ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយបេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
11-06-2026 22:04
(ម៉ាឡេស៊ី)៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសួរសុខទុក្ខ និងពិភាក្សាការងារជាមួយ លោក Dato’ Haji Ahmad Azam Abdurahman បេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជា ស្នងការនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ី (SUHAKAM) និងជាប្រធានសាកលវិទ្យាល័យ Dar Al-Hikmah នៅឯការិយាល័យរបស់លោក ក្នុងរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនោះ លោកបេសកជនពិសេសម៉ាឡេស៊ី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើការងារអភិវឌ្ឍន៍សហគមន៍ ព្រមទាំងស្វែងរកយន្តការបន្ថែម ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Ahmad Azam ដែលតែងតែបានផ្តួចផ្តើម និងសម្របសម្រួលយ៉ាងសកម្មនូវគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ពិសេសលើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
ជាក់ស្តែង គម្រោងផ្តល់អាហារូបករណ៍របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដល់និស្សិតកម្ពុជាចំនួន១០០នាក់ ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងគម្រោងមនុស្សធម៌ជាច្រើនទៀត ដែលជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យម៉ាឡេស៊ីបន្តជួយគាំទ្រ និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាទាំង១០០នាក់នោះ ដើម្បីឱ្យពួកគេមានឱកាសបានបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រពេញលេញ។
ក្រៅពីវិស័យអប់រំ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីវឌ្ឍនភាព នៃឧស្សាហកម្មហាឡាល (Halal) ដោយបានសង្កត់ធ្ងន់លើសក្តានុពល និងការស្វែងរកឱកាសក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងស្របតាមស្តង់ដារអន្តរជាតិផងដែរ៕




