អភិបាលខេត្តស្ទឹងត្រែង ព្រមានមន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ហាមពាក់ព័ន្ធជាដាច់ខាតនឹងបទល្មើស Online Scams

11-06-2026 22:00

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញវិធានការណែនាំ និងព្រមានជាចំហដល់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជៀសឱ្យឆ្ងាយជាដាច់ខាតពីការជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បន្ទាប់ពីរកឃើញថា ក្រុមឧក្រិដ្ឋជនបាននិងកំពុងផ្លាស់ប្តូរទម្រង់ថ្មី ដោយបំបែកជាក្រុមតូចៗជ្រកកោនក្រោមរូបភាពផ្ទះជួល ផ្ទះសំណាក់ និងសហគ្រាសឯកជន។

ការថ្លែងព្រមាន និងដាស់តឿនចំៗបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពការងារអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាដំបូងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ និងម្ចាស់អាជីវកម្ម សហគ្រាស ជិត ៣០០នាក់។

នៅក្នុងឱកាសនោះ លោក សរ សុពុត្រា បានសង្កត់ធ្ងន់ និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ទៅកាន់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ថា ត្រូវជៀសឱ្យឆ្ងាយពីគ្រប់បទល្មើស និងមិនត្រូវយកតួនាទីទៅកាង ឬបំរើផលប្រយោជន៍ឱ្យក្រុមខុសច្បាប់ឡើយ។ លោកបញ្ជាក់ច្បាស់ៗថា នឹងមិនមានការលើកលែងជាដាច់ខាត ចំពោះមន្ត្រីណាដែលធ្វើខុស យកបទល្មើសមកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ទាក់ទិននឹងល្បិចកលរបស់ក្រុមឧក្រិដ្ឋជន លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា បើទោះបីជាខេត្តស្ទឹងត្រែងជាតំបន់ឆ្លងកាត់ ប៉ុន្តែបច្ចុប្បន្នក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បានផ្លាស់ប្តូរទម្រង់ថ្មី ដោយបំបែកជារូបភាពតូចៗ ជ្រកក្រោមស្លាកផ្ទះស្នាក់នៅ ផ្ទះសំណាក់ ផ្ទះជួល ឬតាមសហគ្រាស និងក្រុមហ៊ុននានា។ កត្តានេះទាមទារឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចុះពិនិត្យ និងស្រង់ស្ថិតិឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយបំផុត។

ទន្ទឹមនឹងនេះលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ក៏បានរួមគ្នាអំពាវនាវដល់នគរបាលយុត្តិធម៌ មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ព្រមទាំងម្ចាស់អាជីវកម្មទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមអនុក្រឹត្យលេខ ០៣ អនក្រ.ប.ក ដើម្បីគ្រប់គ្រងឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ ថ្នាក់ដឹកនាំស្ថាប័នតុលាការទាំងពីររូប ក៏បានដាស់តឿនកុំឱ្យពលរដ្ឋ និងមន្ត្រីធ្លាក់ចូលអន្ទាក់ល្បិចឆបោករបស់ជនខុសច្បាប់មួយក្តាប់តូច ដែលនាំឱ្យប្រឈមមុខនឹងផ្លូវច្បាប់។

ដើម្បីទប់ស្កាត់បទល្មើសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរខេត្តស្ទឹងត្រែង បានដាក់កាតព្វកិច្ចដល់ម្ចាស់ទីតាំងអាជីវកម្ម សហគ្រាស និងសណ្ឋាគារទាំងអស់ ត្រូវតែស្រាវជ្រាវ និងរាយការណ៍ជាបន្ទាន់ អំពីវត្តមានជនបរទេសស្នាក់នៅខុសច្បាប់ ឬសកម្មភាពគួរឱ្យសង្ស័យទាំងឡាយ។

ជាមួយគ្នានោះ ស្ថាប័នឯកជន និងប្រជាពលរដ្ឋទូទៅ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមផ្តល់ព័ត៌មាន ឬរាយការណ៍ជាសម្ងាត់ ជុំវិញទីតាំងសង្ស័យពាក់ព័ន្ធនឹងក្រុម Online Scams ទៅកាន់អាជ្ញាធរ ដើម្បីឈានទៅដល់ការបង្ក្រាបបានទាន់ពេលវេលា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទាំងមូល៕