រដ្ឋមន្រ្តីសុខាភិបាល៖ «មន្រ្តីសុខាភិបាល ត្រូវផ្តោតសំខាន់លើ ៣ចំណុចគឺ ក្រមសីលធម៌វិជ្ជាជីវៈ ការយល់ចិត្ត និងបទបញ្ញាត្តិនៃការធ្វើឱ្យបានត្រូវ»

11-06-2026 20:32

(ភ្នំពេញ)៖ លើកកម្ពស់គុណតម្លៃគ្រូពេទ្យអមដោយក្រមសីលធម៌, មន្ទីរពេទ្យកាល់ម៉ែត បានបើកវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចរបស់វេជ្ជបណ្ឌិត ចំពោះអ្នកជំងឺប្រកបដោយសីលធម៌វិជ្ជាជីវៈ ជាគុណតម្លៃនៃសេវាសុខាភិបាល» ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។

នាឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់នូវ ៣ចំណុចសំខាន់ ដល់មន្រ្តីសុខាភិបាល ត្រូវចងចាំនិងអនុវត្ត ទី១) ក្រមសីលធម៌វិជ្ជាជីវៈ គឺជាបែបបទមួយនៃការរស់នៅមួយដែលល្អ និងក្នុងវិជ្ជាជីវៈ ហើយគោរពសិទ្ធរវាងអ្នកបម្រើសេវា និងអ្នកជំងឺ ២) ការយល់ចិត្ត ត្រូវធ្វើអ្វីៗ ដើម្បីអ្នកជំងឺ យល់ពីអ្នកជំងឺ និង៣)បទបញ្ញាត្តិនៃការធ្វើឱ្យបានត្រូវ សម្រាប់យើងជាអ្នកវិជ្ជាជីវៈ ដែលជាក្រឹតក្រមនៃការប្រតិបត្តិ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវធ្វើអ្វីៗ ដើម្បីអ្នកជំងឺ ជាការបម្រើសេវាដោយក្រមសីលធម៌ ដែលជាការបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើការអនុវត្ត «បដិសណ្ឋារកិច្ចល្អ» ក្នុងគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ស្របតាមគោលការណ៍អាទិភាព «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ពាក្យ "បដិសណ្ឋារកិច្ច" គឺកិច្ចសំដែងនូវការទទួលរាក់ទាក់ ដែលទាមទារឱ្យមានការចាត់ចែងការងារប្រទាក់ក្រឡាគ្នា ចាប់ពីការរៀបចំទីតាំងផ្តល់សេវាឱ្យងាយស្រួល រហូតដល់ឥរិយអាបថ ពាក្យសម្តីរួសរាយ មិនរើសអើង និងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា» ។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការធ្វើឧទ្ទេសនាមដោយ លោក សេង យូអ៊ាវ (អតីតអ្នកប្រឹក្សាយោបល់របស់ក្រុមហ៊ុន Varian) ដោយផ្តោតលើការប្រែរក្លាយផ្នត់គំនិតបុគ្គលិកសុខាភិបាលពី «អ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវា» និងពង្រឹងជំនាញទន់ (Soft Skills) បន្ថែមលើជំនាញបច្ចេកទេសព្យាបាល (Hard Skills) ។

វគ្គបណ្តុះបណ្តាលនេះ មានស្តង់ដារនៃការអនុវត្តសេវាកម្មស្នូលទាំង ១០ចំណុច ត្រូវបានដាក់ចេញដើម្បីឱ្យបុគ្គលិកគ្រប់លំដាប់ថ្នាក់យកទៅអនុវត្ត រួមមាន៖ ការគោរព, ជំនាញក្នុងការស្តាប់, ការយល់ចិត្ត, ការទំនាក់ទំនង, ការគ្រប់គ្រងខ្លួនឯង, ភាពវិជ្ជមាន, ការដោះស្រាយបញ្ហា, មិនលាយឡំរឿងបុគ្គល, ការទទួលខុសត្រូវ និងភាពស្មោះត្រង់។

លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកសុខាភិបាលទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅអនុវត្តក្នុងកិច្ចការប្រចាំថ្ងៃ ដើម្បីលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ «កងទ័ពអាវស» ឱ្យកាន់តែល្បីល្បាញ និងទទួលបានការជឿទុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

សូមជម្រាបផងដែរថា ពិធីនេះដែរមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គ្រប់ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ​ មជ្ឈមណ្ឌលជាតិ​ មន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែក គណៈវិជ្ជាជីវៈទាំង៥ និងបុគ្គលិកសុខាភិបាល ដែលមានវត្តមានផ្ទាល់ ចំនួន ៥០០នាក់ និងប្រព័ន្ធ ZOOM ចាប់ពីប្រធាន អនុប្រធាន និងមន្រ្តីសុខាភិបាល នៃមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យជាតិ ចំនួនជាង ៣ពាន់នាក់៕