ផ្ទះមនុស្សធម៌ទី៩៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារងាយរងគ្រោះនៅស្រុកស្រីស្នំ

11-06-2026 20:39

(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ប្រាក់ សោភ័ណ គណៈកម្មាធិការសាខា បានអញ្ជើ្ជញក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី៩៨ របស់សាខា កក្រក ខេត្តសៀមរាប ជូនលោកយាយឈ្មោះ ណែម សោម អាយុ ៨០ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយពិការ។

លោកយាយមានពិការភាព ជើងស្ដាំក្រោមក្បាលជង្គង់ និងមានជំងឺប្រចាំកាយផងដែរ សមាជិកគ្រួសារ ២នាក់ ស្រី ២នាក់ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ គាត់រស់នៅជាមួយកូនស្រីរបស់គាត់ឈ្មោះ យង់ មុំ អាយុ ៥២ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានមុខរបរ ដោយសារគាត់មិនអាចចេញទៅធ្វើការ រកស៊ីឈ្នួលបានឆ្ងាយ ព្រោះត្រូវនៅមើលថែម្ដាយ។

ក្នុងឱកាសនោះ លោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយស្របតាមទិសស្លោកថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ជូនថា កន្លងទៅ លោកយាយរស់នៅក្នុងកញ្ចុះតូច (ក្មួយទិញឱ្យ) ជញ្ជាំងបាំងកៅស៊ូ និងដំបូលប្រក់ស្បូវ។ ហើយផ្ទះថ្មីត្រូវបានសាងសង់ ក្រោមការឧបត្ថម្ភរបស់ អ្នកឧកញ៉ា វ៉ាន់ វាសនា និងលោកជំទាវ កែវ ដាលីស ដែលមានទឹកប្រាក់សរុបចំនួន ៣,៨០០ដុល្លារ និងមានទំហំ ៦ គុណ ៦ម៉ែត្រ មានបន្ទប់គេង២ បន្ទប់ទឹក១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ បាតក្រាលការ៉ូ។ ផ្ទះត្រូវបានសាងសង់ក្នុងដីផ្ទាល់ខ្លួនរបស់លោកយាយ ទំហំ ២០ គុណ ៤០ម៉ែត្រ។

អំណោយលោកយាយមាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២គីឡូក្រាម, ឆៃពៅ ២, ប្រេងឆា ២ដប, កន្ទេល២, ឃីត ២កញ្ចប់ (ក្នុងនោះ មុង២, ភួយ២, ខ្នើយ២, សារុង២, ក្រមា២), សម្ភារៈផ្ទះបាយ (ក្នុងនោះ ឆ្នាំង២, ឡាំងទឹកជ័រ ១គូ, ធុងធំ៤៥លីត្រ ១ និងសម្ភារផ្ទះបាយមួយចំនួន) និងថវិកា ១លាន ៤០ម៉ឺនរៀល។

ជាមួយគ្នានេះដែរ ក៏មានការចែកអំណោយមនុស្សធម៌សម្រាប់គ្រួសារងាយរងគ្រោះក្នុងស្រុកស្រីស្នំចំនួន ៥៥គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក្រ, មី ១កេស, ទឹកត្រី ១យួរ, អំបិល ១គ.ក្រ, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៤ម៉ឺនរៀល។ បន្ថែមពីលើនេះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាក៏បានប្រគល់ឈើច្រត់ ១ដើម និងរទេះរុញ ២គ្រឿង សម្រាប់ចាស់ជរា និងជនមានពិការភាពផងដែរ៕