អ្នកស្រាវជ្រាវ៖ ការធ្វើពហិការ និងការឆ្លើយតបទៅនឹងអវត្តមានផលិតផលថៃ
11-06-2026 20:26
(ភ្នំពេញ)៖ ជម្លោះកម្ពុជា-ថៃ ដែលចាប់ផ្ដើមនៅឆ្នាំ២០២៥ បានបង្ហាញថាវាជាវិបត្តិធ្ងន់ធ្ងរបំផុតមួយក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប លោក វៀង ហួរ បានមើលឃើញថា ការប៉ះទង្គិចគ្នាខាងយោធាតាមបណ្តោយតំបន់ព្រំដែនដែលមានជម្លោះបានរីករាលដាលទៅជាការប្រឈមមុខដាក់គ្នាខាងនយោបាយ និងសេដ្ឋកិច្ចកាន់តែក្តៅកកុក។
ជាលទ្ធផល ព្រំដែនត្រូវបានបិទទាំងស្រុង លំហូរពាណិជ្ជកម្មត្រូវបានរកាត់ផ្តាច់ ហើយអារម្មណ៍ជាតិនិយមកាន់តែផ្ទុះខ្លាំងឡើងនៅក្នុងប្រទេសទាំងពីរ។ ជាងនេះទៅទៀតវាបានលេចចេញនៅ ការធ្វើពហិការទ្រង់ទ្រាយធំចំពោះផលិតផលថៃក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាទូទាំងប្រទេសតែម្តង។
អ្នកស្រាវជ្រាវវ័យរូបនេះបានមើលឃើញថា សម្រាប់កម្ពុជា ការធ្វើពហិការនេះ មិនមែនគ្រាន់តែជាអារម្មណ៍ខឹងស្អប់នោះទេ។ វាត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា និងជាមធ្យោបាយមួយដើម្បីពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជាផងដែរ។
បើទោះបីជាមានចលនាធ្វើពហិការក៏ដោយ ក៏គេនៅតែឃើញផលិតផលថៃនៅតែបន្តហូរចូលមកក្នុងប្រទេសកម្ពុជា ទោះបីជាបរិមាណពាណិជ្ជកម្មត្រូវបានរាយការណ៍ថាបានធ្លាក់ចុះក៏ដោយចុះ។ នៅត្រង់នេះវាបង្កើតជាសំណួរសំខាន់មួយថា៖ ហេតុអ្វីបានជាផលិតផលថៃនៅតែមានវត្តមាននៅក្នុងទីផ្សារកម្ពុជា ខណៈពេលព្រំដែនត្រូវបានបិទទាំងស្រុងហើយនោះ? ហើយតើកម្ពុជាអាចទទួលបានអ្វីខ្លះពីការបន្តធ្វើពហិការនេះ?
* ការបិទព្រំដែន
ពិតណាស់ កម្ពុជាមិនដែលមានបំណងបិទព្រំដែនជាមួយថៃនោះទេ អ្វីគ្រប់យ៉ាងគឺផ្តើមចេញពីថៃទាំងអស់ ការបិទព្រំដែននេះក៏ជាការផ្តួចផ្តើមរបស់ថៃដែរ។ ជាក់ស្តែងប្រទេសថៃបានដាក់កំហិត និងបិទច្រកព្រំដែនជាច្រើនជាមួយប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃភាពតានតឹងកើនឡើង។ អាជ្ញាធរថៃបានបញ្ជាក់ថា វិធានការទាំងនេះគឺចាំបាច់ដោយលើកឡើងពីក្តីបារម្ភផ្នែកសន្តិសុខ ខណៈដែលភាពតានតឹងកំពុងកើនឡើងជុំវិញជម្លោះព្រំដែន ។
* ពាណិជ្ជកម្មមុនជម្លោះ
មុនវិបត្តិឆ្នាំ២០២៥ កម្ពុជា និងថៃបានរក្សាចំណងសេដ្ឋកិច្ចយ៉ាងស្អិតរមួត។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា (លេខ៤) និងជាប្រភពនាំចូលដ៏សំខាន់នៃទំនិញប្រើប្រាស់ សម្ភារៈឧស្សាហកម្ម គ្រឿងចក្រ យានយន្ត អគ្គិសនី និងប្រេងឥន្ធនៈផងដែរ ហើយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុបរហូតដល់ ១០.៤៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ដែលចងក្រងដោយ Trading Economics ប្រទេសថៃបាននាំចេញទំនិញប្រមាណ ៩.២៣ពាន់លានដុល្លារអាមេរិកចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ ក្នុងឆ្នាំដដែលនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានចំនួនតែ ៨៤៤.៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ ។ ប្រភពដដែលបានបញ្ជាក់ថា ការនាំចូលរបស់កម្ពុជាពីប្រទេសថៃមានចំនួន ៣.៤៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ។
