វិភាគអន្តរជាតិ៖ ហេតុអ្វីឥលូវ ចិនពិបាកធ្វើឱ្យកូរ៉េខាងជើងស្ដាប់បង្គាប់?

11-06-2026 20:52

(ប៉េកាំង)៖ អតីតមេដឹកនាំចិន លោក ម៉ៅ សេទុងធ្លាប់បានចាត់ទុកទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងមានភាពស្និទ្ធស្នាលនឹងគ្នាដូចជា «ធ្មេញ និងអណ្ដាត»។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិន ស៊ី ជីនពីងទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានរំឮកឡើងវិញពីចំណងមិត្តភាពរវាងប៉េកាំង និងព្យុងយ៉ាងដែលចងភ្ជាប់គ្នាដោយសារ កត្តាប្រវត្តិសាស្ត្រ និងទីតាំងភូមិសាស្ត្រជាប់របងផ្ទះគ្នា។

ប៉ុន្តែ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញដែរពីរឿងផ្សេងមួយទៀត នោះគឺកូរ៉េខាងជើងឥលូវមិនមែនជាកូរ៉េខាងជើងដែលចិនអាចបង្គាប់បញ្ជាបានតាមចិត្តទៀតនោះទេ។ លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាងក្រោមការទទួលស្វាគមន៍យ៉ាងអធិកអធមជាមួយការបាញ់កាំភ្លើងធំធ្វើគារវកិច្ច ២១គ្រាប់ និងទាហានកូរ៉េខាងជើងស្រែកច្រៀងជូនពរឱ្យមេដឹកនាំចិន មានសុខភាពល្អ។ លោក គីម ជុងអ៊ុន និងភរិយាថែមទាំងបានចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីងដោយផ្ទាល់ដល់ព្រលានយន្ដហោះទៀតផង។ ប៉ុន្តែលើសពីការទទួលស្វាគមន៍ យ៉ាងអធិកអធម មានសំណួរមួយដែលគេបានចោទសួរឡើងថាតើលោក ស៊ី ជីនពីង នៅតែមានឥទ្ធិពលខ្លាំងកម្រិតណាលើលោក គីម ជុងអ៊ុន?

ជាការពិតណាស់ កូរ៉េខាងជើងនៅតែជាដៃគូទន់ខ្សោយមួយរបស់ចិន។ ចិនត្រូវបានរាយការណ៍ថាបានរ៉ាប់រង ៩៥ភាគរយនៃការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងជើង ហើយបើទោះជាមាន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ីក៏ដោយ ក៏ប៉េកាំងនៅតែជាដៃគូខាងការទូតដ៏សំខាន់មិនអាចខ្វះរបស់ទីក្រុងព្យុងយ៉ាង និងជាខែលការពារដ៏សំខាន់មួយប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ តែទោះជាបែបនេះក្ដី បើប្រៀបធៀបទៅនឹងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ២០១៩ ឥលូវលោក គីម ជុងអ៊ុន កំពុងស្ថិតនៅលើគោលជំហរដ៏រឹងមាំ។ លោកមានឃ្លាំងអាវុធនុយក្លេអ៊ែរដែលកាន់តែរីកធំធាត់ មានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៉ី និងមានសេរីភាពច្រើនជាងមុនដើម្បី ទប់ទល់នឹងសម្ពាធពីប៉េកាំងបង្ខំឱ្យព្យុងយ៉ាងត្រឡប់ទៅរកតុចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរជាគោលដៅមួយដែលចិនគាំទ្រជាយូរណាស់មកហើយ នៅក្នុងគោលនយោបាយការបរទេស របស់ខ្លួន។ «លោក គីម ជុងអ៊ុន បច្ចុប្បន្ន មានទំនុកចិត្តលើខ្លួនឯងយ៉ាងពេញលេញ និងមិនចង់ធ្វើខ្លួនជាប្អូនពៅដែលត្រូវធ្វើតាមបង្គាប់បញ្ជារបស់ចិនដែលជាបងធំគ្រប់រឿងទៀតនោះទេ»។ នេះជាការលើកឡើងរបស់លោក Mike Chinoy ជាអ្នកជំនាញម្នាក់ស្ដីពីចិនមកពីសាកលវិទ្យាល័យ UC San Diego’s School of Global Policy and Strategy។

