មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចលំហទន្លេសាប ក្នុងខេត្តកំពង់ធំ
12-06-2026 10:39
(កំពង់ធំ)៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចលំហទន្លេសាប មុខព្រែកជើងលោង និងព្រែកទាល់ ក្នុងខេត្តកំពង់ធំ។
ក្នុងដំណើរបេសកកម្មនោះ ការចូលរួមពី លោក ប៉ី វិចិត្រ នាយរងអធិការខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ កម្លាំងទីបញ្ជាការស្រាលប្រចាំផាត់សណ្តាយ និងកម្លាំងយោធាអន្តរាគមន៍ពិសេស(ភូមិភាគ៤) សរុបចំនួន ២៨នាក់ ដោយប្រើមធ្យោបាយកាណូតចំនួន៩គ្រឿង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។
ក្នុងប្រតិបត្តិការបង្ក្រាប ជាលទ្ធផលបាន២ករណី៖ ទី១.បានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ទ្បុកចំនួន២០គ្រឿង លប/លូចំនួន២០មាត់បង្គោលចំរឹងចំនួន១០០០ដើម ករណីទី២. កាប់បំផ្លាញចោលឧបករណ៍លបប្រើស១០០ឬលបកន្ទុយកណ្ដុរ២៥លប។
មុននឹងបញ្ចប់បេសកកម្ម លោក ប៉ែន ផល្លីកា បានសម្តែងការថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារចម្រុះរបស់យើង ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែង ទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលតែងតែចុះល្បាតជាប្រចាំផងដែរ៕