តួរលេខនេះបានប្រាប់យើងថា កម្ពុជាមានឱនភាពពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយប្រទេសថៃ។ កម្ពុជាទិញទំនិញពីប្រទេសថៃច្រើនជាងលក់ចេញទៅវិញ និងជាភស្តុតាងដែលបង្ហាញថា កម្ពុជាបានពឹងផ្អែកលើការនាំចូលរបស់ថៃច្រើនពេក ហើយគួរតែធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន។
* ផលិតផលយុទ្ធសាស្ត្រថៃនៅលើទីផ្សារកម្ពុជា
ជាការពិត ថៃដាក់ក្តីរំពឹងខ្ពស់ថាសេដ្ឋកិច្ចកម្ពុជា នឹងរង្គោះរង្គើប្រសិនបើអវត្តមានដៃគូពាណិជ្ជកម្មដូចជាថៃ។ មានអ្នកនយោបាយថៃមិនតិចទេដែលយល់ថាកម្ពុជានឹងសុំចុះចាញ់ដោយខ្លួនឯងក្រោមសម្ពាធសេដ្ឋកិច្ចនេះ។ ជាក់ស្តែងក្នុងអំឡុងពេលសម្ភាសន៍នៅលើប៉ុស្តិ៍ទូរទស្សន៍ថៃ PPTV HD 36 នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ លោក Kornkasiwat Kasemsri មកពីគណបក្ស Palang Pracharath ដែលជាគណបក្សប្រឆាំង បាននិយាយថា «កម្ពុជានឹងចុះចាញ់ព្រមតាមការទាមទារទាំងអស់របស់ថៃក្នុងរយៈពេលមួយខែ ប្រសិនបើប្រទេសថៃឈប់លក់ប្រេងឲ្យកម្ពុជា»។
មិនត្រឹមតែប្រេងនេះទេ ថៃបានបានប្រើសម្តីធ្ងន់ៗមកកាន់កម្ពុជាផងដែរថា កម្ពុជានឹងមិនមានថាមពលអគ្គិនី និងអ៊ីនធើណែតប្រើទេប្រសិនបើថៃកាត់ផ្តាច់ការនាំចូល ពីព្រោះគេយល់ថានេះជាទំនិញយុទ្ធសាស្រ្តរបស់គេដែលអាចសម្លាប់កម្ពុជាបាន ដោយប្រេងឥន្ធនៈ គឺជាធាតុចូលសេដ្ឋកិច្ចដ៏សំខាន់មួយ ពីព្រោះវាគាំទ្រដល់ការដឹកជញ្ជូន ការផលិត កសិកម្ម ភស្តុភារកម្ម និងការផលិតអគ្គិសនី។ បើមើលតួរលេខគឺពិតជាឲ្យកម្ពុជាព្រួយបារម្ភមែន យោងតាម OEC កម្ពុជានាំចូលប្រេងឥន្ទៈពីថៃចំនួន ១.៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។
បើយោងតាមក្រសួងថាមពលប្រទេសថៃ ថៃបាននាំចេញប្រេងឥន្ធនៈចំនួន ២.២៩ពាន់លានលីត្រទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ ដែលជាមធ្យម ៦.២៥លានលីត្រក្នុងមួយថ្ងៃ ដែលស្មើនឹង ២១.១% នៃការនាំចេញប្រេងឥន្ធនៈសរុបរបស់ប្រទេសថៃទាំងមូល ហើយកម្ពុជាគឺជាទីផ្សារនាំចេញប្រេងឥន្ធនៈធំទីពីររបស់ប្រទេសថៃ បន្ទាប់ពីប្រទេសសិង្ហបុរី។ យោងតាម The Nation កម្ពុជានាំចូលប្រេង ៦០% ពីថៃ។ ត្រង់នេះការពហិការរបស់កម្ពុជាគឺស្មើនឹងកម្ទេចចោលប្រាក់ ១,៣ពាន់លានដុល្លារ ភ្លាមៗចេញពីសេដ្ឋកិច្ចថៃអ៊ីចឹងដែរ។
