អភិបាលខេត្តកែប ជំរុញឱ្យក្រុមហ៊ុន និងភាគីពាក់ព័ន្ធ យកចិត្តទុកដាក់លើសោភ័ណភាព គុណភាពក្នុងដំណើរការ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ
11-06-2026 21:59
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញឱ្យក្រុមហ៊ុនអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់ លើសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព សោភ័ណភាពទីក្រុង និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប។
លោកបណ្ឌិត សោម ពិសិដ្ឋ បានជំរុញដូច្នេះនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្នុងកម្មវិធីបទបង្ហាញស្តីពី ការដំណើរការ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប ក្រោមគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ដោយមានការចូលរួមពីលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល នា នៅសាលប្រជុំសាលាខេត្តកែប។
លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ទៀតថា ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់នៅពេលយប់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ រាល់ការអនុវត្តគម្រោង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវផ្តោតលើគោលការណ៍សំខាន់ ចំនួន៣ គឺ សោភ័ណភាព គុណភាព និងនិរន្តរភាព។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សោភ័ណភាព គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់មុខមាត់ទីក្រុង និងបរិស្ថានឱ្យមានភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ឆ្នេរសមុទ្រ។ ចំពោះគុណភាព ត្រូវធានាការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ រីឯនិរន្តរភាព ត្រូវគិតគូរដល់ការគ្រប់គ្រង និងថែទាំជាប្រចាំ ដើម្បីធានាឱ្យសមិទ្ធផល ដែលបានសាងសង់ឡើងអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជូនសាធារណជនប្រកបដោយប្រសិទ្ធភាព។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប នឹងជួយបង្កើនសុវត្ថិភាព សម្រួលការធ្វើដំណើរ និងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរឡើង។
លោកអនុរដ្ឋលេខាធិការ បន្តថា ក្រសួង ស្ថាប័នគ្រប់គ្រងគម្រោង និងភាគីពាក់ព័ន្ធ នឹងបន្តសហការជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពជំនាញនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។
ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការថែរក្សា និងគ្រប់គ្រងប្រព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវ សោភ័ណភាព គុណភាព និងនិរន្តរភាព ស្របតាមគោលដៅរបស់គម្រោង៕



















