សម្ដេចម៉ែ បង្ហាញក្ដីសព្វព្រះរាជហឫទ័យ វឌ្ឍនៈភាពការងារនិងប្លង់គោល នៃព្រះសារៈមន្ទីរក្នុងខេត្តស្ទឹងត្រែង ដែលជាការចងចាំវីរៈភាពរបស់ព្រះបរមរតនកោដ្ឋ

11-06-2026 19:54

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីសព្វព្រះរាជហឫទ័យ នូវវឌ្ឍនៈភាពការងារ និងរូបភាពប្លង់គោល នៃព្រះសារៈមន្ទីរ ក្នុងខេត្តស្ទឹងត្រែង ដែលជាស្ថាបត្យកម្មដ៏ស្អាត និងជាការចងចាំព្រះវីរៈភាពរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមួយព្រះជន្មបានបម្រើប្រជាជាតិ ប្រជារាស្ត្រ មាតុភូមិកម្ពុជា ជាទីស្នេហារបស់ព្រះអង្គ។ នេះបើតាមសារលិខិតរបស់សម្ដេចម៉ែ ជូន លោក យុ ឆាំង ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សារលិខិតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចតទៅ៖ « ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលិខិតចុះថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៦ ទូល ថ្វាយវឌ្ឍនៈភាពការងារ និងរូបភាពប្លង់គោល ព្រះសារៈមន្ទី ក្នុងខេត្តស្ទឹងត្រែង ដែលជា ស្ថាបត្យកម្មដ៏ស្អាត និងជាការចងចាំព្រះវីរៈភាពរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមួយព្រះជន្មបានបម្រើប្រជាជាតិ ប្រជារាស្ត្រ មាតុភូមិកម្ពុជា ជាទីស្នេហារបស់ ព្រះអង្គ ។

សូមឯកឧត្តមនាយក និងបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងបុគ្គលិក ព្រះ រាជបណ្ណាល័យហ្លួងម៉ែ ទាំងអស់បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្ដីរាប់អាន អំពីខ្ញុំ»៕