ក្រៅពីការនាំចូលយានយន្តក្នុងទំហំទឹកប្រាក់ ៥២៨លានដុល្លារអាមេរិកពីប្រទេសថៃ កម្ពុជាក៏បាននាំចូលគ្រឿងចក្រ (២២៣លានដុល្លារអាមេរិក) ឧបករណ៍អគ្គិសនី (២០៣លានដុល្លារអាមេរិក) ជី (៩៧លានដុល្លារអាមេរិក) ផ្លាស្ទិច (៧៨លានដុល្លារអាមេរិក) និងផលិតផលដែក និងដែកថែប (៧៧លានដុល្លារអាមេរិក)។ តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់ប្រទេសថៃក្នុងនាមជាអ្នកផ្គត់ផ្គង់ទំនិញឧស្សាហកម្ម កសិកម្ម និងទំនិញប្រើប្រាស់ដល់ប្រទេសកម្ពុជាដូចគ្នាអ៊ីចឹងដែរ។
ពិតណាស់ កម្ពុជាបានមើលឃើញពីហានិភ័យខ្ពស់ដែលពឹងផ្អែកខ្លាំងលើទំនិញរបស់ថៃនេះយូរណាស់មកហើយ The Nation ខ្លួនឯងបានផ្សាយថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ការពឹងផ្អែករបស់កម្ពុជាលើទំនិញថៃបានធ្លាក់ចុះ ដោយជំនួសការនាំចូលពីប្រទេសចិន និងវៀតណាមកំពុងកើនឡើងជាលំដាប់។ ចំណែកទីផ្សាររបស់ប្រទេសថៃនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះពី ៥០% មកនៅត្រឹម ៣០%។ នៅត្រង់នេះគឺវាបែបនេះមែន ការបិទការនាំចូលឥន្ទៈពីប្រទេសថៃ កម្ពុជាបានបង្វែការនាំចូលពីប្រទេសវៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងចិនជំនួសមកវិញ។
* ហេតុអ្វីបានជាផលិតផលថៃ នៅតែបន្តចូលមកក្នុងប្រទេសកម្ពុជា?
បើទោះបីប្រជាជនទូទាំងនគរគាំទ្រការធ្វើពហិការ ហើយសង្ឃឹមថាផលិតផលថៃនឹងបាត់វត្តមានចេញពីទីផ្សារកម្ពុជាក៏ដោយ។ ការពិតនៃសេដ្ឋកិច្ចធ្វើឱ្យមានការផ្ដាច់ខ្លួនទាំងស្រុងនៃផលិតផលថៃភ្លាមៗគឺពិតជាមានការលំបាក។ លំបាកនៅត្រង់ថា ខ្សែសង្វាក់ផ្គត់ផ្គង់ទំនើបៗដែលត្រូវបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ អាជីវកម្មថៃនានាបង្កើតទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ បណ្តាញដឹកជញ្ជូន បណ្តាញចែកចាយ និងប្រព័ន្ធស្តុកទំនិញដែលរឿងទាំងអស់នេះមិនអាចជំនួសបានក្នុងរយៈពេលមួយយប់បានឡើយ។ លើសពីនេះ ផលិតផលថៃមួយចំនួននៅតែបន្តមានការប្រកួតប្រជែងទាក់ទងនឹងតម្លៃ គុណភាព និងភាពងាយស្រួលដឹកជញ្ជូន ដោយសារតែទីតាំងភូមិសាស្ត្រ និងសមត្ថភាពផលិតរបស់ប្រទេសថៃ។
បើមើលតួរលេខនេះ យើងនឹងដឹងច្បាស់ហើយថាការពហិការរបស់កម្ពុជា និងការបិទព្រំដែនវាមិនបានទៅលុបបំបាត់ទាំងស្រុងនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃនោះទេ។ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានរាយការណ៍ថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ៩២៥.៤៥លានដុល្លារ ធ្លាក់ចុះ ៣៨.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់ប្រទេសថៃមានតម្លៃ ២៣៤.៩២លានដុល្លារ ធ្លាក់ចុះ ២៨.៣% ខណៈដែលការនាំចូលមានចំនួនសរុប ៦៩០.៥៣លានដុល្លារ ធ្លាក់ចុះ ៤០.