មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប
11-06-2026 19:01
(សៀមរាប)៖ លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ថ្នាក់ដឹកនាំមន្ទីរ, មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងខេត្តសៀមរាប បានចុះពិនិត្យការងារសត្តឃាតដ្ឋានគោ-ក្របី ដើម្បីវាយតម្លៃលើការអនុវត្តអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៦។
លោក បានគូសបញ្ជាក់ថា ខេត្តព្រះវិហារ មានធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋានចំនួន ៨ទីតាំង ក្នុងនោះក្រុមការងារបានចុះពិនិត្យទីតាំងសត្តឃាតដ្ឋានចំនួន ៥ទីតាំង ស្ថិតក្នុងស្រុករវៀង ស្រុកសង្គមថ្មី ក្រុងព្រះវិហារ និងស្រុកគូលែន។
ដោយឡែក សម្រាប់ខេត្តសៀមរាប មានសត្តឃាតដ្ឋានប្រភេទ «ខ» ចំនួន ១២ទីតាំង ដែលក្នុងនោះក្រុមការងារបានចុះពិនិត្យចំនួន ៥ទីតាំង ស្ថិតក្នុងស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។
សូមបញ្ជាក់ថា នាឆ្នាំកន្លងមកលោក ម៉ាន សុគ្រី បានចុះពិនិត្យ និងបានណែនាំឱ្យធ្វើការកែលម្អតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានអនាម័យគុណភាពសត្វ សាច់ និងផលិតផលសត្វ។
ជារួមម្ចាស់សត្តឃាតដ្ឋានបានធ្វើការកែលម្អ ឧបករណ៍ និងបំពាក់សម្ភារៈមួយចំនួនស្របតាមបទដ្ឋានបច្ចេកទេស តាមការណែនាំរបស់ក្រុមការងារ ប៉ុន្តែមិនទាន់បានពេញលេញនៅឡើយ។
ហេតុដូច្នេះ ក្រុមការងារបានណែនាំឱ្យម្ចាស់សត្តឃាតដ្ឋានធ្វើកិច្ចសន្យាឱ្យធ្វើការកែលម្អចំណុចខ្វះខាតទាក់ទងនឹងអនាម័យ ឧបករណ៍ប្រើប្រាស់និងបរិស្ថានជុំវិញ និងបានណែនាំឱ្យមន្ត្រីប្រចាំការតាមសត្តឃាតដ្ឋាននីមួយៗ ធ្វើរបាយការណ៍វឌ្ឍនភាពនូវចំណុចខ្វះខាតប្រចាំសប្តាហ៍ជូនមកការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីប្រធានការិយាល័យតាមបណ្តាខេត្តនីមួយៗរាយការណ៍បន្ត។
ក្រៅពីការងារតាមសត្តឃាតដ្ឋាន លោក ក៏បានណែនាំដល់ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងខេត្តទាំងពីរ ត្រូវសិក្សាពីសក្តានុពលនៃផលិតកម្មសត្វ និងទីផ្សារ ដើម្បីរៀបចំផែនការជំរុញផលិតកម្មសត្វសម្រាប់តម្រូវការទីផ្សារ និងការនាំចេញ៕












