មហាឧបាសក អៀង សុធារ៉ា បញ្ជ្រាបចំណេះដឹងភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាលតាមបែបព្រះពុទ្ធសាសនា ដល់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ (Video inside)
12-06-2026 11:41
(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារ៉ាវី និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញធ្វើជាគ្រូបង្គោល ក្នុងកម្មវិធីបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៧ ម៉ូឌុលទី១ ស្តីពី ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំល្អ និងការអភិវឌ្ឍន៍ខ្លួន» ស្ថិតនៅរមណីយដ្ឋានភូមិសុខារាវី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះ មហាឧបាសក អៀង សុធារ៉ា បានថ្លែងថា គោលបំណងសិក្ខាសាលានេះ ដើម្បីស្វែងយល់ជាក់ស្តែង ពីភាពអ្នកដឹកនាំក្នុងការផ្លាស់ប្តូរ ការបង្កើតថ្មី ភាពជាគំរូល្អ ក្នុងសង្គម និងការសិក្សាបន្ថែមឲ្យកាន់តែច្បាស់ដើម្បីក្លាយជាអ្នកដឹកនាំបែបព្រះពុទ្ធសាសនា។ ជាមួយគ្នានេះបានស្វែងយល់ពីគុណតម្លៃ និង គម្រោងផែនការរយៈពេលវែង នៃការអភិវឌ្ឍភូមិខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ សុខមាលភាព សង្គមសេដ្ឋកិច្ច បរិស្ថាន ជាគំរូល្អសម្រាប់ អ្នកជំនាន់ក្រោយ និងការផ្លាស់ប្តូរជាវិជ្ជមានផ្តើមចេញពីការ យល់ដឹងនិងភាពវ័យឆ្លាតរបស់បុគ្គល ការធ្វើការជាក្រុម និង មានប្រព័ន្ធដឹកនាំនិងគ្រប់គ្រងដើម្បីថែរក្សានិង ធ្វើឱ្យអង្គភាពកាន់តែរីកចម្រើន។
លោកគ្រូមហាឧបាសក អៀង សុធារ៉ា បានបន្តថា សិក្ខាកាមជាទូទៅរៀនទ្រឹស្តីអំពី Leadership ឬភាពជាអ្នកដឹកនាំ ភាគច្រើនគឺរៀនតាមបស្ចឹមប្រទេស រៀនតាមទឹ្រស្តីពីលោកខាងលិច ហើយក៏ទទួលបាននូវចំណេះដឹងមួយ ចំណែកដែរ ដើម្បីដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ និងដឹកនាំ ស្ថាប័ន ជាស្ថាប័នសុខាភិបាល រួមទាំងមន្ទីរ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពជាដើម។
លោកមហាឧបាសកបានគូសបញ្ជាក់ថា រៀនអំពីការយល់ដឹងនិងអនុវត្តនូវពាក្យ ៣ម៉ាត់គឺ សុជីវធម៌ សីលធម៌ និងគុណធម៌។ ទី២. គឺរៀនអំពីនាយកធម៌។ នាយកធម៌ គឺជាធម៌សម្រាប់ធ្វើនាយកគេ ដូចជានាយកមន្ទីរពេទ្យ នាយកសាលាជាដើម។ ទី៣. រៀនអំពីពាក្យថាវេជ្ជបណ្ឌិត ដោយញែកពាក្យ វេជ្ជមួយម៉ាត់ និងពាក្យបណ្ឌិតមួយម៉ាត់ផ្សេង។ ហើយពាក្យថាបណ្ឌិតនេះ មានលក្ខខណ្ឌ ១០ ដើម្បីឲ្យក្លាយទៅជាបណ្ឌិតតាមបែបព្រះពុទ្ធសាសនា ដែលហៅថាសុចរិត ១០យ៉ាង គឺមាន កាយកម្ម ៣ វចីកម្ម ៤ និងមនោកម្ម ៣។