៨%។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ទំនិញមួយចំនួនបានថយចុះ ៧០% ប៉ុន្តែការនាំចូលមិនទាន់បញ្ឈប់ទាំងស្រុងនៅឡើយទេ។ លោកបន្ថែមថា គ្រឿងបន្លាស់រថយន្តមួយចំនួននៅតែត្រូវការនាំចូល ពីព្រោះមុនពេលមានជម្លោះ រោងចក្រផលិតម៉ាស៊ីនមានទីតាំងនៅទីនោះ រោងចក្រផលិតគ្រឿងបន្លាស់នៅកន្លែងផ្សេង និងរោងចក្រដំឡើងនៅកន្លែងផ្សេង។ គ្រឿងបន្លាស់ម៉ាស៊ីនកសិកម្មមួយចំនួនក៏នៅតែត្រូវបាននាំចូលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចូលប្រេង ឧស្ម័ន ផ្លែឈើ និងបន្លែត្រូវបានបញ្ឈប់ទាំងស្រុង។
លោកបានកត់សម្គាល់ថា អ្នកខ្លះនៅតែបន្តចូលតាមរយៈការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាស ដោយសារតែកម្ពុជាមិនទាន់បានកាត់ផ្តាច់លំហូរពាណិជ្ជកម្មទាំងស្រុង ហើយសកម្មភាពពាណិជ្ជកម្មទ្វេភាគីមានកម្រិតនៅតែបន្ត។
ជាក់ស្តែងវាពិតប្រាកដមែនមិនថាការ៉ាស់សាំង PTT ឬ ការហ្វេ Amazon នោះទេ មួយចំនួនគឺនៅតែបន្តប្រតិបត្តិការយ៉ាងសកម្មដូចធម្មតា ហើយតាមការអង្កេតគឺនៅមានមនុស្សចូលជាធម្មតា វាពិតជារឿងគួរឲ្យចម្លែកខ្លាំងមែនទែន។ ហើយសូមបញ្ជាក់បន្តិចថាក្រុម PTT នេះគឺជាក្រុមហ៊ុនរបស់រដ្ឋថៃ ដែលជាក្រុមហ៊ុនធំជាងគេបំផុតរបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនរកចំណូលបានច្រើនជាគេក្នុងទំហំទឹកប្រាក់ជាង ៨០ពាន់លានដុល្លាជារៀងរាល់ឆ្នាំ។ បើនិយាយក្នុងចំណាត់ថ្នាក់លេខ១០ ដែលជាក្រុមហ៊ុនរកចំណូលបានច្រើនជាងគេនៅថៃ យោងតាម Companies Market Cap គឺមានក្រុមហ៊ុន PTT ចំនួន៣ ទៅហើយក្នុងចំណោម១០នេះ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រុមហ៊ុន Siam Cement Group ហៅកាត់ថា (SCG) ដែលជាក្រុមហ៊ុនប្រតិបត្តិក្នុងវិស័យសំណងធំជាងគេនៅប្រទេសថៃក៏ស្ថិតនៅកំពូលតារាងនៃចំណាត់ថ្នាក់នេះដែរ។ គួរឲ្យចាប់់អារម្មណ៍នៅត្រង់ថា SCG នេះជាក្រុមហ៊ុនដែលបង្កើតឡើងដោយរាជក្រឹត្យស្តេចថៃក្នុងឆ្នាំ១៩១៣ បច្ចុប្បន្នក្រុមហ៊ុនជាក្រុមហ៊ុនដែលចំណាស់ជាងគេបំផុតមួយនៅប្រទេសថៃ និងអាស៊ីអាគ្នេយ៍។ ហើយបើយោងតាម Reuters និងគេហទំព័រក្រុមហ៊ុនស្តេចថៃ ដែលកំពុងគង់លើរាជបល្ល័យសព្វថ្ងៃនេះ ជាអ្នកកាន់ភាគហ៊ុនធំជាងបំផុតរបស់ក្រុមហ៊ុនដែលមានចំនួន ៣៣.៦៤%។
អ្វីដែលជាចម្ងល់កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ចំថ្ងៃដែលពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានតែម្តង លោក ធម្មសាក់ សេដ្ឋាឧត្តម (Thammasak Sethaudo) ជាប្រធាន និងនាយកប្រតិប្តតិក្រុមហ៊ុននេះបានលើកឡើងថា «ជម្លោះទឹកដីដែលកំពុងបន្តរវាងកម្ពុជា-ថៃ មិនទាន់បានប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជានៅឡើយទេ»។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post ។ ការលើកឡើងរបស់លោកត្រង់ចំណុចនេះបានបង្ហាញថាអាជីវកម្មរបស់ខ្លួននៅបន្តប្រតិបត្តិការណ៍ជាប្រក្រតីឬក៏យ៉ាងណាទៅវិញ?
