កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យ២ទីតាំង បានរកឃើញជនបរទេស៩៤នាក់ និងសម្ភារសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scams
12-06-2026 13:44
(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពី កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត, តំណាងរដ្ឋបាលក្រុងប៉ោយប៉ែត តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន២ទីតាំង ដោយបានរកឃើញមនុស្សស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន៩៤នាក់ និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក អ៊ី សុខឃី, ឧត្តមសេនីយ៍ឯក មួង សុធា, ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ, ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កម្លាំងបានចុះត្រួតពិនិត្យតាមទីតាំងមួយចំនួនរួមមាន៖
*ទីតាំងទី១៖ នៅចំណុចអគារមួយកន្លែង កម្ពស់៧ជាន់ ៣០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី ២០នាក់ (ស្រី២នាក់)។ ក្រុមការងារជំនាញរកមិនឃើញមានបទល្មើស បានប្រគល់ជូនអន្តោរប្ររវេសន៍ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវីធីបន្ត។
*ទីតាំងទី២៖ នៅចំណុចអគារមួយកន្លែង កម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង មានការស្នាក់នៅប្រមូលផ្តុំនិងកំពុងធ្វើសកម្មភាពជាក់ស្តែងចំនួន៧៤នាក់ (ស្រី១៦នាក់) និងរកឃើញសម្ភារវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យចំនួន៩៤នាក់ (ស្រី១៦នាក់) សមត្ថកិច្ចជំនាញកំពុងសាកសួរ និងស្រាវជ្រាវបន្ត៕






































































































