សម្តេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន

11-06-2026 21:56

(ប៉ៃលិន)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់ វិមានឈ្នះឈ្នះ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្ត ប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានអនុគណៈកម្មការសាងសង់វិមានឈ្នះឈ្នះខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការ ព្រមទាំងក្រុមការងារផងដែរ ។

នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា វិមានឈ្នះឈ្នះនេះ បានសាងសង់ឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំ រំឭក ដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅកាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបមានព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន បញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

សម្តេចប្រធាន បានមានប្រសាសន៍ឱ្យដឹងថា ជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើងពុំធ្លាប់ទទួល បានសន្តិភាពពេញលេញដូចសម័យសព្វថ្ងៃនេះទេ ក្នុងដំណាក់កាលចុងក្រោយ គឺដោយសារបបប្រល័យពូជ សាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩ រហូតដល់១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។

សមិទ្ធផលនយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បង សម្រាប់ជម្រុញ ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយ ជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់វិមានអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិននេះ នឹងសាងសង់ឡើងក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេរមរតកក្នុងសម័យតេជោ សែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីពាយព្យនៃកម្ពុជា ក្នុងនោះសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ព្រមទាំងសហការីទាំងអស់ នៃអនុគណៈកម្មការសាងសង់ វិមានឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមកសាង វិមានឈ្នះ ឈ្នះនេះ ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោងទុក ។

សូមបញ្ជាក់ថាការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូប មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់លោកស្រីបណ្ឌិតបាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញដែលមាន ទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះឈ្នះ៕