យោងតាមរបាយការណ៍របស់ក្រុមហ៊ុននេះតម្រូវការទីផ្សារស៊ីម៉ង់ត៍នៅកម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៦ នេះគឺនៅតែមានតម្រូវការខ្ពស់ដដែល។ នៅក្នុងប្រតិបត្តិការណ៍របស់ខ្លួននៅកម្ពុជា SCG កើបលុយពីកម្ពុជាចំនួន ៤៥១លានដុល្លារក្នុងឆ្នាំ២០១៩ នេះបើយោងតាម Khmer Time ។ ក្នុងឆ្នាំ២០២៣ យោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនដែលចុះផ្សាយដោយគេហទំព័រ The Investor, SCG រកចំណូលបានពីកម្ពុជាចំនួន ៣១៣.៣លានដុល្លារ ។ ហើយបច្ចុប្បនេះ SCG មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន៧ ដែលមានវត្តមាននៅកម្ពុជាដែលភាគច្រើនគឺស្ថិតក្នុងវិស័យសំណង នេះបើយោងតាមគេហទំព័រផ្លូវការណ៍របស់ SCG។
បើយើងមើលតួរលេខពាណិជ្ជកម្ម និងប្រតិបត្តិការណ៍របស់ PTT ការហ្វេ Amazon និងផលិតផលមួយចំនួនទៀតនៅតែបន្តមាននៅកម្ពុជា។ ក៏ប៉ុន្តែវត្តមាននៃផលិតផលថៃនៅក្នុងប្រទេសកម្ពុជាមិនបានបង្ហាញថា ការធ្វើពហិការបានបរាជ័យនោះទេ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃការរៀបចំរចនាសម្ព័ន្ធទំនាក់ទំនងពាណិជ្ជកម្មរវាងសេដ្ឋកិច្ចប្រទេសទាំងពីរទៅវិញទេ។
* តក្កវិជ្ជាសេដ្ឋកិច្ចនៅពីក្រោយការធ្វើពហិការ
អ្នកជំនាញខ្មែរជាច្រើនអះអាងថា ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលរបស់ថៃបានក្លាយជាចំណុចខ្សោយជាយុទ្ធសាស្ត្រ។ ពីព្រោះថា ព្រឹត្តិការណ៍សង្រ្គាមឆ្នាំ២០២៥ បានបង្ហាញពីហានិភ័យដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសជិតខាងសម្រាប់ទំនិញសំខាន់ៗ ដូចជា ឥន្ធនៈ ឧបករណ៍ដឹកជញ្ជូន និងការផ្គត់ផ្គង់ឧស្សាហកម្ម។ បាតុភូតនេះវាបានឆ្លុះបញ្ចាំងពីគោលគំនិតសេដ្ឋកិច្ចទូលំទូលាយមួយដែលគេស្គាល់ថាជា ភាពធន់នៃសេដ្ឋកិច្ច។ យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចដែលរក្សាទំនាក់ទំនងពាណិជ្ជកម្មចម្រុះជាទូទៅអាចទប់ទល់នឹងផលប៉ះពាល់ខាងក្រៅ ដូចជាជម្លោះនយោបាយ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់បានល្អជាង។
តាមទស្សនៈនេះ ការធ្វើពហិការមិនមែនគ្រាន់តែជាប្រតិកម្មចំពោះវិបត្តិនយោបាយនោះទេ។ ផ្ទុយទៅវិញ វាត្រូវបានមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីលើកទឹកចិត្តដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយភាពងាយរងគ្រោះទៅវិញទេ។
* លើកកម្ពស់ផលិតផលក្នុងស្រុក
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដែលត្រូវបានលើកឡើងញឹកញាប់បំផុតនៃពហិការគឺឱកាសដើម្បីពង្រីកផលិតកម្មក្នុងស្រុក។ នៅពេលដែលអ្នកប្រើប្រាស់ជ្រើសរើសទំនិញដែលផលិតក្នុងស្រុកជំនួសឱ្យផលិតផលនាំចូល អាជីវកម្មកម្ពុជាអាចទទួលបានចំណែកទីផ្សារដែលពីមុនត្រូវបានគ្របដណ្ដប់ដោយផលិតផលបរទេស។
