ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះអប់រំអំពីអនាម័យ និងសួរសុខទុក្ខចាស់គ្មានទីពឹង និងជនមានពិការ ភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង
11-06-2026 22:19
(កោះកុង)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី «អនាម័យជាជំនាញម្តាយ-កុមារ អនាម័យក្នុងផ្ទះ សាលារៀន និងការពារជំងឺរាគ» ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចប្រមាណ ៥០នាក់ ។
យុទ្ធនាការមនុស្សធម៌ និងលើកកម្ពស់សុខភាពសាធារណៈនេះ ត្រូវបានរៀបចំឡើងនៅមណ្ឌលសុខភាព យន្តមីន ជ្រោយស្វាយ ស្ថិតក្នុងភូមិស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងជាលេខាធិការនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង, អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែ អំបិល រួមទាំងមានការចូលរួមពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិពីទីស្នាក់ការកណ្តាល អនុសាខាស្រុក ស្រែអំបិល សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដីផងដែរ។
ជាកិច្ចចាប់ផ្ដើមលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ ដែល លោកតែងតែគិតគូរជានិច្ច និងរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពស្ត្រី និងកុមារ ពិសេសប្រជាជនងាយរងគ្រោះ។ ជាមួយគ្នានេះ លោកស្រីបានបង្ហាញក្តីរីករាយដោយបានជួបសំណេះសំណាល សួរសុខទុក្ខស្ត្រីមានផ្ទៃពោះ និងស្ត្រីមាន កូនតូចនាពេលនេះ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់មាតា អាណាព្យាបាល និងសហគមន៍អំពី «អនាម័យជាជំនាញរបស់ម្តាយ និងកុមារ»។
លោកស្រីបានគូសរំលេចបន្ថែមថា អនាម័យជាជំនាញម្តាយ-កុមារ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាខែលការពារជីវិតដ៏មានឥទ្ធិពល សម្រាប់ទាំងសុខភាពស្ត្រីជាម្តាយ និងកុមារ។ ការអនុវត្តអនាម័យមិនមែនគ្រាន់តែជាការសម្អាតខ្លួនប្រាណប៉ុណ្ណោះទេ ប៉ុន្តែវា ជះឥទ្ធិពលផ្ទាល់ដល់កត្តាជីវសាស្ត្រ សេដ្ឋកិច្ច និងចិត្តសាស្ត្ររបស់ពួកគេ។ វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពកុមារ ព្រោះអាចសង្គ្រោះជីវិតពីជំងឺរាក និងជំងឺពោះវៀន ដែលជាមូលហេតុចម្បងមួយ ដែលបណ្តាលឱ្យកុមារបាត់បង់ជីវិត ឬខ្សោះជាតិទឹកធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត អាចការពារកុមារពីគ្រោះថ្នាក់នៃ «កង្វះអាហារូបត្ថម្ភ» ។
ក្នុងនោះលោកស្រីបានសង្កត់ធ្ងន់លើស្ត្រីដែលជាអ្នកគ្រប់គ្រង និងជាអ្នករៀបចំផ្ទះសម្បែង ក៏ដូចជាអ្នកមើលថែកូនៗផ្ទាល់។ ជំនាញអនាម័យនេះ ផ្តល់ឥទ្ធិពលវិជ្ជមានដល់ស្ត្រីដូចជា កាត់បន្ថយភាព តានតឹង និងបន្ទុកផ្លូវចិត្ត, ចំណេញពេលវេលា និងសេដ្ឋកិច្ច, បង្កើនសមត្ថភាពជាអ្នកដឹកនាំសុខភាពក្នុងគ្រួសារ។ ជាមួយគ្នានោះលោកស្រីផ្តល់អានុសាសន៍បន្ថែមថា អនាម័យមិនមែនជាកិច្ចការផ្ទះដែលគួររំលងនោះទេ ប៉ុន្តែវាជាការវិនិយោគលើធនធានមនុស្ស។ កាលណាម្ដាយម្នាក់មានចំណេះដឹង និងជំនាញអនាម័យត្រឹមត្រូវ គាត់មិន ត្រឹមតែការពារខ្លួនគាត់ពីជំងឺឆ្លងផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែគាត់កំពុងសាងសង់របងការពារជីវិតកូនៗ និងធានាថាជំនាន់ក្រោយនឹងលូតលាស់ឡើងដោយភាពរឹងមាំ ឆ្លាតវៃ និងមានអនាគតភ្លឺស្វាង។