គ្រាន់តែពិចារណាលើការរីកចម្រើនយ៉ាងឆាប់រហ័សនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គេអាចយល់បានខ្លះៗទៅហើយថាតើទំនុកចិត្តលើខ្លួនឯងរបស់លោក គីម មានប្រភពមកពីណា? វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុលបានឱ្យដឹងថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលជា ៦០គ្រាប់ ព្រមទាំងមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់អាចផលិតបានយ៉ាងហោច ៣០គ្រាប់បន្ថែមទៀត។ កាលពីដើមឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បានព្រមានដែរថាទីក្រុងព្យុងយ៉ាងក្នុងពេលបច្ចុប្បន្នមានសម្ភារៈនុយក្លេអ៊ែរកម្រិតផលិត អាវុធគ្រប់គ្រាន់ ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ២០គ្រាប់ក្នុងមួយឆ្នាំ។ នៅក្រោមកម្រិតនេះ ក្នុងរយៈពេល១០ឆ្នាំ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងអាចនឹងវ៉ាដាច់ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់អ៉ីស្រាអែល ប៉ាគីស្ថាន និងចក្រភពអង់គ្លេស។

ក្រុមអ្នកជំនាញបាននិយាយថាការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានក្លាយជាកិច្ចប្រឹងប្រែងមួយដែលមិនអាចទៅរួចទេ ហើយក៏មិនអាចដាក់លើតុចរចាទៀតនោះដែរ។ ជាក់ស្ដែង មួយថ្ងៃមុននឹងលោក ស៊ី ជីនពីងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន លោកស្រី គីម យ៉ូជុង បានប្រកាសពីការប្ដេជ្ញាថាទីក្រុងព្យុងយ៉ាងនឹងបង្កើនសមត្ថភាព កងកម្លាំងនុយក្លេអ៊ែរ ដែលនេះជាសារមួយបញ្ជូនទៅកាន់ប៉េកាំង និងពិភពលោកថាអនាគតឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនអាចដាក់លើតុដើម្បីពិភាក្សានោះទេ។

ហេតុផលមួយទៀតនៅពីក្រោយទំនុកចិត្តរបស់លោក គីម ជុងអ៊ុន នោះគឺរុស្ស៉ី។ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានដំឡើងជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក កាលពីឆ្នាំ២០២៤ ហើយភាពល្អូកល្អិននេះកើតមានឡើងដោយសារតែកូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ កូរ៉េខាងត្បូង បានវាយតម្លៃថាកូរ៉េខាងជើងប្រហែលជាបានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវកងទ័ព រួមទាំងអាវុធគិតទឹកប្រាក់ ១៤ពាន់លានដុល្លារ ហើយជាថ្នូរមកវិញ កូរ៉េខាងជើងត្រូវបានគេជឿថាទទួលបានការគាំទ្រខាង បច្ចេកវិទ្យាអាវុធទំនើបៗពីរុស្ស៉ី ក្នុងនោះរួមមានបច្ចេកវិទ្យាមីស៊ីល ប្រព័ន្ធការពារដែនអាកាស ផ្កាយរណបយោធា និងដ្រូន ខណៈកងទ័ពកូរ៉េខាងជើងកំពុងដកស្រង់បទពិសោធន៍ និងធ្វើតេស្ដ អាវុធជាក់ស្ដែងនៅក្នុងសង្រ្គាមសម័យទំនើប។

តាមក្រុមអ្នកជំនាញ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីរំឮកកូរ៉េខាងជើងពីសារៈសំខាន់របស់ចិន។ ប៉ុន្តែភាពស្និទ្ធស្នាលរបស់លោក គីម ជុងអ៊ុន ជាមួយ ទីក្រុងមូស្គូ ប្រហែលជាបានផ្លាស់ប្ដូររួចទៅហើយនូវយុទ្ធសាស្ត្រ និងការគិតរបស់ចិនថាតើត្រូវធ្វើយ៉ាងណាចំពោះកូរ៉េខាងជើង។ ដើម្បីបន្ទន់ចិត្តកូរ៉េខាងជើង ក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ចិនមិនបានលើកឡើងពីអាវុធនុយក្លេអ៊ែរ ឬក៏រំសាយអាវុធនុយក្លេអ៊ែរនោះទេ ខណៈកន្លងមក ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺជាគោលនយោបាយការបរទេសរបស់ចិនជាយូរមកហើយ។ ការមិនលើកនិយាយពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះអាចសន្មត់បានថាប៉េកាំងពីឥលូវទៅចង់បិទភ្នែកម្ខាង បើកភ្នែកម្ខាង ចំពោះមហិច្ឆតានុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន ជាថ្នូរទៅនឹងការរក្សាឥទ្ធិពលរបស់ចិនលើកូរ៉េខាងជើងដែលកាន់តែពិបាកព្យាករ និងខែងរ៉ែង៕