វាជាការពិត បើតាមលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា «ផលិតផលកម្ពុជាបានក្តាប់ទីផ្សារក្នុងស្រុកប្រហែល ៣០% ក្រោយពលរដ្ឋពហិការផលិតផលថៃ»។ លោកបន្ថែមថា ជិត២០ឆ្នាំមុន ផលិតផលកម្ពុជាកាន់កាប់ត្រឹមតែប្រហែល២% នៃចំណែកទីផ្សារប៉ុណ្ណោះ។ យោងតាមធនាគារពិភពលោក ការពង្រីកផលិតកម្មក្នុងស្រុកនៅតែជាមាគ៌ាមួយក្នុងចំណោមមាគ៌ាសំខាន់បំផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងស្វែងរកការបង្កើនការងារ បង្កើនផលិតភាព និងឈានឡើងលើខ្សែសង្វាក់តម្លៃសកល។
ដូច្នេះការធ្វើពហិការមិនត្រឹមគ្រាន់តែជាសារនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយន្តការមួយដែលអាចលើកទឹកចិត្តដល់ការវិនិយោគកាន់តែច្រើននៅក្នុងឧស្សាហកម្មក្នុងស្រុកផងដែរ។ មិនតែប៉ុណ្ណោះ បើតម្រូវការខ្ពស់សម្រាប់ផលិតផលកម្ពុជាអាចរួមចំណែកដល់ការបង្កើតការងារជូនប្រជាជនថែមទៀតផង។
* ពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សង្រ្គាមឆ្នាំ២០២៥ បានបង្ហាញថាទំនាក់ទំនងពាណិជ្ជកម្មអាចត្រូវបានរំខានដោយភាពតានតឹងខាងភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស និងព្រួយបារម្ភខ្ពស់។ កម្ពុជាគួរតែរៀនសូត្រពីវិបត្តិនេះ ដោយធានាថា វិស័យសំខាន់ៗដូចជា ប្រេងឥន្ធនៈ ម្ហូបអាហារ ការដឹកជញ្ជូន និងធាតុចូលសំខាន់ៗនៃឧស្សាហកម្ម ត្រូវបង្កើតការនាំចូលពីប្រភពច្រើនផ្សេងគ្នា ជាជាងពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសតែមួយ។ តាមទស្សនៈនេះ ការធ្វើពិពិធកម្មមិនមែនគ្រាន់តែជាគោលបំណងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការពិចារណាលើសន្តិសុខជាតិផងដែរ។
* តើប៉ះពាល់ដល់សេដ្ឋកិច្ចថៃទេ?
ជាការពិតសេដ្ឋកិច្ចថៃធំជាងកម្ពុជាឆ្ងាយណាស់ គ្រាន់តែចំណូលបានមកពីវិស័យទេសចរណ៍របស់ថៃមួយគឺសឹងថាស្មើ GDP របស់កម្ពុជាបាត់ទៅហើយ។ បើមើលលើតួរលេខការសេដ្ឋកិច្ចសួរថានរណាខាតជាង គឺប្រាកដជាថៃ តែបើសួរថា ការធ្វើពហិការអាចធ្វើឲ្យសេដ្ឋកិច្ចថៃរលំបានទេ? ជាការពិតសេដ្ឋកិច្ចថៃតាមការព្យាករកំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២៦ នេះមានមិនដល់ ២% ទេ។ នេះជាកំណើតទាបជាងគេបំផុតនៅអាស៊ាន ខណៈកម្ពុជារក្សាបានកំណើនចន្លោះ ៤.៥% ទៅ ៦% ជារាងរាល់ឆ្នាំ។ ដូច្នេះការធ្វើពហិការនេះទំនងជាមិនបង្កការរំខានខ្លាំងពេកដល់សេដ្ឋកិច្ចប្រទេសថៃទេ។ តែការពហិការនេះ បើមិនអាចធ្វើឲ្យថៃគ្រុនក្តៅធំក៏ផ្តាសសាយដែរ។ ជាពិសេសអ្នកនៅតាមបន្ទាត់ព្រំដែននេះតែម្តង។
ក៏ប៉ុន្តែមានឧទាហរណ៍មួយដែរថា ថៃ គឺពិតជាឈឺពិតមែនក្រោយកម្លាំងមហាសាមគ្គីពហិការកម្ពុជា ដោយនៅ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់គ្រប់គ្រងស្ថានភាពព្រំដែនថៃ-កម្ពុជា បានដាក់ចេញវិធានការយុទ្ធសាស្ត្រចំនួន០៥ ដើម្បីគាំទ្រដល់កសិករដែលរងផលប៉ះពាល់ដោយការហាមឃាត់ការនាំចូលផ្លែឈើ និងបន្លែរបស់ថៃចូលមកកម្ពុជា។ នេះបើតាមការចុះផ្សាយ The Nation ។ នៅត្រង់នេះបើថា ថៃ មិនប៉ះពាលអ្វីថាតើរដ្ឋាភិបាលថៃដាក់ចេញនៅវិធានការណ៍ទាំងនេះធ្វើអ្វី?
