រសៀលស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ

11-06-2026 19:51

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង២៖០០នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស ក៏បានស្នើសុំការយោគយល់អាធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរផងដែរ ចំពោះការកកស្ទះពេលក្បួនឆ្លងកាត់។

បើតាមលោកឧត្តមសេនីយ៍ឯក យឹម លាង បានឲ្យដឹងថា សម្រាប់តម្រាយផ្លូវ នៃការហ្វឹកហាត់នេះ គឺចាប់ផ្ដើមចេញពី៖
១៖ បរិវេណមុខសាលមហាស្រពកោះពេជ្រ
២៖ ផ្លូវនាគបាញ់ទឹក
៣៖ វិមានឯករាជ្យ
៤៖ ផ្លូវព្រះសីហនុ
៥៖ អាគារ៤២ជាន់ ស្ដុបពេទ្យចិន (បត់ឆ្វេងតាមបណ្ដោយផ្លូវមុន្នីវង្ស)
៥៖ ស្ពានអាកាសសម្ដេចតេជោ ហ៊ុន សែន
៧៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)
៨៖ ឆ្ពោះទៅអាកាសដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល

*ដោយឡែកផ្លូវត្រលប់ចេញពីអាកាសយានដ្ឋានអន្ដរជាតិតេជោ
១៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)
២៖ មហាវិថីព្រះមុនីវង្ស
៣៖ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារ)
៤៖ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
*ដោយឡែកត្រឡប់ចេញពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
១៖ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន
២៖ មហាវិថីព្រះមុនីវង្ស
៣៖ ផ្លូបេកាសេ បត់ឆ្វេងមកផ្លូវភ្លោះពេទ្យអង្គឌួង
៤៖ មហាវិធីព្រះនរោត្តម
៥៖ គោលដៅបញ្ចប់នៅនាយកដ្ឋានអង្គរក្ស៕