អភិបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ៤ទីតាំង រកពុំឃេីញមានទំនិញប្រភេទសាច់បង្កកនាំចូលពីថៃនោះទេ
11-06-2026 21:57
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) ការិយាល័យគយ និងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ០៤ទីតាំង រួមមានដូចខាងក្រោម៖
១៖ សហគ្រាស ធីអិល អ៊ែរ អិចប្រេស ឯ.ក ស្ថិតនៅដីឡូត៍លេខ៤០៤ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ទំនិញមានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចិន។
២៖ ឃ្លាំងស្តុក និងចែកចាយគ្រឿងឧបភោគ-បរិភោគ លីហ្វ៊ូដ សឺវីស ស្ថិតនៅក្បាលដីលេខ១៨០០ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន១៥ រួមមាន៖ ចិន ហូឡង់ អ៉ីតាលី ម៉ាឡេស៊ី ប្រេស៊ីល ប៉ូឡូញ សហរដ្ឋអាមេរិច ឥណ្ឌា អូស្ត្រាលី ប៊ែលហ្ស៊ិក អាល្លឺម៉ង់ សាយប្រឹស វៀតណាម កូរ៉េខាងត្បូង និងដាណឺម៉ាក ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ។
៣៖ ឃ្លាំងស្តុក និងវេចខ្ចប់សាច់ យីហោ “BETAGRO” ស្ថិតនៅភូមិចុងថ្នល់ខាងកើត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ទំនិញប្រភេទសាច់ មានប្រភពមកពីតាមបណ្ដាខេត្តក្នុងស្រុក។
៤-ឃ្លាំងស្តុក និងចែកចាយសាច់ យីហោ អេច-អេចអិលជេអេហ្វ (ខេមបូឌា) ហ៊្វូដ ឯ.ក ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ទំនិញប្រភេទសាច់ មានប្រភពមកពីតាមបណ្ដាទីតាំងមួយចំនួនក្នុងស្រុក។
ក្រោយពីត្រួតពិនិត្យជាក់ស្ដែងឃើញថា ឃ្លាំងទាំង០៤ខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទេសថៃឡើយ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់រដ្ឋបាលសង្កាត់ ប៉ូលិស អាវុធហត្ថ ដែលមានសមត្ថកិច្ចទាំងអស់ នៃរដ្ឋបាល ខណ្ឌសែនសុខ ត្រូវបន្តចុះត្រួតពិនិត្យទីតាំង ឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់ ក្នុងករណីរកឃើញ ត្រូវសួរនាំឱ្យបានលម្អិតថា អ្នកណាជាអ្នកនាំចូល ? ចូលតាមច្រកណា? ខេត្តណា? មានអាជ្ញាបណ្ណនាំចូលឬទេ? ហើយត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នាជាមួយនឹងការងារចុះប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវ រាថយដាច់ខាត ៕





