* ហើយអ្វីយើងគួរតែបន្តពហិការទំនេញថៃបន្តទៀត?
វាមិនមែនត្រឹមតែការពហិការនេះហើយអ្វីៗនឹងប្រសើរនោះទេ! សំណួរដ៏ធំជាងនេះគឺថាតើកម្ពុជាអាចប្រែក្លាយពេលវេលានៃភាពតានតឹងនយោបាយ និងសង្រ្គាមឆ្នាំ២០២៥ នេះទៅជាឱកាសសម្រាប់ការពង្រឹងសេដ្ឋកិច្ចបានដែរឬទេ?
ប្រវត្តិសាស្ត្របង្ហាញថា ប្រទេសជាច្រើនបានប្រើប្រាស់រយៈពេលនៃវិបត្តិដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ។ ប្រទេសខ្លះទទួលបានជោគជ័យដោយសារតែពួកគេបានវិនិយោគលើសមត្ថភាពផលិតភាព និងការអភិវឌ្ឍឧស្សាហកម្ម ដូចជាប្រទេស កូរ៉េខាងត្បូង ចិន និងសិង្ហបុរីសុទ្ធជាគំរូនៃម៉ូដែលដែលបានជោគជ័យលើកិច្ចការនេះ។ ដូច្នេះ ភាពជោគជ័យនាពេលអនាគតនៃការឆ្លើយតបរបស់កម្ពុជាលើផលិតផលថៃនឹងមិនអាស្រ័យលើចំនួនផលិតផលថៃដែលបាត់ពីធ្នើរហាងនៅកម្ពុជានោះទេ ប៉ុន្តែអាស្រ័យលើថាតើកម្ពុជាអាចអភិវឌ្ឍសមត្ថភាពក្នុងការផលិតបានកាន់តែច្រើននៅអ្វីដែលខ្លួនប្រើប្រាស់ឬអត់។
* មេរៀនពីសេដ្ឋកិច្ចវិទូ ហ្វ្រីដរិច លីស៖ អភិវឌ្ឍនជាតិ មុននឹងធ្វើពាណិជ្ជសេរី
ហ្វ្រីដរិច លីស (Friedrich List) ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាអ្នកតស៊ូមតិដ៏មានឥទ្ធិពលបំផុតមួយនៃការអភិវឌ្ឍឧស្សាហកម្មបានលើកឡើងថា «អំណាចនៃការបង្កើតទ្រព្យសម្បត្តិ គឺមានសារៈសំខាន់ជាងទ្រព្យសម្បត្តិខ្លួនឯងទៅទៀត »។ "The power of producing wealth is infinitely more important than wealth itself." អំណះអំណាងរបស់លោកគឺថា ប្រទេសកំពុងអភិវឌ្ឍន៍គួរតែផ្តោតការយកចិត្តទុកដាក់ជាមុនសិនលើការកសាងសមត្ថភាពផលិត មុនពេលពឹងផ្អែកទាំងស្រុងលើពាណិជ្ជកម្មអន្តរជាតិ។
អំណះអំណាងរបស់លោក ហ្វ្រីដរិច លីស មិនមែនមានន័យថាកម្ពុជាគួរបដិសេធពាណិជ្ជកម្មពីខាងក្រៅនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញថា កម្លាំងសេដ្ឋកិច្ចអាស្រ័យលើសមត្ថភាពរបស់ប្រទេសមួយក្នុងការផលិតទំនិញ បង្កើតការងារ និងបង្កើតសមត្ថភាពបច្ចេកវិទ្យា ជាជាងពាណាជ្ជកម្មពីខាងក្រៅ។
* ហា-ជុន ឆាង៖ ប្រទេសដែលជោគជ័យ គឺគេបានការពារឧស្សាហកម្មរបស់ពួកគេ
អ្នកសេដ្ឋកិច្ច ហា-ជុន ឆាង (Ha-Joon Chang) មកពីសាកលវិទ្យាល័យ Cambridge បានអះអាងថា ប្រទេសអ្នកមានជាច្រើននាពេលបច្ចុប្បន្ននេះបានអភិវឌ្ឍន៍ខ្លួនតាមរយៈគោលនយោបាយឧស្សាហកម្មសកម្ម មុនពេលទទួលយកការប្រកួតប្រជែងទីផ្សារសេរី។
នៅក្នុងសៀវភៅដ៏មានឥទ្ធិពលរបស់គាត់ក្រោមចំណងជើងថា Kicking Away the Ladder បានលើកឡើងថា «ប្រទេសអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន មិនបានក្លាយជាប្រទេសអ្នកមាន និងរីកចម្រើន ដោយសារគោលនយោបាយ និងស្ថាប័ន ( IMF, WB) ដែលពួកគេកំពុងណែនាំឱ្យប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តសព្វថ្ងៃនោះទេ»។ "The developed countries did not get where they are through the policies and institutions they now recommend to developing countries."
