កុមារមានពិការភាព រស់នៅសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

12-06-2026 09:11

(សៀមរាប)៖ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ម្ម្បទា ខេត្តសៀមរាប សាខាមូលនិធិជនពិការខេត្ត មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្ត និងអ.ក.ន.ក បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខកុមារមានពិការភាពអវយវៈក្រោម១រូប ឈ្មោះ ទូច សុភក្ដ្រា ភេទប្រុស រស់នៅសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅជាមួយជីដូន។

ជាមួយគ្នានេះដែរ ក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនគ្រួសារជនមានពិការភាពរូបនេះ ដោយកញ្ចប់អំណោយរួមមាន៖ រទេះរុញ១គ្រឿង អង្ករ៦០គីឡូ មី១កេស ត្រីខ៣យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ប្រេងឆា៣ដប សាប៊ូដុសខ្លូន៣ដុំ សាប៊ូកក់សក់៣ដប សាប៊ូបោកខោអាវ៣កញ្ចប់ ថ្នាំដុសធ្មេញ៣ដប និងម្សៅស៊ុប៣កញ្ចប់។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានធ្វើការសម្ភាសន៍ ដើម្បីផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនគ្រួសារគាត់ ឱ្យទទួលបានអត្ថប្រយោជន៍នានា។

ក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ពិសេសបងប្អូនជនមានពិការភាពដែលជួបការលំបាកនានា និងបានអំពាវនាវដល់ជនមានពិការភាពគ្រប់ៗរូបឱ្យទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយមិនបង់ថ្លៃ។

ក្រុមការងារ និងគ.ក.ន.ក. នឹងបន្តតាមដានស្ថានភាពគ្រួសារនេះទៅតាមនីតិវិធី ដើម្បីធានាថាពួកគេទទួលបានសេវាសង្គមកិច្ចសមស្រប៕