ជាមួយគ្នាលោកស្រី មុំ ចន្ទី នាយិការង នាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអប់រំផ្សព្វផ្សាយអំពី «ប្រវត្តិក្រុមការងារឥស្សរជនឆ្នើថ្នាក់ជាតិ» និងបានធ្វើការណែនាំយ៉ាងលម្អិតអំពី «អនាម័យជាជំនាញម្តាយ-កុមារ៖ អនាម័យក្នុងផ្ទះ សាលារៀន និងការពារជំងឺរាគ និងជំងឺពោះវៀនសម្រាប់កុមារ» តាមរយៈការអនុវត្តតាមវិធាន «រស់នៅស្អាត ៣យ៉ាង» រួមមាន៖ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ការគ្រប់គ្រងអនាម័យក្នុងផ្ទះ និងសាលារៀន ព្រមទាំងវិធីសាស្ត្រការពារកុមារតូចៗពីជំងឺរាក និងជំងឺពោះវៀនផ្សេងៗ ដែលជាក្តីបារម្ភទូទៅនៅ ក្នុងសហគមន៍។
បន្ថែមលើនេះ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង ក៏បានចែក រំលែកចំណេះដឹងគន្លឹះស្តីពីការបែងចែករវាង «ជំងឺឆ្លង និងជំងឺមិនឆ្លង» រួមទាំងវិធីសាស្រ្តការពារខ្លួនពីជំងឺឆ្លង និងការថែរក្សាសុខភាពទូទៅផងដែរ។
ក្រោយបញ្ចប់ការផ្សព្វផ្សាយ ចំណងដៃលើកទឹកចិត្តជាប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន លោកស្រី ម៉ែន នារីសោភ័គ ប្រគល់ជូនលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងជាលេខាធិការនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង, លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុ សាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល និងលោក លី បូរ៉ា ប្រធានមណ្ឌលសុខភាព យន្តមីនជ្រោយ ស្វាយ ដើម្បីជាការលើកទឹកចិត្ត និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដើម្បីជាការរួមចំណែកសម្រាលបន្ទុកក្នុងជីវភាពរស់នៅ និងអាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥២នាក់ ដែលបានចូលរួមក្នុងពិធីនេះ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានផ្តល់អំណោយមនុស្សធម៌ម្នាក់ៗទទួលបាន អង្ករ ១០គីឡូ, មី ១កេស, ត្រីខ ១យួរ, កន្សែងពោះគោ១, សារុង ១, សាប៊ូកក់សក់ ១ដប, អង្ករសុខភាព ៥កញ្ចប់ និងថវិកាមួយចំនួន។
បន្ទាប់ពីបញ្ចប់ពិធីអប់រំផ្សព្វផ្សាយខាងលើ, ក្រុមការងារកាកបាទក្រហមកម្ពុជាពីថ្នាក់កណ្តាល និងសាខា ដែលដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មាន ទីពឹងដែលមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ និងជនមានពិការភាពចំនួន ៣១គ្រួសារ រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកស្រី ម៉ែន នារីសោភ័គ បានសំណេះសំណាល ដោយបានគូសរំលេចថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះក្រុមជនងាយរងគ្រោះដូចជា ចាស់ជរាឥតទី ពឹង ស្ត្រីមានផ្ទៃពោះ និងកុមារ និងតែងតែចូលរួមចំណែកដោះស្រាយសម្រាលការលំបាក និងលើកកម្ពស់ ជីវភាពរស់នៅឱ្យបានប្រសើរឡើង។ ទន្ទឹមនឹងនោះលោកស្រី បានផ្តល់អនុសាសន៍ថា មនុស្សចាស់ត្រូវតែទទួលបាន អាហារទន់ៗ ងាយរំលាយ ដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាល់ស្យូម ព្រមទាំងត្រូវកម្រិតដាច់ខាតនូវ អាហារផ្អែម ប្រៃ និងខ្លាញ់ និងសារអប់រំដ៏មានអត្ថប្រយោជន៍ជាច្រើនទៀត។
ការសំណេះសំណាលខាងលើនេះ ក៏មានការផ្សព្វផ្សាយអំពីសៀវភៅអប់រំសុខភាពមនុស្សចាស់ ។ក្រោយបញ្ចប់ការសំណេះសំណាលរួចមក, ក្រុមការងារកាកបាទក្រហមទាំងថ្នាក់កណ្តាល និងសាខា ខេត្តកោះកុង បានចែកជូនអំណោយមនុស្សធម៌ដល់គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១ កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ២ដប, យឺត (សារុង ក្រមា មុង ភួយ) ១ កញ្ចប់, អង្ករសុខភាព ៥កញ្ចប់ និងថវិកា ២០.០០០រៀល៕







