អាចមើលការអភិវឌ្ឍឧស្សាហកម្មច្រើនតែចង្អុលបង្ហាញឧទាហរណ៍ដូចជានៅ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងចិន ប្រទេសទាំងនេះសុទ្ធសឹងតែប្រែក្លាយការឈឺចាប់ មាក់ងាយពីរដ្ឋបរទេសទៅជាកម្លាំងដើម្បីអភិវឌ្ឍន៍សមត្ថភាពផលិតក្នុងស្រុករបស់ខ្លួបឲ្យកាន់តែទំលំទូលាយ និងរឹងមាំ។ ចំពោះប្រទេសកម្ពុជា មេរៀនគឺថា ការកាត់បន្ថយការពឹងផ្អែកលើការនាំចូលវាមានអត្ថន័យលុះត្រាតែវាត្រូវបានអមដោយការវិនិយោគដែលបង្កើនសមត្ថភាពផលិតភាពក្នុងស្រុក បើមិនដូច្នោះទេការពហិការនេះគ្មានន័យអ្វីសោះឡើយ។
ជារួមការធ្វើពហិការផលិតផលថៃបានកើតចេញពីសង្រ្គាមឈ្លានពាន បានធ្វើឲ្យយើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស។ មនុស្សមួយក្រុមមើលឃើញចលនានេះជាឧបករណ៍មួយដ៏សំខាន់សម្រាប់ពង្រឹងភាពធន់របស់ជាតិ លើកទឹកចិត្តដល់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា។ ខណៈអ្នករិះគន់ព្រមានថា ការធ្វើពហិការអាចបង្កើតការចំណាយខ្ពស់ជាងមុន ការរំខានដល់ការផ្គត់ផ្គង់ និងផលវិបាកសេដ្ឋកិច្ចដែលមិនធ្លាប់បានត្រៀមទុកជាមុន។
ទស្សនៈទាំងពីរសុទ្ធតែមានមិនមាននរណាខុសឬត្រឹមត្រូវទេ។ នៅទីបំផុត ភាពជោគជ័យនៃចលនានេះមិនគួរកំណត់ដោយថាតើផលិតផលថៃបាត់ខ្លួនទាំងស្រុងពីប្រទេសកម្ពុជាឬអត់នោះទេ។ វានឹងត្រូវបានវាស់វែងដោយថាតើប្រទេសកម្ពុជាងើបចេញពីវិបត្តិជាមួយនឹងឧស្សាហកម្មកាន់តែរឹងមាំ អាជីវកម្មដែលមានការប្រកួតប្រជែងកាន់តែច្រើន ភាពធន់ផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង និងសេដ្ឋកិច្ចដែលមានភាពចម្រុះជាងមុនឬអត់។ ទាំងនេះទើបជាកក្តាកំណត់ពិតប្រាកដ។
ដូចដែលលោក Friedrich List បានលើកឡើងកាលពីជិតពីរសតវត្សមុនអ៊ីចឹង សមត្ថភាពក្នុងការបង្កើតទ្រព្យសម្បត្តិគឺសំខាន់ជាងទ្រព្យសម្បត្តិដែលខ្លួនឯងទៅទៀត។ ចំពោះប្រទេសកម្ពុជា បញ្ហាប្រឈមមិនមែនគ្រាន់តែជាការសម្រេចចិត្តថាត្រូវទិញអ្វីនោះទេ។ បញ្ហាប្រឈមគឺការកសាងសមត្ថភាពក្នុងការផលិត ច្នៃប្រឌិត និងប្រកួតប្រជែង។ ប្រសិនបើគោលដៅដែលបានរៀបរាប់ខាងលើត្រូវបានសម្រេច មរតកនៃពហិការនេះនឹងមិនមែនគ្រាន់តែជាសារនយោបាយទេ វានឹងក្លាយជាមាគ៌ាដ៏សំខាន់បំផុតរបស់កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តថាជាចំណុចផ្តើមនៃបដិវដ្តន៍សេដ្ឋកិច្ចនៅកម្ពុជា៕