ហើយចុងក្រោយ គឺមានសៀវភៅស្តីអំពីរឿងគ្រូពេទ្យក្នុងសម័យពុទ្ធកាល។ ជាចំណេះវិជ្ជាបន្ថែមទៅលើភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាលតាមបែបព្រះពុទ្ធសាសនា។ ក្នុងនោះមានតាំងពីនាយកធម៌ទាំង ៦ ដែលមានចែងក្នុងព្រះពុទ្ធសាសនាផង ហើយនឹងមានរឿងពាក់ព័ន្ធនឹងអ្នកដែលចេះវិជ្ជាពេទ្យក្នុងសម័យព្រះពុទ្ធអង្គ តាំងពីជាង ២០០០ឆ្នាំមុន ហើយក៏មានរឿងក្នុងជាតក ទាក់ទងនឹងវិស័យវេជ្ជសាស្ត្រនឹងដែរ ហើយនឹងនាំយករឿងទាំងពីរនេះ សម្រាប់ឲ្យសិក្ខាកាមធ្វើការពិភាក្សា ដើម្បីឲ្យគាត់ទទួលបានចំណេះដឹងភាពជាអ្នកដឹកនាំតាមបែបព្រះពុទ្ធសាសនា បន្ថែមលើអី្វដែលគាត់មានកន្លងមក។
លោកបានបន្តថា ពិតជាមានសារៈសំខាន់ណាស់ប្រធានបទខាងលើនេះពីព្រោះថា បច្ចុប្បន្ននេះ គឺឲ្យតម្លៃលើសម្ភារៈ គឺ សម្ភារៈនិយម ឲ្យតម្លៃទៅលើចំណេះវិជ្ជាដែលជាបច្ចេកទេស ឧទាហរណ៍ថា វិស្វករ ស្ថាបយ្យករ ពេទ្យ ហើយនឹងវិជ្ជាដទៃទៀតដែលជាវិជ្ជាសម្រាប់រកលុយចិញ្ចឹមជីវិត។ ក៏ប៉ុន្តែការចែករំលែកនូវប្រធានបទខាងលើនោះ គឺមានសារៈសំខាន់ដែលធ្វើឲ្យមនុស្សម្នាក់ៗ ស្ថាប័ននីមួយៗ យកទៅអនុវត្តគឺទទួលបាននូវចំណេះដឹង ដែលភាគច្រើនគេហៅថា Soft Skill ហើយនេះមិនមែនជា Soft Skill តូចតាចទេ ជា Soft Skill មួយដ៏ធំធេង ដែលជាមូលដ្ឋាននៃផ្លូវចិត្ត ទោះបីថាការស្វែងរកសម្ភារៈត្រឹមត្រូវហើយ តែក៏ត្រូវមានការអប់រំផ្លូវចិត្តឲ្យបានរឹងមាំផងដែរ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៧ ម៉ូឌុលទី ១ ស្តីពី ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំល្អ៖ ការអភិវឌ្ឍន៍ខ្លួន» បានចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រៀននៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
គោលដៅនៃការបណ្តុះបណ្តាលម៉ូឌុលទី១ ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ សិក្ខាកាមអាចនឹងទទួលបានចំណេះដឹងរួមមាន៖
*ទី១. យល់ច្បាស់ពីអ្វីជាភាពជាអ្នកដឹកនាំ និង កំណត់បាននូវភាពខុសគ្នារវាងការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ
*ទី២. វិវត្តខ្លួនក្លាយជាអ្នកដឹកនាំជាគំរូមួយរូប
*ទី៣. រួមបញ្ចូលនូវលក្ខណៈសម្បត្តិនិងជំនាញចាំបាច់ក្នុងនាមខ្លួនជាអ្នកដឹកនាំគ្រឹះស្ថានផ្តល់សេវាសុខភាពប្រកបដោយ ការទទួលខុសត្រូវមួយរូប
*ទី៤. កំណត់បាននូវតម្រូវការចាំបាច់លក្ខណៈបុគ្គល តម្រូវការរបស់បុគ្គលិកនៅក្នុងអង្គភាព
*ទី៥. កំណត់បាននូវភាពជាអ្នកដឹកនាំថ្មីៗដែលកាន់តែធ្វើឱ្យអង្គភាពរីកចម្រើនប្រសើរឡើង និង សកម្មភាពឆ្លើយតប៕






















