សមាគមទេសចរណ៍កម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ ៣០ឆ្នាំ, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមធ្វើជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរណ៍
12-06-2026 09:45
(ភ្នំពេញ)៖ សមាគមទេសចរណ៍កម្ពុជា (CATA) នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្ធខួបអនុស្សាវរីយ៍ ៣០ឆ្នាំ «មរតក និងស្នាដៃ ដែលកំពុងបន្តឆ្ពោះទៅមុខ» ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីបណ្តាក្រសួងស្ថាប័ននានា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើននាក់ទៀត នៅសណ្ឋាគារ SHANGRI-LA Phnom Penh ។
លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងថា ចាប់តាំងពីកកើតនៅឆ្នាំ១៩៩៦ រហូតមកដល់ខួប៣០ឆ្នាំនេះ សមាគមទេសចរណ៍កម្ពុជា បានក្លាយជាស្ថាប័នដ៏រឹងមាំមួយ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។
លោកស្រីបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកៀរគរភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ចូលរួមអភិវឌ្ឍន៍វិស័យទេសចរឱ្យកាន់តែសម្បូរបែប ចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងធ្វើបដិវត្តកម្មប្រព័ន្ធឌីជីថលក្នុងវិស័យទេសចរណ៍។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់ លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន, ក្រុមប្រឹក្សាភិបាលសមាគម, ព្រមទាំងប្រតិបត្តិករទេសចរណ៍សមាជិកនីមួយៗរបស់សមាគម ដោយលោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ សមាគម CATA បានឈរជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងស្មោះត្រង់ជាមួយក្រសួងទេសចរណ៍ដោយបានរួមដំណើរជាមួយគ្នា នៅគ្រប់កាលៈទេសៈ ទាំងក្នុងពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន និងក្នុងគ្រាដែលវិស័យទេសចរណ៍ ជួបប្រទះការលំបាក។
លោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា ជាក់ស្តែង ស្មារតីសហការ ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់សមាគម CATA ត្រូវបានបង្ហាញតាមរយៈការអនុវត្តសកម្មភាពរួមគ្នាជាច្រើនរាប់មិនអស់ ជាមួយក្រសួងទេសចរណ៍ និងគ្រប់តួអង្គភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមិទ្ធផល និងស្នាដៃធំៗសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទ្រទ្រង់ ពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
តាមរយៈកិច្ចសហការនាពេលកន្លងមក និងនាពេលអនាគត លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា មហាគ្រួសារវិស័យទេសចរណ៍ ពិតជាអាចរួមគ្នាឆ្លងកាត់គ្រាដ៏លំបាក និងបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ក្រោមដំបូលរាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សំដៅធ្វើយ៉ាងណាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍ ក្លាយជាក្បាលម៉ាស៊ីនរុញដោល កំណើនវិស័យសេដ្ឋកិច្ច-សង្គមដទៃទៀត។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឯកជន ពិសេសសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ ខណៈលោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមធ្វើជា «ទូតសុច្ឆន្ទៈ» ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងសមាជិក CATA គ្រប់ជំនាន់ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសមាគមមួយនេះ ទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ជុំវិញភាពជាដៃគូនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា «រាល់សមិទ្ធផលទាំងអស់ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជាកម្លាំងចលករជំរុញការរីកចម្រើននៃវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជា 'មាសបៃតង' និងជាការនាំចេញនៅនឹងកន្លែង ដែលរួមចំណែកបង្កើតការងារ បង្កើនចំណូល និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថានរបស់យើង»។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលគំនិតនៃការប្រើប្រាស់ «អំណាចទន់» (Soft Power) ដោយបានចាត់ទុកប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺជាទូតសុច្ឆន្ទៈ និងជាតំណាងអត្តសញ្ញាណជាតិ។ លោកបានលើកទឹកចិត្តឱ្យមានការចូលរួមពង្រីកអំណាចទន់នេះ តាមរយៈការផ្សព្វផ្សាយពីលក្ខណៈពិសេស និងភាពល្អផូរផង់នៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីបង្កើនភាពទាក់ទាញទាំងភ្ញៀវទេសចរ និងការវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តជំរុញការប្រើប្រាស់សក្តានុពលទេសចរណ៍ឱ្យបានពេញលេញ ពិសេសត្រូវត្រៀមខ្លួនផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត ដើម្បីស្វាគមន៍គណៈប្រតិភូមកពីជាង ៩០ ប្រទេស ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ខាងមុខនេះ ដែលនេះជាឱកាសមាសក្នុងការបង្ហាញកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក៕































