អាស៊ាន-ចិន ដាក់ចេញកម្មវិធីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការឌីជីថល

11-06-2026 19:19

(សិនយ៉ាង-ចិន)៖ ប្រទេសចិន និងដៃគូអាស៊ីអាគ្នេយ៍របស់ខ្លួន បានដាក់ចេញនូវគំនិតផ្តួចផ្តើមពីរ ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការឌីជីថល និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ដោយកម្ពុជាបានស្វាគមន៍ចំពោះចលនានេះជាជំហានទាន់ពេលវេលាឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងតំបន់។

ភាគីទាំងពីរបានបង្ហាញគំនិតផ្តួចផ្តើមទាំងនេះដែលមានកម្មវិធីបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងស៊េរីដំណើរកម្សាន្តបេតិកភណ្ឌវប្បធម៌យុវជន ឆ្នាំ២០២៦ នៅឯវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ឆ្នាំ២០២៦ (2026 Media Cooperation Forum) នៅទីក្រុងសិនយ៉ាង ខេត្តលែវនីង កាលពីថ្ងៃអង្គារ។

កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាពប្រព័ន្ធផ្សព្វផ្សាយសម័យឌីជីថល លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមយុវជន និងអ្នកបង្កើតមាតិកាឌីជីថលទូទាំងតំបន់។

ថ្លែងនៅក្នុងវេទិកានេះលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការកម្មវិធីបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកបានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះគឺទាន់ពេលវេលា និងមានសារៈសំខាន់ ដោយសារអ្នកបង្កើតមាតិកាឌីជីថលកំពុងក្លាយជាដៃគូដ៏មានឥទ្ធិពលក្នុងទំនាក់ទំនងសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន»។

លោកបានលើកទឹកចិត្តអ្នកបង្កើតមាតិកាឱ្យផលិតមាតិកាដែលអាចទុកចិត្តបាន ពហុភាសា និងគោរពវប្បធម៌ ខណៈពេលដែលជួយកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំតាមរយៈការចូលរួមឌីជីថលដែលមានទំនួលខុសត្រូវ។

លោក ប្រាក់ ថាវអមិដា បានបន្តថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកដទៃទៀត ប្រទេសចិន ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នស្រាវជ្រាវ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងចែករំលែកអត្ថប្រយោជន៍រួមគ្នានៅទូទាំងតំបន់។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ «ការបង្រួបបង្រួមប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរីកចម្រើនរួមគ្នា៖ ការបើកជំពូកថ្មីក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» ធ្វើឡើងខណៈដែលភាគីទាំងពីរកំពុងរៀបចំដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនា និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេនៅឆ្នាំ២០២៦។

លោក ចាង ប៉ (Chang Bo) ប្រធានក្រុមទំនាក់ទំនងអន្តរជាតិចិន បានថ្លែងថា អង្គភាពសារព័ត៌មានដើរតួនាទីពិសេសក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។

លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកាន់តែស៊ីជម្រៅនឹងបង្កើតបរិយាកាសមតិសាធារណៈអំណោយផលសម្រាប់កិច្ចសហការនាពេលអនាគត។

លោក ណារ៉ារីយ៉ា ស៊ូប្រាប់តូ (Nararya Soeprapto) អគ្គលេខាធិការរងអាស៊ាន បានលើកឡើងថា ទំនាក់ទំនងរបស់ប្លុកជាមួយទីក្រុងប៉េកាំង គឺជាភាពជាដៃគូដ៏ស្វាហាប់បំផុតមួយរបស់ពិភពលោក ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់តំបន់នេះអស់រយៈពេល ១៧ឆ្នាំជាប់ៗគ្នា ខណៈដែលប្លុកនេះបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិនអស់រយៈពេល ៦ឆ្នាំកន្លងមក។

លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលភាគីទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍ដ៏សំខាន់របស់ពួកគេ។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាឌីជីថល ដោយផ្តល់វេទិកាមួយដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានដែលមានទស្សនវិស័យទៅមុខ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ចំពេលមានទិដ្ឋភាពព័ត៌មានឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស៕