គណៈកម្មាធិការវិនិយោគកម្ពុជា ជួបពិភាក្សាជាមួយគណៈប្រតិភូធុរកិច្ចបច្ចេកវិទ្យាអឺរ៉ុប ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល

11-06-2026 19:22

(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអឺរ៉ុប ដែលដឹកនាំដោយ លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មប្រចាំកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ថាមពលកកើតឡើងវិញ និងការស្វែងរកដៃគូធុរកិច្ចនៅកម្ពុជា។

ថ្លែងនាឱកាសនោះលោក សួន សុផល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល និងស្វែងរកដៃគូដែលមានសក្ដានុពលនៅកម្ពុជា ហើយលោកក៏បានជម្រាបជូនអំពីលក្ខណៈពិសេសនៃរបបវិនិយោគកម្ពុជា ដែលផ្តល់នូវកិច្ចសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងគោលនយោបាយបើកចំហ ក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ លោក សួន សុផល ក៏បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងនោះបច្ចេកវិទ្យាឌីជីថលត្រូវបានដាក់ចេញជាអាទិភាពគន្លឹះថ្មី ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយបរិយាបន្ន និងចីរភាព តាមរយៈការជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងថាមពលបៃតង។

នាឱកាសនោះដែរគណៈប្រតិភូធុរកិច្ចបច្ចេកវិទ្យាអឺរ៉ុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់វិនិយោគិន ហើយគណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍អំពីការរៀបចំកម្លាំងពលកម្មដើម្បីគាំទ្រដល់ការវិនិយោគក្នុងវិស័យខាងលើ។

ជាការឆ្លើយតបលោក សួន សុផល បានបញ្ជាក់ថា កម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីថ្នាក់ជាតិក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥លាននាក់ និងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund)។ ជាងនេះទៅទៀត វិនិយោគិនអាចសហការជាមួយវិទ្យាស្ថាន TVET ដើម្បីរៀបចំកម្មវិធីសិក្សាស្របតាមតម្រូវការជាក់ស្តែងផងដែរ៕