អ្នកវិភាគ៖ ការចូលដណ្តើមកាន់កាប់កោះ Kharg របស់អ៊ីរ៉ង់ អាចនឹងបង្កហានិភ័យខ្ពស់ដល់កងទ័ពអាមេរិក (Video inside)

11-06-2026 23:09

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានប្រកាសពីបំណងចង់ចូលដណ្តើមកាន់កាប់កោះ Kharg Island ដែលជាមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានវាយតម្លៃថា ទោះបីជាយោធាអាមេរិកមានសមត្ថភាពអាចវាយដណ្តើមកោះនេះបានយ៉ាងឆាប់រហ័សក្តី ប៉ុន្តែចំណាត់ការនេះអាចនឹងដាក់កងទ័ពអាមេរិកក្នុងគ្រោះថ្នាក់ដ៏ធំ និងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយយូរជាងមុន។

កោះ Kharg Island មានទីតាំងស្ថិតនៅចម្ងាយ ២៦គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ និងប្រមាណ ៤៨៣គីឡូម៉ែត្រពីច្រកសមុទ្រហ័រមូស ដែលជាទីតាំងអំណោយផលសម្រាប់នាវាដឹកប្រេងខ្នាតយក្សចូលចត។ មុនពេលសង្គ្រាមផ្ទុះឡើង កោះនេះបានគ្រប់គ្រងការនាំចេញប្រេងរបស់អ៊ីរ៉ង់រហូតដល់ ៩០ភាគរយ។ ដូច្នេះ ការដណ្តើមយកកោះនេះ នឹងកាត់ផ្តាច់ពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ទាំងស្រុង និងដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងតេហេរ៉ង់។

កាលពីខែមីនា និងខែមេសា កងទ័ពអាមេរិកធ្លាប់បានវាយប្រហារលើគោលដៅយោធានៅលើកោះនេះរួចមកហើយ ខណៈលោក ត្រាំ បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ Fox News ថា «ជម្រើសទីមួយរបស់ខ្ញុំ គឺការចូលកាន់កាប់កោះ Kharg នេះតែម្តង... តែខ្ញុំមិនដឹងថាអាមេរិកមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការធ្វើបែបនេះឬក៏អត់នោះទេ»។ យ៉ាងណាមិញ ក្រុមអ្នកជំនាញបានព្រមានថា ការចូលកាន់កាប់នេះនឹងមិនជួយបញ្ចប់សង្គ្រាមបានលឿននោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងពង្រីកទំហំសង្គ្រាមឱ្យកាន់តែធំ។

ក្រុមអ្នកជំនាញបានពន្យល់ថា ប្រសិនបើកងទ័ពអាមេរិកឈរជើងនៅលើកោះនោះ ពួកគេនឹងងាយរងគ្រោះបំផុតពីការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន ជាពិសេសដ្រូនប្រភេទ FPV (First-Person View) ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងសង្គ្រាមនៅអ៊ុយក្រែន។ អ្វីដែលកាន់តែអាក្រក់នោះគឺ ​​យោធាអ៊ីរ៉ង់អាចនឹងថតវីដេអូនៃសកម្មភាពវាយប្រហារសម្លាប់ទាហានអាមេរិកទាំងនោះ ដើម្បីយកទៅផ្សព្វផ្សាយជាការឃោសនាលើបណ្តាញសង្គមផងដែរ៕