលើរាជរដ្ឋាភិបាល និងសម្តេចទាំងងងឹតងងុលទៀតទៅ ហើយប្រសិនបើនៅតែប្រឆាំងទាំងបំពាននេះ សូមក្រុមប្រឆាំងរង់ចាំមើលលទ្ធផលថា នៅថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងម៉ាំខ្លាំងយ៉ាងណា។
បន្ថែមពីនេះ បុរសខ្លាំងកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្តេចក្នុងនាមជាអ្នកទទួលខុសត្រូវ ១រូបនៅក្នុងប្រទេសកម្ពុជា ជួយដល់រាជរដ្ឋាភិបាល ដើម្បីការពារជាតិ ទឹកដី។ ហើយសម្តេចនឹងឈានទៅជួយរាជរដ្ឋាភិបាល លើកិច្ចការងារដទៃទៀត លើកិច្ចការងារការពារជាតិ និងសន្ដិសុខជាតិ។ យើងមិនទុកឱ្យនរណាមើលងាយយើងទេ មិនទុកឱ្យនរណាប្រមាថយើងទេ យើងត្រូវមានសេចក្ដីថ្លៃថ្នូរលើការងារនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំដល់រោងចក្រផលិតឯកសណ្ឋានយោធា DSS ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ទៅលើគុណភាពនៃការផលិតរបស់ខ្លួន ដើម្បីធានាពីគុណភាព និងប្រសិទ្ធភាពខ្ពស់ ពីព្រោះបើសិនជាផលិតផលគ្មានគុណភាពទេគឺមិនត្រូវយកទៅបំពាក់ឱ្យកងទ័ពជាដាច់ខាត។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រយៈពេល៦ខែ នៃការផលិតឯកសណ្ឋានយោធា DSS នេះពីចំនួនតិច រហូតឡើងមកចំនួនច្រើន ហើយឥឡូវអាចមានលទ្ធភាពផលិតបានរាប់ម៉ឺនកំប្លេ។ «អាហ្នឹងសូមផ្តាំទៅអាឆ្កែ ប៉ុន្មានក្បាលនៅក្រៅប្រទេសនោះ អញនិយាយអ៉ីឡូវនេះពិបាកនិយាយជាមួយហ្អ្រែង ហៅឯកឧត្តម លោកជំទាវណាស់ គឺនិយាយអាណា មីណាអ៊ឹចឹងម៉ង វាពិបាក»។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចនឹងបន្តជួយរដ្ឋាភិបាល លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ ការពារជាតិ។ សម្តេចបានថ្លែងថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ។ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើង៕






































































