កម្ពុជា-ចិន បន្តបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

12-06-2026 11:37

(ភ្នំពេញ)៖ ភាគីកម្ពុជា-ចិន បានបញ្ជាក់បន្ថែមពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដោយនឹងបន្តបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាង រលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ដើម្បីសម្តែងការគួរសម និងជម្រាបលា និងស្វាគមន៍លោក Xue Dong ដែលទើបត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាថ្មី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនោះ ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្ម លើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមិទ្ធផលក្នុងការចូលរួមកសាងមន្ទីរពិសោធន៍ជាតិសិត្បូ ដែលបម្រើឱ្យផលប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះដែរ លោក Xue Dong បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម ការជំរុញការវិនិយោគលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត និងផ្តល់ផលចំណេញសម្រាប់ប្រជាជាតិទាំងពីរ៕