អភិបាលរាជធានីភ្នំពេញ បន្តណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកយកចិត្តទុកដាក់លើការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ
11-06-2026 20:27
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនា រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈលោកអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការផ្តល់សេវាសាធារណៈក្នុងភូមិ សាស្រ្តរាជធានីភ្នំពេញ ។
បេីតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះលោក ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្តល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យកាន់សកម្ម និងបានល្អប្រសើរថែមទៀត ព្រមទាំងជំរុញផ្សព្វផ្សាយ អំពីការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស បានបន្តថា លោក ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនារសៀលនេះ គឺមិនមែនជាលើកទី១នោះទេ។ លោកអភិបាលរាជធានី តែងតែក្រើនរំលឹក និងណែនាំជាប់ជាប្រចាំ ធ្វើយ៉ាងណាដើម្បីជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ យកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត៕























